ក្រុមគ្រួសារជនរងគ្រោះអំពាវនាវរកយុត្តិធម៌ ទទូចសុំតុលាការខេត្តកណ្តាលជួយពន្លឿននីតិវិធីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ទាំងកំរោល

ខេត្តកណ្តាល៖ ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ លី លិនជា កំពុងស្ថិតក្នុងភាពសោកសៅយ៉ាងខ្លាំង និងបានចេញមុខទទូចស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ប្រធានតុលាការខេត្តកណ្តាល មេត្តាជួយពិនិត្យតាមដាន និងពន្លឿននីតិវិធីច្បាប់លើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដែលបានឆក់យកជីវិតកូនប្រុសរបស់ខ្លួននៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យ៉ាងអយុត្តិធម៌ ខណៈរហូតមកទល់ពេលនេះ ភាគីជនសង្ស័យមិនទាន់ចូលខ្លួនមកដោះស្រាយឡើយ។
យោងតាមក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលកើតឡើងនៅស្រុកកណ្តាលស្ទឹងនោះ គឺបង្កឡើងដោយរថយន្តម៉ាកតូយ៉ូតា (ពាក់ស្លាកលេខ ភ្នំពេញ 2BL-5169) បានបុកជនរងគ្រោះឈ្មោះ លី លិនជា បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ។
លោក ឡាំ លិន ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ដោយក្តីឈឺចាប់ថា ទោះបីជាសមត្ថកិច្ចធ្លាប់បានឃាត់ខ្លួនអ្នកបើកបរ និងវត្ថុតាងរថយន្តបង្កបានក៏ដោយ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ភាគីជនសង្ស័យពុំទាន់បានចូលខ្លួនមកដោះស្រាយ ឬទទួលខុសត្រូវផ្តល់សំណងជូនដល់ក្រុមគ្រួសារនៅឡើយទេ។ ស្ថានភាពជីវភាពរបស់គ្រួសារបច្ចុប្បន្នគឺកំពុងធ្លាក់ក្នុងរណ្តៅទុក្ខលំបាកយ៉ាងខ្លាំង គ្មានថវិកាសម្រាប់ធ្វើបុណ្យសពជូនកូន ឯប្រពន្ធជនរងគ្រោះឈ្មោះ ហៀង សុខហ៊ាន ក៏កំពុងមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលកូន ព្រមទាំងរងនូវការឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ពួកគាត់មានជំនឿទុកចិត្តយ៉ាងមុតមាំចំពោះកិច្ចការងារកាត់ក្តីដ៏យុត្តិធម៌របស់ស្ថាប័នតុលាការខេត្តកណ្តាល ដែលតែងតែជួយគិតគូរដល់ប្រជាពលរដ្ឋរងគ្រោះជាច្រើនរួចមកហើយ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនេះ ក្រុមគ្រួសារជនរងគ្រោះ ជាពិសេសឪពុកបង្កើត បានទទូចស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ប្រធានតុលាការខេត្តកណ្តាល មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បី៖
១. ពន្លឿន និងចាត់ការតាមនីតិវិធីច្បាប់ដើម្បីផ្ដន្ទាទោសទៅលើភាគីជនសង្ស័យតាមច្បាប់។
២. ត្រួតពិនិត្យ និងតាមដានលើរថយន្តតំណាងបទល្មើស (ពាក់ស្លាកលេខ ភ្នំពេញ 2BL-5169) និងនីតិវិធីពាក់ព័ន្ធ ដើម្បីធានាថាមិនមានការដោះលែង ឬដោះស្រាយក្រៅប្រព័ន្ធដែលប៉ះពាល់ដល់សិទ្ធិជនរងគ្រោះ។
៣. ជួយជំរុញ និងទាមទារសំណងសមស្រប ដើម្បីសម្រាលទុក្ខលំបាកដ៏ធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងកូនតូចដែលប្រពន្ធកំពុងរង់ចាំសម្រាលកូន។
