សេចក្ដីបំភ្លឺបន្ថែម និងការទាមទារភាពស្អាតស្អំរបស់អង្គភាពព័ត៌មាន ASEAN DAILY ជុំវិញសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកស្រែអំបិល

​ជាបឋម អង្គភាពព័ត៌មាន ASEAN DAILY យើងខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋបាលស្រុកស្រែអំបិល ដែលបានចុះពិនិត្យទីតាំងជាក់ស្ដែង និងបានចេញសេចក្ដីបំភ្លឺព័ត៌មានកាលពីពេលថ្មីៗនេះ ជុំវិញករណីសំណង់នៅជើងភ្នំ ក្នុងភូមិជ្រោយ ឃុំបឹងព្រាវ។

​ទោះជាយ៉ាងណាក៏ដោយ អង្គភាពព័ត៌មានយើងខ្ញុំ មិនអាចទទួលយកបានឡើយ ចំពោះការលើកឡើងនៅក្នុងសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុក ដែលបានចោទប្រកាន់ថា យើងខ្ញុំបានចុះផ្សាយដោយមិនបានទំនាក់ទំនងសាកសួរអាជ្ញាធរមានសមត្ថកិច្ចជាមុន។

​ដើម្បីជម្រះការមន្ទិលសង្ស័យ និងការពារកិត្តិយស ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន យើងខ្ញុំសូមបញ្ជាក់ជូនសាធារណជនឱ្យបានច្បាស់លាស់ថា៖

  • មានការទំនាក់ទំនងជាមុនយ៉ាងហោចណាស់មួយសប្ដាហ៍៖ មុននឹងឈានដល់ការចុះផ្សាយព័ត៌មាននេះ ក្រុមការងារអង្គភាពព័ត៌មានយើងខ្ញុំ បានទំនាក់ទំនងទៅកាន់លោកអភិបាលស្រុកស្រែអំបិល និងថែមទាំង បានទំនាក់ទំនងទៅកាន់អ្នកនាំពាក្យសាលាខេត្តកោះកុង ទុកជាមុនរួចស្រេចតាំងពីមួយសប្ដាហ៍មុន (ដូចមានបង្ហាញក្នុងភស្តុតាងរូបភាពដែលបានភ្ជាប់មកជាមួយនេះស្រាប់)។ ប៉ុន្តែ គួរឱ្យស្ដាយបំផុតដែលរហូតដល់ពេលចុះផ្សាយ គឺ ពុំមានការឆ្លើយតប ឬបំភ្លឺណាមួយពីមន្ត្រីពាក់ព័ន្ធទាំងនោះឡើយ។ ដូច្នេះ ការអះអាងថាយើងខ្ញុំមិនបានសាកសួរព័ត៌មានមុនពេលផ្សព្វផ្សាយ គឺជារឿងមិនពិតទាំងស្រុង និងផ្ទុយពីការពិត។

​បន្ថែមពីលើការស្រាយបំភ្លឺនេះ ដើម្បីបង្ហាញពីតម្លាភាព និងភាពត្រឹមត្រូវស្របតាមការអះអាងរបស់រដ្ឋបាលស្រុក អង្គភាពយើងខ្ញុំសូមទទូចស្នើសុំដល់រដ្ឋបាលស្រុកស្រែអំបិល៖

  • សូមមេត្តាបង្ហាញជាសាធារណៈនូវ ឯកសារគតិយុត្តិ ឬប្លង់កម្មសិទ្ធិស្របច្បាប់ ដែលបញ្ជាក់ថាទីតាំងសំណង់ផ្ទះនៅចង្កេះភ្នំនេះ ពិតជាត្រូវបានកាត់ឆ្វៀលស្របតាមអនុក្រឹត្យ និងមានប្លង់កម្មសិទ្ធិជាឯកជនត្រឹមត្រូវប្រាកដមែន ដើម្បីឱ្យសាធារណជនបានដឹងឮទាំងអស់គ្នា។

​អង្គភាពព័ត៌មាន ASEAN DAILY នៅតែរក្សាខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន ភាពស្មោះត្រង់ និងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឧត្ដមប្រយោជន៍សង្គមជាតិយើង។

ធ្វើនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

ព័ត៌មានដែលជាប់ទាក់ទង