Updateវគ្គ៥.តើបុគ្គលមានលុយអាចបំពានច្បាប់បានឬយ៉ាងណា??ទើបលោក ជា ច័ន្ទកញ្ញាអភិបាលស្រុកស្រែអំបិលមិនអនុវត្តច្បាប់បណ្ដែតបណ្ដោយឲ្យបុគ្គលមានលុយជីកកាយភ្នំធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ភូមិទឹកប៉ោង ឃុំបឹងព្រាវ តើការអនុវត្តច្បាប់ខ្លាំងជាងឬអនុក្រឹត្យខ្លាំងជាង?? ផ្សាយចេញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ក្រោយពីអង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំបានផ្សព្វផ្សាយកាលពីថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២៦ ភាពស្ងៀមស្ងាត់លោកអភិបាលស្រុកស្រែអំបិលធ្វើឲ្យមហាជនដាក់ការសង្ស័យថាមានអ្វីនៅពីក្រោយខ្នងទីតាំងខាងលើ??

ខេត្តកោះកុង៖ យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងការចុះស្រាវជ្រាវរបស់អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASEAN DAILY) បានទម្លាយឱ្យដឹងយ៉ាងច្បាស់ថា មានករណីសាងសង់សំណង់អគារ និងរៀបចំធ្វើជារីសតយ៉ាងស្កឹមស្កៃនៅលើផ្ទៃដីចង្កេះភ្នំ ស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលទីតាំងឈូសឆាយភ្នំនេះគឺចូលតាមច្រកឋានសួគ៌កោះកុង ហើយត្រូវបានជនមានអំណាចម្នាក់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយ។
ទង្វើនេះបានបង្ហាញឱ្យឃើញពីការប្រហែស ឬការបិទភ្នែកមើលមិនឃើញពីសំណាក់អាជ្ញាធរ ខណៈដែលម្ចាស់ទីតាំង ឬអ្នកនៅពីក្រោយការសាងសង់នេះ មិនមែនជាមនុស្សសាមញ្ញធម្មតាឡើយ ពោលគឺជាបុគ្គលមានលុយ មានអំណាច ហ៊ានស្កាត់កាប់យកដីព្រៃភ្នំជាសម្បត្តិសាធារណៈរបស់រដ្ឋមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមានការដាក់ជួលមនុស្សប្រុសចំនួនពីរទៅបីនាក់ឈរចាំយាមកាមប្រចាំការនៅពីមុខរីសតយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានចូលទៅជិតឡើយ។
ការរំលោភបំពានលើក្របខណ្ឌច្បាប់ និងការរំពឹងទុកលើថ្នាក់ដឹកនាំដែនដី
សកម្មភាពឈូសឆាយ ទន្ទ្រាន និងសាងសង់រំលោភយកដីព្រៃភ្នំ និងដីសាធារណៈរបស់រដ្ឋនេះ គឺជាការបំពានយ៉ាងស្រឡះលើក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ៖
ច្បាប់ស្តីពីព្រៃឈើ និងបរិស្ថាន៖ រាល់បទល្មើសទន្ទ្រានយកដីព្រៃឈើ ការកាប់បំផ្លាញព្រៃ និងការសាងសង់សំណង់ខុសច្បាប់នៅលើគម្របព្រៃភ្នំ ឬដីសាធារណៈរបស់រដ្ឋ ត្រូវទទួលទោសទណ្ឌយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ ទោះបីជាអ្នកប្រព្រឹត្តជាបុគ្គលមានអំណាច ឬមានទ្រព្យសម្បត្តិក៏ដោយ។
ការស្នើសុំវិធានការពីថ្នាក់ដឹកនាំខេត្ត និងស្រុក៖ ក្នុងនាមជាអាជ្ញាធរដែនដី និងជាអ្នកថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងធនធានធម្មជាតិក្នុងមូលដ្ឋាន លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ត្រូវបានមហាជន និងប្រជាពលរដ្ឋរំពឹងទុកយ៉ាងមុតមាំថា នឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងក្តៅគគុក និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបបុគ្គលមានអំណាចរូបណាដែលហ៊ានរំលោភបំពានយកសម្បត្តិធម្មជាតិ និងព្រៃភ្នំរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះ។
មហាជន និងសាធារណជនទូទៅកំពុងដាក់សំណួរ និងរង់ចាំមើលចំណាត់ការជាក់ស្តែងពីថ្នាក់ដឹកនាំទាំងពីររូបនេះ តើនឹងមានវិធានការយ៉ាងណាចំពោះករណីខាងលើនេះ?
អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASEAN DAILY) យើងខ្ញុំ បានត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំង គ្មានចេតនាញុះញង់ បំផុសបំផុល ឬប៉ះពាល់ដល់បុគ្គលណាមួយឡើយ ពោលគឺគ្រាន់តែបំពេញតួនាទីជារបៀបស្ពានចម្លង ក្នុងការនាំសារពីបងប្អូនប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងនាំសារពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកកាន់បងប្អូនប្រជាពលរដ្ឋវិញប៉ុណ្ណោះ។ អង្គភាពព័ត៌មានយើងខ្ញុំ រង់ចាំជានិច្ចនូវការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធតាមផ្លូវស្ថាប័នសារព័ត៌មាន។ សូមអរគុណ!
