សេចក្ដីថ្លែងការណ៍ជាសាធារណៈ] ការពិតត្រូវតែលាតត្រដាង! ASEAN DAILY ទាមទារយ៉ាងទទូចឱ្យរដ្ឋបាលស្រុកស្រែអំបិល បង្ហាញឯកសារគតិយុត្តជាសាធារណៈ ជុំវិញសំណង់នៅចង្កេះភ្នំ មិនមែនចេញត្រឹមលិខិតបំភ្លឺមួយសន្លឹកទទេរៗនោះទេ!

សេចក្ដីបំភ្លឺបន្ថែម និងការទាមទារភាពស្អាតស្អំរបស់អង្គភាពសារព័ត៌មាន ASEAN DAILY
ជុំវិញសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកស្រែអំបិល ករណីសំណង់ផ្ទះនៅចង្កេះភ្នំ
តបតាមសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកស្រែអំបិល ដែលបានចេញផ្សាយដើម្បីច្រានចោលការចុះផ្សាយរបស់ក្រុមការងារអង្គភាពសារព័ត៌មាន ASEAN DAILY ទាក់ទងនឹងការសាងសង់សំណង់ផ្ទះនៅលើចង្កេះភ្នំ អង្គភាពយើងខ្ញុំសូមធ្វើការឆ្លើយតប និងទាមទារភាពស្អាតស្អំ ដោយស្មារតីទទួលខុសត្រូវ ឈរលើវិជ្ជាជីវៈសារព័ត៌មាន ដូចខាងក្រោម៖
១. ការឆ្លើយតបដែលខ្វះតម្លាភាព និងគ្មានភស្តុតាងយោង
ការដែលរដ្ឋបាលស្រុកស្រែអំបិលចេញលិខិតបំភ្លឺត្រឹមតែ មួយសន្លឹក ដោយអះអាងថាសំណង់នៅលើចង្កេះភ្នំខាងលើមាន “ឯកសារគតិយុត្តគ្រប់គ្រាន់” ប៉ុន្តែបែរជា លាក់បាំងមិនព្រមបង្ហាញឯកសារទាំងនោះជាសាធារណៈ គឺជាទង្វើដែលបង្ហាញពីភាពខ្វះតម្លាភាពយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាអាជ្ញាធរ ការចេញលិខិតទទេរៗដោយគ្មានឯកសារយោងមកភ្ជាប់ជាមួយ មិនអាចបំបាត់មន្ទិលសង្ស័យរបស់មហាជនបានឡើយ។ ផ្ទុយទៅវិញ វារឹតតែធ្វើឱ្យសាធារណជនដាក់ការសង្ស័យថាតើអាជ្ញាធរកំពុងព្យាយាមបិទបាំងកំហុស និងការពារម្ចាស់សំណង់ដែរឬទេ?
២. ការទាមទារយ៉ាងទទូចរបស់ ASEAN DAILY
ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាពពិតប្រាកដ អង្គភាពយើងខ្ញុំសូម ទាមទារ ឱ្យរដ្ឋបាលស្រុកស្រែអំបិល បញ្ចេញនូវរាល់ឯកសារគតិយុត្តពាក់ព័ន្ធទាំងអស់ជាសាធារណៈ ដូចដែលបានអះអាង ដែលក្នុងនោះត្រូវមាន៖
- ប័ណ្ណកម្មសិទ្ធិ ឬ ឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី ដែលស្របច្បាប់នៅតំបន់ចង្កេះភ្នំនោះ។
- លិខិតអនុញ្ញាតសាងសង់ ចេញដោយស្ថាប័ន ឬ មន្ទីរជំនាញពាក់ព័ន្ធត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
- ឯកសារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងឯកសាររដ្ឋបាលផ្សេងៗទៀតដែលបញ្ជាក់ថាសំណង់នេះពិតជាមិនប៉ះពាល់ដល់សម្បត្តិធម្មជាតិរបស់រដ្ឋ។
៣. ជំហរការពារវិជ្ជាជីវៈ និងភាពស្អាតស្អំរបស់អង្គភាព
ក្រុមការងារ ASEAN DAILY ចុះទៅយកព័ត៌មាន និងផ្សព្វផ្សាយរាល់រូបភាពជាក់ស្តែង គឺឈរលើមូលដ្ឋានបម្រើផលប្រយោជន៍សង្គម ការពារធនធានធម្មជាតិ និងជំរុញតម្លាភាព មិនមែនជាការមួលបង្កាច់ ឬ វាយប្រហារដោយគ្មានមូលដ្ឋានឡើយ។ យើងខ្ញុំសូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់ណាមួយមកលើអង្គភាពយើងខ្ញុំ ដរាបណារដ្ឋបាលស្រុកនៅតែគេចវេះមិនព្រមបង្ហាញឯកសារដើម។
អង្គភាពសារព័ត៌មាន ASEAN DAILY រង់ចាំមើលការបង្ហាញឯកសារគតិយុត្តទាំងនោះដោយបើកចំហរ។ បើពុំមានឯកសារច្បាស់លាស់បញ្ជាក់ទេ នោះសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកស្រែអំបិល គ្រាន់តែជាលិខិតការពារជនខិលខូច និងជាការគំរាមកំហែងដល់អ្នកសារព័ត៌មានដែលហ៊ាននិយាយការពិតតែប៉ុណ្ណោះ។
ASEAN DAILY នៅតែរក្សាជំហររឹងមាំ មិនរាថយក្នុងការស្វែងរកការពិតជូនមហាជន!
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦
អង្គភាពសារព័ត៌មាន ASEAN DAILY

