បង្គោលភ្លើង ឬបង្គោលក្នុងផ្ទះ? សំណួរដែលសង្គមចង់ដឹងពីអាជ្ញាធរខណ្ឌដង្កោ! តើដល់ពេលដែលមន្ត្រីជំនាញត្រូវចុះពិនិត្យមើលសកម្មភាពសាងសង់រំលោភដីរដ្ឋនៅផ្លូវ ៥០ ម៉ែត្រ (សង្កាត់ព្រៃស) ហើយឬនៅ? តាមរយៈការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារយើង

នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នេះ យើងបានប្រទះឃើញភាពមិនប្រក្រតីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ៖ សំណង់អាជីវកម្មមួយចំនួនបានសាងសង់លយរំលោភចូលដីចំណីផ្លូវសាធារណៈយ៉ាងគឃ្លើន ដោយសំណង់ខ្លះហ៊ុមព័ទ្ធបង្គោលភ្លើងចូលមកក្នុងផ្ទះរហូតដល់ ៥ ទៅ ៦ ម៉ែត្រឯណោះ!
សំណួរដែលប្រជាពលរដ្ឋកំពុងចោទសួរគឺ៖
១. តើការសាងសង់រំលោភលើទ្រព្យសម្បត្តិសាធារណៈយ៉ាងចំហបែបនេះ អាជ្ញាធរមូលដ្ឋានមើលមិនឃើញ ឬ “ធ្វើជាមិនឃើញ”?
២. តើការហ៊ុមព័ទ្ធបង្គោលភ្លើង និងត្រង់ស្វ័រទុកជាសម្បត្តិផ្ទាល់ខ្លួនបែបនេះ មិនមែនជាការបង្កហានិភ័យដល់អាយុជីវិតអ្នកដំណើរ និងប្រជាពលរដ្ឋទេឬ?
យើងមិនមែនចង់រារាំងការអភិវឌ្ឍន៍ ឬការរកស៊ីនោះទេ ប៉ុន្តែច្បាប់គឺច្បាប់! ការបិទភ្នែកចំពោះភាពអយុត្តិធម៌ និងការរំលោភយកដីរដ្ឋបែបនេះ គឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់សង្គម។
យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ លោកជំទាវ អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការចុះពិនិត្យ និងរុះរើសំណង់ដែលរំលោភច្បាប់ទាំងនេះជាបន្ទាន់ ដើម្បីការពារប្រយោជន៍រួម និងសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ។
កុំទុកឱ្យអ្នកមានលុយម្នាក់ៗ ដើរលើច្បាប់បានយ៉ាងសេរីបែបនេះ!
