ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ និងឆបោក នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ។

ការឃាត់ខ្លួននេះ បានធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ដីកានេះបានបញ្ជាឲ្យស្ត្រីសង្ស័យឈ្មោះ ចាន់ គន្ធា អាយុ៥១ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៨ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចូលបង្ហាញខ្លួនឲ្យបានមុនថ្ងៃទី៣១ ខែកក្កដា។
ការបញ្ជាឲ្យចូលខ្លួននេះ គឺដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងឆបោក»។
ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។
