[Update វគ្គទី៦] ​រឿងអាថ៌កំបាំងនៅពីក្រោយការសាងសង់រីសតរំលោភយកដីចង្កេះភ្នំនៅស្រុកស្រែអំបិល៖ តើហេតុអ្វីបានជាអាជ្ញាធរនៅតែស្ងាត់ស្ងៀម? ​ផ្សាយចេញ ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦

 

 

ខេត្តកោះកុង៖ យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងការចុះស្រាវជ្រាវផ្ទាល់របស់អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASEAN DAILY) បានទម្លាយឱ្យដឹងយ៉ាងច្បាស់ថា មានករណីសាងសង់សំណង់អគារ និងរៀបចំធ្វើជារីសតយ៉ាងស្កឹមស្កៃនៅលើដីចង្កេះភ្នំ ស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ទីតាំងឈូសឆាយភ្នំនេះ គឺចូលតាមច្រក “ឋានសួគ៌កោះកុង” ហើយត្រូវបានបុគ្គលមានអំណាចម្នាក់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយ។
​ទង្វើនេះកំពុងបង្កើតជាសញ្ញាសួរយ៉ាងធំពេញផ្ទៃប្រទេសថា តើជាការប្រហែស មើលមិនឃើញ ឬមួយជាការ «បិទភ្នែកភ្ជិតត្រចៀក» ពីសំណាក់អាជ្ញាធរដែនដី? ខណៈដែលម្ចាស់ទីតាំង ឬអ្នកនៅពីក្រោយខ្នងនៃការសាងសង់នេះ មិនមែនជាមនុស្សសាមញ្ញធម្មតាឡើយ ពោលគឺជាបុគ្គលមានទ្រព្យ មានអំណាច ហ៊ានស្កាត់មកកាប់ឆ្ការ និងទន្ទ្រានយកដីព្រៃភ្នំដែលជាសម្បត្តិសាធារណៈរបស់រដ្ឋមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។
​ការរំលោភបំពានច្បាប់ និងភាពស្ងប់ស្ងាត់គួរឱ្យសង្ស័យរបស់អាជ្ញាធរ
​សកម្មភាពឈូសឆាយ ទន្ទ្រាន និងសាងសង់រំលោភយកដីព្រៃភ្នំ និងដីសាធារណៈរបស់រដ្ឋនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៖
​ច្បាប់ស្តីពីព្រៃឈើ និងបរិស្ថាន៖ រាល់បទល្មើសទន្ទ្រានយកដីព្រៃឈើ ការកាប់បំផ្លាញព្រៃ និងការសាងសង់សំណង់ខុសច្បាប់នៅលើគម្របព្រៃភ្នំ ឬដីសាធារណៈរបស់រដ្ឋ ត្រូវទទួលទោសទណ្ឌយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ ទោះបីជាអ្នកប្រព្រឹត្តជាបុគ្គលមានអំណាច ឬមានទ្រព្យសម្បត្តិក៏ដោយ។
​គួររំឭកផងដែរថា អង្គភាពសារព័ត៌មានយើងខ្ញុំបានធ្វើការផ្សព្វផ្សាយដេញដោលករណីនេះចំនួន ៦ វគ្គរួចមកហើយ ប៉ុន្តែចម្លើយដែលទទួលបានពីអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នជំនាញពាក់ព័ន្ធ គឺមានតែ «ភាពស្ងប់ស្ងាត់ និងគ្មានការបកស្រាយ» បន្តិចសោះឡើយ។ ភាពស្ងាត់ស្ងៀមមេឃស្រឡះបែបនេះ បានធ្វើឱ្យសាធារណជនបង្កើតការសង្ស័យថា តើមាន «ខ្នងបង្អែក» ឬមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នងទីតាំងមួយនេះ? បានជាសកម្មភាពឈូសឆាយយកដីចង្កេះភ្នំ និងជើងភ្នំជាច្រើនកន្លែងកើតឡើងយ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរដែនដីបែរជាមើលមិនឃើញ ឬមួយក៏កំពុង «បណ្តែតបណ្តោយ» ឱ្យឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត?
​ការរំពឹងទុកលើថ្នាក់ដឹកនាំដែនដី
​ក្នុងនាមជាអាជ្ញាធរដែនដី និងជាអ្នកថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងធនធានធម្មជាតិក្នុងមូលដ្ឋាន លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ត្រូវបានមហាជន និងប្រជាពលរដ្ឋរំពឹងទុកយ៉ាងមុតមាំថា នឹងមិនបណ្តោយឱ្យករណីនេះកប់បាត់ទៅតាមពេលវេលានោះឡើយ។ ប្រជាពលរដ្ឋស្នើសុំឱ្យថ្នាក់ដឹកនាំទាំងពីររូប ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងក្តៅគគុក និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបបុគ្គលមានអំណាចរូបណាដែលហ៊ានយកសម្បត្តិធម្មជាតិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
​មហាជន និងសាធារណជនទូទៅ កំពុងរង់ចាំមើល ចំណាត់ការជាក់ស្តែង និងចម្លើយចេញពីមាត់របស់ថ្នាក់ដឹកនាំទាំងពីររូប តើនឹងមានវិធានការផ្លូវច្បាប់កម្រិតណា ចំពោះករណីទន្ទ្រានដីភ្នំមួយនេះ?
​ការបញ្ជាក់ពីអង្គភាពសារព័ត៌មាន៖
អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASEAN DAILY) យើងខ្ញុំ ធ្វើការផ្សព្វផ្សាយក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម គ្មានចេតនាញុះញង់ បំផុសបំផុល ឬប៉ះពាល់ដល់កិត្តិយសបុគ្គលណាមួយឡើយ ពោលគឺដើម្បីបំពេញតួនាទីជារបៀបស្ពានចម្លងនាំសារពីប្រជាពលរដ្ឋជូនថ្នាក់ដឹកនាំ និងនាំការបកស្រាយពីថ្នាក់ដឹកនាំជូនប្រជាពលរដ្ឋវិញប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺ ឬប្រតិកម្មតបពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា តាមរបបសារព័ត៌មាន។ សូមអរគុណ!

ព័ត៌មានដែលជាប់ទាក់ទង