​គោរពស្នើសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ដើម្បីជួយផ្ដល់យុត្តិធម៌ជូនលោកយាយ តាំង ហៃថាំង


​តាមរយៈវីដេអូ និងឯកសារភស្តុតាងជាក់ស្ដែង លោកយាយ តាំង ហៃថាំង កំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំងទាក់ទងនឹងបញ្ហាដីធ្លី និងទីជម្រក ដែលគាត់បានកាន់កាប់ និងរស់នៅរយៈពេល ២១ ឆ្នាំមកហើយ។ យោងតាមឯកសារ “លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៤ បានបញ្ជាក់យ៉ាងច្បាស់ថា លោកយាយពិតជាបានទិញ និងទទួលសិទ្ធិកាន់កាប់ដីនេះយ៉ាងត្រឹមត្រូវពីភាគីឈ្មោះ ជិន ដេត និងប្រពន្ធឈ្មោះ វ៉ាន់ ចាន់ថូ (ទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ)។
​ទោះជាមានឯកសារបញ្ជាក់កម្មសិទ្ធិច្បាស់លាស់យ៉ាងណាក្ដី ថ្មីៗនេះ ឯកសារពាក់ព័ន្ធនឹងដីធ្លីរបស់គាត់ (ស.ច.ណ ០០៧) ត្រូវបានគេខកខាន ឬលុបឈ្មោះចេញពីបញ្ជី។ លោកយាយបានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលឈ្មោះ “ព្រុំ អូន” គឺមិនមានការពាក់ព័ន្ធនៅក្នុងសាច់រឿងនេះឡើយ ហើយលោកយាយក៏មិនដែលស្គាល់បុគ្គលនេះពីមុនមកដែរ។ លោកយាយបញ្ជាក់បន្ថែមថា គាត់មិនបានទៅទន្ទ្រានយកដីអ្នកណាទេ ដីនេះជាកម្មសិទ្ធិរបស់គាត់ ដែលបានទិញដោយស្របច្បាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ ក្នុងវ័យដ៏ជរានេះ លោកយាយគ្មានទីពឹង និងកំពុងរងនូវភាពអយុត្តិធម៌ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង។
​អាស្រ័យហេតុនេះ យើងខ្ញុំសូមក្រាបថ្វាយបង្គំ និងគោរពអំពាវនាវយ៉ាងទទូចដល់៖
​១. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
២. សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
៣. សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
៤. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
​សូម សម្ដេច ព្រមទាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាជួយពិនិត្យមើលឯកសារឡើងវិញ និងផ្ដល់នូវកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហានេះ។ ជាចុងក្រោយ លោកយាយទទូចស្នើសុំយ៉ាងក្រៀមក្រំ សូមថ្នាក់ដឹកនាំមេត្តាជួយផ្ដល់យុត្តិធម៌ ដើម្បីឲ្យគាត់ទទួលបានសិទ្ធិស្របច្បាប់វិញ និងអាចរស់នៅបានស្រួលបួលដោយសេចក្ដីសុខ មុនពេលដែលគាត់ស្លាប់ទៅ។
​⚠️ សេចក្ដីបញ្ជាក់ពីគោលជំហរ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គភាពព័ត៌មានយើងខ្ញុំ៖
ជុំវិញករណីតវ៉ារបស់លោកយាយ តាំង ហៃថាំង នេះដែរ ក្រុមការងារអង្គភាពព័ត៌មានយើងខ្ញុំ បានព្យាយាមទំនាក់ទំនងទៅកាន់ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ចំនួន ០២ ដង តាមប្រព័ន្ធទូរសព្ទ ដើម្បីសុំការសម្ភាសន៍ និងសាកសួរបន្ថែម ប៉ុន្តែទូរសព្ទរោទ៍ចូលពុំមានអ្នកទទួលឡើយ។
​អង្គភាពព័ត៌មានយើងខ្ញុំ សូមជម្រាបជូនសាធារណជន អាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេត្តាជ្រាបថា៖ អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាស្ពាននាំសារពីបងប្អូនប្រជាពលរដ្ឋជូនទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងនាំសារពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកកាន់បងប្អូនប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ។

ក្នុងនាមជាអ្នកសារព័ត៌មាន យើងខ្ញុំមានតួនាទីត្រឹមតែជាអ្នកផ្សព្វផ្សាយប៉ុណ្ណោះ យើងខ្ញុំពុំមានសិទ្ធិអំណាចក្នុងការអាកាត់ ឬវិនិច្ឆ័យថា បុគ្គលណាខុស បុគ្គលណាត្រូវ ឬបុគ្គលណាចាញ់ បុគ្គលណាឈ្នះ នោះឡើយ។
​ការផ្សព្វផ្សាយនេះ គឺផ្អែកទាំងស្រុងលើឯកសារគតិយុត្ត និងភស្តុតាងដែលបងប្អូនប្រជាពលរដ្ឋបានផ្ដល់មកឲ្យយើងខ្ញុំ ដោយគ្មានចេតនាលាបពណ៌ ញុះញង់ បំផុសបំផុល បំផ្លាញសង្គម ជាន់ពន្លិច ឬធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងមុខមាត់របស់មន្ត្រី អាជ្ញាធរ ឬស្ថាប័នណាមួយឡើយ។ ផ្អែកលើច្បាប់ស្ដីពីរបបសារព័ត៌មាន ព្រមទាំងវិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន អង្គភាពយើងខ្ញុំស្វាគមន៍ និងរង់ចាំជានិច្ចក្នុងការទទួលយកការបកស្រាយបំភ្លឺពីមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធ គ្រប់ម៉ោង គ្រប់ពេលវេលាធ្វើការ។
​ចុះផ្សាយនៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦

 

ព័ត៌មានដែលជាប់ទាក់ទង