​ឃ្លាំងស្តុកទំនិញគ្មានផ្លាកយីហោក្នុងខណ្ឌពោធិ៍សែនជ័យ៖ តើមានអ្វីអាថ៌កំបាំងនៅពីក្រោយភាពកោងកាចរបស់អ្នកគ្រប់គ្រងឃ្លាំង?


រាជធានីភ្នំពេញ៖ សកម្មភាពឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក និងបង្កឱ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជន។ ឃ្លាំងនេះមិនត្រឹមតែមានទំហំធំស្កឹមស្កៃប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ «ភាពអាថ៌កំបាំង» ដោយមិនមានការដាក់ផ្លាកយីហោ ឬស្លាកសញ្ញាអាជីវកម្មណាមួយ ដើម្បីបញ្ជាក់អត្តសញ្ញាណឱ្យបានត្រឹមត្រូវតាមច្បាប់នោះឡើយ។
​ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍ថា ឃ្លាំងនេះជាទីតាំងស្តុក និងចែកចាយទំនិញចម្រុះជាច្រើនប្រភេទ រួមមាន៖ ភេសជ្ជៈផលិតផលថៃ (ដូចជាគោជល់ និងខារ៉ាបាវ) ព្រមទាំងទំនិញជាច្រើនមុខទៀតដែលនាំចូលពីប្រទេសជិតខាង រួមមានទំនិញពីចិន និងវៀតណាម ដោយដាក់លាយឡំគ្នា។ កង្វះតម្លាភាពក្នុងការបិទបាំងសកម្មភាពអាជីវកម្ម បានធ្វើឱ្យសាធារណជនដាក់ការសង្ស័យថា តើទីតាំងនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ?
​អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីសាកសួររកការបំភ្លឺប្រកបដោយវិជ្ជាជីវៈ។ ភ្លាមៗនោះ អ្នកគ្រប់គ្រងឃ្លាំងបានបង្ហាញកាយវិការមិនសហការយ៉ាងខ្លាំង ដោយបានថ្លែងសម្តីបដិសេធ និងចោទសួរមកកាន់ក្រុមការងារយើងវិញថា៖ «លោកគឺជាអ្នកណា? មូលហេតុអីមកសួរ? បើអ្នកមកសួរកន្លែងទីតាំងរបស់គាត់នោះ ស៊ី មានតែសមត្ថកិច្ចឬក៏គយទេទើបអាចសាកសួរបាន។ លោកគ្មានសិទ្ធិអីមកសួរកន្លែងឃ្លាំងរបស់ខ្ញុំទេ»។
​ជាសំណួរដល់មហាជន និងស្ថាប័នពាក់ព័ន្ធ៖ តើការបិទបាំងផ្លាកយីហោ និងការបដិសេធមិនឱ្យអ្នកសារព័ត៌មានសាកសួរ រហូតដល់ប្រើពាក្យសម្តីកោងកាចបែបនេះ ជាសញ្ញានៃការលាក់បាំងអ្វីមួយឬយ៉ាងណា?
​ក្នុងនាមជាអង្គភាពសារព័ត៌មានដែលគោរពច្បាប់ និងចូលរួមចំណែកការពារផលប្រយោជន៍ជាតិ យើងសូមគោរពស្នើសុំយ៉ាងទទូចដល់៖
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោក សក់ កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
​សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងឃ្លាំងខាងលើជាបន្ទាន់ ដើម្បីផ្ដល់ការបំភ្លឺដល់មហាជន។ ការចុះត្រួតពិនិត្យនេះ មិនមែនជាការមាក់ងាយនោះទេ ប៉ុន្តែវាគឺជាការអនុវត្តច្បាប់ ដើម្បីធានាឱ្យបានថាគ្រប់អាជីវកម្មទាំងអស់ត្រូវប្រព្រឹត្តទៅដោយតម្លាភាព បង់ពន្ធជូនរដ្ឋត្រឹមត្រូវ និងមិនបង្កហានិភ័យដល់សុខភាពសាធារណៈ។

ព័ត៌មានដែលជាប់ទាក់ទង