​មហាជនដាក់ចម្ងល់ជុំវិញការនាំចូលទំនិញបង្កក និងគ្រឿងសមុទ្រខុសច្បាប់តាមច្រករបៀង ស្រុកមេមត់ ទទូចឱ្យស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យជាបន្ទាន់


ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកតាមដានស្ថានការណ៍ក្នុងមូលដ្ឋាន បានបង្ហាញក្តីបារម្ភ និងដាក់ជាសំណួរយ៉ាងខ្លាំងចំពោះសកម្មភាពនាំចូលទំនិញឆ្លងដែនខុសប្រក្រតីមួយចំនួន ដូចជា ត្រី គ្រឿងសមុទ្រ និងសាច់បង្កកផ្សេងៗ ដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់តាមច្រករបៀងក្នុងតំបន់បង្គោលលេខ ១០៥ ឃុំរួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះមកចែកចាយតាមទីផ្សារនានាក្នុងទឹកដីខេត្តត្បូងឃ្មុំ ដោយពុំមានការត្រួតពិនិត្យគុណភាពឱ្យបានដិតដល់ពីសំណាក់មន្ត្រីជំនាញនៅឡើយទេ។
​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបឱ្យដឹងថា សកម្មភាពនាំចូលទំនិញទាំងនេះភាគច្រើនធ្វើឡើងយ៉ាងគគ្រឹកគគ្រេងពីប្រទេសវៀតណាម នៅចន្លោះម៉ោង ១២ យប់ រហូតដល់ជិតភ្លឺ។ ទំនិញដែលដឹកជញ្ជូនឆ្លងដែនមកនោះ ភាគច្រើនជាប្រភេទគ្រឿងសមុទ្រ និងសាច់បង្កកលាក់ទុកក្នុងកេសស្ដោររក្សាភាពត្រជាក់ និងខ្លះទៀតដាក់ក្នុងបាវ ដោយដឹកជញ្ជូនតាមរថយន្ត និងមធ្យោបាយផ្សេងៗយ៉ាងសកម្ម យកមកចែកចាយលក់នៅលើទីផ្សារក្នុងស្រុក។
​ករណីនេះបានបង្កជាមន្ទិលសង្ស័យ និងសំណួរជាច្រើនពីសំណាក់មហាជនទៅលើចំណុចសំខាន់ៗពីរ៖
​១. តើទំនិញបង្កក និងគ្រឿងបរិភោគទាំងអស់នោះមានលាយឡំសារធាតុគីមីហាមឃាត់ ដែលអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិតពលរដ្ឋដែរឬទេ?
​២. តើការនាំចូលក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃបែបនេះ បានឆ្លងកាត់ការបង់ពន្ធគយ និងអាករជូនរដ្ឋត្រឹមត្រូវតាមច្បាប់ដែរឬទេ?
​ជុំវិញភាពមិនប្រាកដប្រជាខាងលើនេះ ប្រជាពលរដ្ឋ និងមហាជនក្នុងមូលដ្ឋាន សូមគោរពអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.), ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ, ឯកឧត្តម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ, ព្រមទាំង មន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័ន មេត្តាចាត់វិធានការចុះត្រួតពិនិត្យជាបន្ទាន់ ចំពោះអ្នកដឹកជញ្ជូន ម្ហូបអាហារ សាច់ និងមធ្យោបាយដឹកជញ្ជូនផ្សេងៗដែលបានបង្ហាញនៅក្នុងរូបភាព ក៏ដូចជាពិនិត្យភាពស្របច្បាប់នៃការនាំចូលឆ្លងប្រទេសនេះឡើងវិញភ្លាមៗតែម្ដង។
​ការចុះអន្តរាគមន៍ទាន់ពេលវេលានេះ មិនត្រឹមតែជួយធានាបាននូវសុខភាព និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ស្កាត់ការបាត់បង់ចំណូលថវិកាជាតិ តាមរយៈការបង់ពន្ធនាំចូលឱ្យបានត្រឹមត្រូវស្របតាមច្បាប់ផងដែរ។
បញ្ជាក់៖ ខាងក្រោមអង្គភាពសារព័ត៌មាន ASEAN DAILY យើងបានត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំងនាំសារពីបងប្អូនប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងនាំសារពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋប៉ុណ្ណោះ។ អង្គភាពព័ត៌មានយើងខ្ញុំគ្មានចេតនាផ្សព្វផ្សាយ ញុះញង់ ឬរើសអើងទៅលើបុគ្គលណាមួយឡើយ ដោយអង្គភាពព័ត៌មានយើងខ្ញុំផ្សព្វផ្សាយដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ សូមអរគុណ!

ព័ត៌មានដែលជាប់ទាក់ទង