UPDATE វគ្គទី៣ ​រឿងក្ដៅគគុក! មានអំណាចខ្នងក្រាស់ហ៊ានរំលោភយកចង្កេះភ្នំមួយចំហៀងពេញលេញ សាងសង់រីសតរួចរាល់ជាស្ថាពរ ១០០% ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយនៅស្រុកស្រែអំបិល!

ខេត្តកោះកុង៖ ក្រោយពីអង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASEAN DAILY) យើងខ្ញុំបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ចំនួន ៣ វគ្គរួចមកហើយ តែលោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល នៅតែរក្សាភាពស្ងៀមស្ងាត់ មិនមានសេចក្ដីបំភ្លឺជូនមកអង្គភាពយើងខ្ញុំឡើយ ប៉ុន្តែបែរជាបណ្ដោយឱ្យបុគ្គលមានលុយមានអំណាចសាងសង់រីសតនៅលើភ្នំរួចជាស្ថាពរ ១០០% តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានផ្ដល់មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំថា រីសតដែលសាងសង់នៅលើភ្នំនេះ គឺបានធ្វើការលក់ដូរពីម្ចាស់មួយទៅម្ចាស់មួយបន្តគ្នា។

​យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងការចុះស្រាវជ្រាវផ្ទាល់របស់អង្គភាពសារព័ត៌មាន អាស៊ាន ដេលី បានទម្លាយឱ្យដឹងយ៉ាងច្បាស់ថា មានករណីសាងសង់សំណង់អគារ និងរៀបចំធ្វើជារីសតយ៉ាងស្កឹមស្កៃសាងសង់រួចរាល់ជាស្ថាពរ ១០០% ពេញលេញទៅហើយ ដោយហ៊ានលេបយកផ្ទៃដីចង្កេះភ្នំទាំងមូលរហូតដល់មួយចំហៀងភ្នំតែម្តង ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលទីតាំងឈូសឆាយភ្នំនេះ ត្រូវបានជនមានអំណាចម្នាក់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយដោយគ្មានការញញើតច្បាប់បន្តិចណាឡើយ។

​ទង្វើនេះបានបង្ហាញឱ្យឃើញពីការប្រហែស ឬការបិទភ្នែកមើលមិនឃើញពីសំណាក់អាជ្ញាធរ ខណៈដែលម្ចាស់ទីតាំង ឬអ្នកនៅពីក្រោយការសាងសង់នេះ មិនមែនជាមនុស្សសាមញ្ញធម្មតាឡើយ ពោលគឺជាបុគ្គលមានលុយ មានអំណាច ហ៊ានស្កាត់កាប់យកដីព្រៃភ្នំជាសម្បត្តិសាធារណៈរបស់រដ្ឋមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមានការដាក់ជួលមនុស្សប្រុសចំនួនពីរទៅបីនាក់ឈរចាំយាមកាមប្រចាំការនៅពីមុខរីសតយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានចូលទៅជិតឡើយ។

សំណួរមហាជនចោទសួរថា៖

  • ​តើច្បាប់ស្ថាប័នណាជាអ្នកផ្ដល់សិទ្ធិ ឬអនុញ្ញាតឱ្យមានការសាងសង់រំលោភយកភ្នំដែលជាសម្បត្តិរដ្ឋរហូតដល់អស់ចង្កេះភ្នំមួយចំហៀងបែបនេះទៅកើត?
  • ​តើការសាងសង់រីសតនៅលើភ្នំ ធំជាងការអនុវត្តច្បាប់ ឬមួយក៏អនុក្រឹត្យធំជាងច្បាប់? និងតើច្បាប់អនុញ្ញាតចេញមកពីខាងណា ទើបបណ្ដោយឱ្យបុគ្គលមានលុយសាងសង់ និងលក់ដូរតាមតែអំពើចិត្តពីមួយទៅមួយយ៉ាងរលូនបែបនេះ?

