សកម្មភាពឈូសឆាយ និងហ៊ុមព័ទ្ធដីចំណីឆ្នេរសមុទ្រខុសច្បាប់ក្នុងឃុំជ្រោយស្វាយ

ខេត្តកោះកុង៖សកម្មភាពឈូសឆាយកាយដី និងហ៊ុមព័ទ្ធរបងរំលោភយកដីចំណីឆ្នេរសមុទ្រ និងឆ្នេរនេសាទសាធារណៈយ៉ាងគឃ្លើន នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង គឺជារឿងដែលមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មាន «ខ្នងបង្អែក» ជាអ្នកមានអំណាច មានបុណ្យស័ក ឬមានលុយមហាសាលនៅពីក្រោយ។ ប្រជាពលរដ្ឋក្នុងតំបន់បានសម្តែងការហួសចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ដែលសកម្មភាពរំលោភដីរដ្ឋយ៉ាងជាក់ស្ដែងបែបនេះ កំពុងប្រែក្លាយឆ្នេរខ្សាច់ និងព្រៃកោងកាង ដែលជាសម្បត្តិធម្មជាតិរួម ទៅជាកម្មសិទ្ធិឯកជនរបស់អ្នកមានអំណាចមួយក្តាប់តូច។
យោងតាមរូបភាពដែលថតបានពីទីតាំងជាក់ស្តែង បង្ហាញឱ្យឃើញពីទង្វើមិនគោរពច្បាប់ដ៏កំរោល តាមរយៈការកាយដី ឈូសឆាយបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងហ៊ុមព័ទ្ធរបងយ៉ាងរឹងមាំ។ សកម្មភាពនេះ មិនមែនជាការរំលោភបំពានពីសំណាក់អ្នកតូចតាចនោះទេ ប៉ុន្តែវាគឺជាសញ្ញានៃការប្រើប្រាស់ឥទ្ធិពល និងអំណាចលុយ ដើម្បីបំពានលើច្បាប់រដ្ឋ និងផលប្រយោជន៍សាធារណៈយ៉ាងពេញទំហឹង។
មូលដ្ឋានគតិយុត្ត៖
យោងតាម អនុក្រឹត្យលេខ ១១៥ អនក្រ.បក ស្តីពីការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា
* មាត្រា ៤៖ តំបន់ឆ្នេរគឺជាទ្រព្យសម្បត្តិសាធារណៈដែលត្រូវការពារដាច់ខាត។
* មាត្រា ៨ និង ១១៖ បានហាមឃាត់ដាច់ខាតរាល់ការសាងសង់ ឬហ៊ុមព័ទ្ធយកដីចំណីឆ្នេរធ្វើជាកម្មសិទ្ធិឯកជន។ ទង្វើនេះគឺជាបទល្មើសដែលត្រូវតែទទួលទោសតាមច្បាប់។
គួរឱ្យកត់សម្គាល់ថា រហូតមកដល់ពេលនេះ ក្រុមការងារអង្គភាពយើងខ្ញុំបានព្យាយាមទំនាក់ទំនងដើម្បីសុំការបំភ្លឺជាច្រើនលើកច្រើនសា តាមរយៈប្រព័ន្ធតេឡេក្រាម៖
* ចំពោះ លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល៖ ក្រុមការងារយើងបានទំនាក់ទំនងទៅលោកអស់រយៈពេល ២ ថ្ងៃមកហើយ ប៉ុន្តែលោកមិនទាន់បានចូលមើលឡើយ។ នេះឆ្លុះបញ្ចាំងពីភាពស្ងៀមស្ងាត់ដែលគួរឱ្យសង្ស័យចំពោះមុខបញ្ហានេះ។
* ចំពោះ អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង៖ ទោះបីជាលោកបានចូលមើលសាររបស់យើងរួចហើយក្តី ក៏នៅតែបន្តរក្សាភាពស្ងៀមស្ងាត់មិនមានការឆ្លើយតបណាមួយត្រឡប់មកវិញ។
ភាពស្ងៀមស្ងាត់របស់អាជ្ញាធរដែលពាក់ព័ន្ធ គឺជាសញ្ញាណដ៏គួរឱ្យព្រួយបារម្ភមួយដែលនាំឱ្យមហាជនដាក់ការសង្ស័យថា តើនេះគឺជាការ “បិទភ្នែក” ឬជាការ “បើកដៃ” ឱ្យអ្នកមានអំណាចរំលោភយកដីសមុទ្រដោយគ្មានខ្លាចញញើតនឹងច្បាប់?
អាស្រ័យហេតុនេះ យើងសូមអំពាវនាវដល់ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិ សូមមេត្តាចុះត្រួតពិនិត្យ និងចាត់វិធានការដកហូតដីចំណីឆ្នេរនេះមកជាសម្បត្តិរដ្ឋវិញជាបន្ទាន់។ កុំទុកឱ្យអំណាចលុយ និងឥទ្ធិពលបុគ្គលមកបិទបាំងការពិត និងបំផ្លាញទ្រព្យសម្បត្តិជាតិដែលកូនចៅជំនាន់ក្រោយត្រូវប្រើប្រាស់រួម។
*ការផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងន័យស្ថាបនា គ្មានចេតនាញុះញង់ទៅលើស្ថាប័ន ឬអង្គភាពពាក់ព័ន្ធណាមួយឡើយ អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយដោយ បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ  គ្រប់ម៉ោង ធ្វើការតាមរបបសារព័ត៌មាន និងគ្រប់ពេលវេលា ម៉ោងធ្វើការ។ សូមអរគុណ!

ព័ត៌មានដែលជាប់ទាក់ទង