គួរឱ្យព្រួយបារម្ភ! សកម្មភាពវាយបំផ្លាញដីភ្នំ និងដីព្រៃភ្នំនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ កំពុងកើតមានទាំងថ្ងៃទាំងយប់ដោយគ្មានការហាមឃាត់

ខេត្តកោះកុង៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋានបានបង្ហាញរូបភាព និងនាំគ្នារអ៊ូរទាំពីភាពអសកម្មរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដោយបណ្តោយឱ្យមានសកម្មភាពគ្រឿងចក្រ និងក្រុមជនខិលខូចធ្វើសកម្មភាពវាយដី កាប់បំផ្លាញដីភ្នំ និងដីព្រៃភ្នំយ៉ាងគឃ្លើន នៅត្រង់ចំណុច ភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
យោងតាមប្រភពពីប្រជាពលរដ្ឋបានទម្លាយឱ្យដឹងថា ក្រុមគ្រឿងចក្របានចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំចាប់ពីម៉ោង ៨, ៩, ១០ រហូតដល់ម៉ោង ១១ យប់ ហាក់មិនខ្លាចរអាករឿងផ្លូវច្បាប់អ្វីបន្តិចឡើយ ដោយគ្មានអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ចុះមកហាមឃាត់ ឬត្រួតពិនិត្យឡើយ ដែលធ្វើឱ្យសាធារណជនមានការងឿងឆ្ងល់ថា តើសកម្មភាពទាំងនេះមានច្បាប់អនុញ្ញាតពីស្ថាប័នណា ឬមួយក៏មានការឃុបឃិតពីអ្នកមានអំណាចនៅពីក្រោយខ្នង?
ទាក់ទងនឹងសកម្មភាពរុករាន ទន្ទ្រានដីព្រៃ និងដីភ្នំដោយខុសច្បាប់នេះ យោងតាម ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និង ច្បាប់ព្រៃឈើ ព្រមទាំងបទបញ្ញត្តិជាធរមានរបស់រាជរដ្ឋាភិបាល បានចែងយ៉ាងច្បាស់ថា៖
- បទល្មើសទន្ទ្រានដីរដ្ឋ៖ រាល់សកម្មភាពកាប់គាស់ រុករាន ឆ្ការ ដុត ឬឈូសឆាយដីព្រៃ ព្រមទាំងការសាងសង់ ឬកាន់កាប់ដីព្រៃភ្នំ និងដីរដ្ឋដោយគ្មានការអនុញ្ញាត គឺជាបទល្មើសព្រហ្មទណ្ឌធនធានធម្មជាតិ។
- ទោសទណ្ឌ៖ ជនណាដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ ដីព្រៃ ឬភ្នំក្នុងដែនសមត្ថកិច្ចការពារ ត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ចូលថវិការដ្ឋ ព្រមទាំងត្រូវបង្ខំឱ្យរុះរើសំណង់ និងប្រគល់ដីនោះមកឱ្យរដ្ឋវិញដោយគ្មានលក្ខខណ្ឌ។
ប្រជាពលរដ្ឋ និងមហាជនទូទៅ សំណូមពរយ៉ាងទទូចដល់អភិបាលខេត្តកោះកុង ក៏ដូចជាមន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរស្រុកស្រែអំបិល មេត្តាចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសកម្មភាពជីកវាយដីភ្នំ និងឈូសឆាយដីព្រៃនៅភូមិទឹកប៉ោងនេះ ជាជាងការរក្សាភាពស្ងៀមស្ងាត់ បណ្តោយឱ្យជនខិលខូចបំផ្លិចបំផ្លាញធនធានធម្មជាតិបន្តទៀត។
បញ្ជាក់៖ អង្គភាពព័ត៌មានយើងខ្ញុំ គឺត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំងនាំសារពីបងប្អូនប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំ និងនាំសារពីថ្នាក់ដឹកនាំទៅកាន់ប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំគ្មានចេតនាយកញុះញង់ ឬផ្សព្វផ្សាយដើម្បីបង្កផលប៉ះពាល់ដល់សង្គមជាតិឡើយ។