ការរំលោភបំពានលើក្របខណ្ឌច្បាប់ និងទោសទណ្ឌដ៏ធ្ងន់ធ្ងរសម្រាប់អ្នកមានអំណាចដែលហ៊ានរំលោភបំពានយកដីព្រៃភ្នំ

​ទោះបីជារីសតនេះសាងសង់រួចរាល់ ១០០% ហើយក៏ដោយ ប៉ុន្តែបុគ្គលដែលហ៊ានរំលោភបំពាន កាយ ឈូសឆាយ និងទន្ទ្រានយកដីព្រៃភ្នំ ឬទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិ គឺត្រូវតែប្រឈមមុខនឹងសំណាញ់ច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៖

  • ច្បាប់ស្តីពីព្រៃឈើ និងបរិស្ថាន៖ រាល់បទល្មើសទន្ទ្រានយកដីព្រៃឈើ ការកាប់បំផ្លាញព្រៃ និងការសាងសង់សំណង់ខុសច្បាប់នៅលើគម្របព្រៃភ្នំ ឬដីសាធារណៈរបស់រដ្ឋ គឺជាបទល្មើសព្រៃឈើដ៏ស្រួចស្រាវ ដែលត្រូវប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលយូរ ពិន័យជាប្រាក់យ៉ាងច្រើនចូលថវិការដ្ឋ ព្រមទាំងរឹបអូសវត្ថុតាង សម្ភារៈមធ្យោបាយ និងសំណង់ទាំងអស់មកជាសម្បត្តិរដ្ឋវិញជាខានមិនបាន។
  • ច្បាប់ភូមិបាល (មាត្រា ២៥ និង ២៦)៖ បានចែងយ៉ាងច្បាស់ក្រឡែតថា បុគ្គលណាព្យាយាមអះអាង ឬកាន់កាប់ គឺ «មិនអាចទទួលបានកម្មសិទ្ធិ» លើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ រួមមានទាំងតំបន់ភ្នំ ព្រៃឈើ និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដទៃទៀតឡើយ។ រាល់ការកាន់កាប់ ឬទន្ទ្រានយកដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ គឺ «គ្មានសុពលភាពទាំងស្រុង» ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការរុះរើ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។
  • ក្រមព្រហ្មទណ្ឌ៖ អំពើបំផ្លិចបំផ្លាញ ការកាន់កាប់ដោយខុសច្បាប់ ឬការយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាបទល្មើសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ គឺ «បទល្មើសបំផ្លិចបំផ្លាញ និងបទល្មើសបំពានលើអចលនវត្ថុ» ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ចូលថវិកាជាតិយ៉ាងទម្ងន់ដៃ។

ការស្នើសុំវិធានការពីថ្នាក់ដឹកនាំខេត្ត និងស្រុក

​ក្នុងនាមជាអាជ្ញាធរដែនដី និងជាអ្នកថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងធនធានធម្មជាតិក្នុងមូលដ្ឋាន លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ត្រូវបានមហាជន និងប្រជាពលរដ្ឋរំពឹងទុកយ៉ាងមុតមាំថា នឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងក្តៅគគុក និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ បង្ក្រាប និងរុះរើសំណង់រីសតដែលបានសាងសង់រួចរាល់លើចង្កេះភ្នំទាំងមូលរបស់បុគ្គលមានអំណាចរូបនេះ យកមកជាសម្បត្តិរដ្ឋវិញ។

​មហាជន និងសាធារណជនទូទៅកំពុងដាក់សំណួរ និងរង់ចាំមើលចំណាត់ការជាក់ស្តែងពីថ្នាក់ដឹកនាំទាំងពីររូបនេះ តើនឹងមានវិធានការយ៉ាងណាចំពោះករណីខាងលើនេះ?

​អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASEAN DAILY) យើងខ្ញុំ បានត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំង គ្មានចេតនាញុះញង់ បំផុសបំផុល ឬប៉ះពាល់ដល់បុគ្គលណាមួយឡើយ ពោលគឺគ្រាន់តែបំពេញតួនាទីជារបៀបស្ពានចម្លង ក្នុងការនាំសារពីបងប្អូនប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងនាំសារពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកកាន់បងប្អូនប្រជាពលរដ្ឋវិញប៉ុណ្ណោះ។ អង្គភាពព័ត៌មានយើងខ្ញុំ រង់ចាំជានិច្ចនូវការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធតាមផ្លូវស្ថាប័នសារព័ត៌មាន។ សូមអរគុណ!

​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

ប្រភព៖ បងប្អូនប្រជាពលរដ្ឋមូលដ្ឋានឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

ព័ត៌មានដែលជាប់ទាក់ទង