សំណូមពរអន្តរាគមន៍បន្ទាន់] សូម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកគ្មានស្លាកយីហោ និងគ្មានប្រព័ន្ធបច្ចេកទេសច្បាស់លាស់ ដែលកំពុងបង្កក្លិនស្អុយប៉ះពាល់ដល់ពលរដ្ឋ និងព្រះសង្ឃជាង ២០វត្ត នៅឃុំស្រង់!

📍 ទីតាំងកើតហេតុ៖ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ក្បែរក្រវ៉ាត់ភ្នំស្រង់)។
🙏 យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងមូលដ្ឋានដែលបានលើកឡើង និងសំណូមពរផ្ទាល់ពាក់ព័ន្ធនឹងការប៉ះពាល់បញ្ហាក្លិនស្អុយយ៉ាងខ្លាំងក្លាពីកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតធំៗជាច្រើនកន្លែង (រួមទាំងទីតាំងរបស់ឈ្មោះ តាពៅ និងទីតាំងផ្សេងៗទៀតដែលគ្មានផ្លាកយីហោ និងមានការដាក់ស្លាកហាមចូល) រហូតដល់ពលរដ្ឋនិងព្រះសង្ឃប្រឈមមុខនឹងការដកដង្ហើមមិនរួច។
ពលរដ្ឋមានការងឿងឆ្ងល់ និងដាក់សំណួរថា៖ តើកសិដ្ឋានចិញ្ចឹមជ្រូកទ្រង់ទ្រាយធំៗទាំងនោះ បានរត់ការច្បាប់ទម្លាប់ និងមានប្រព័ន្ធប្រព្រឹត្តិកម្មទឹកសំណល់ ឬគ្រប់គ្រងបច្ចេកទេសបរិស្ថានត្រឹមត្រូវតាមក្រសួងស្ថាប័នដែរឬទេ?
អាស្រ័យហេតុនេះ តាងនាមឱ្យប្រជាពលរដ្ឋរងគ្រោះ ពួកយើងខ្ញុំសូមគោរពស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញពាក់ព័ន្ធ មេត្តាជួយចុះត្រួតពិនិត្យ និងវាយតម្លៃលើកសិដ្ឋានទាំងនោះ ដើម្បីសង្គ្រោះបរិស្ថាន និងសុខភាពសាធារណៈក្នុងមូលដ្ឋានផង។
📌 បញ្ជាក់៖ រូបភាព និងខ្លឹមសារពាក់ព័ន្ធក្នុងអត្ថបទនេះ គឺទទួលបានពីប្រភពដែលបានផលិត និងផ្តល់ជូនមកកាន់អង្គភាពព័ត៌មានយើងខ្ញុំដើម្បីចាត់ផ្សាយ។ អង្គភាពយើងខ្ញុំគ្រាន់តែជាស្ពានចម្លង ឬជាកញ្ចក់ឆ្លុះបញ្ចាំង ដោយនាំយកសារទុក្ខលំបាក និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជូនដំណឹងដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ គ្មានចេតនាញុះញង់ បង្កការប៉ះពាល់ដល់ស្ថាប័នណាមួយ ឬបុគ្គលដែលកំពុងរកស៊ីអាជីវកម្មឡើយ។ គោលបំណងតែមួយគត់គឺចង់បានដំណោះស្រាយសមស្រប និងបរិស្ថានស្អាតសម្រាប់សហគមន៍។
ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦
