​ក្តៅៗ! រដ្ឋបាលស្រុកទឹកឈូ បំភ្លឺថាផ្ទះធំ២សង់លើដីកម្មសិទ្ធិ ឯបន្ទប់តូចៗលយចូលចំណីព្រែកគឺមានត្រឹម លិខិតអនុញ្ញាតអាស្រ័យផលខណៈមហាជននៅតែសង្ស័យពីភាពស្របច្បាប់


(ខេត្តកំពត)៖ គម្រោងសាងសង់សំណង់រឹងមាំជាច្រើនកន្លែង ស្ថិតនៅកៀកនឹងមាត់ព្រែកទឹកឈូ ក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត កំពុងរងការសង្ស័យយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅថា មានការរំលោភបំពានចូលដីចំណីព្រែក ខណៈការដ្ឋានទាំងមូលមិនមានបិទបង្ហាញលិខិតអនុញ្ញាតសាងសង់ជាសាធារណៈនោះឡើយ។
​ជុំវិញភាពមិនប្រក្រតីនេះ ក្រុមការងារអង្គភាពសារព័ត៌មាន ASEAN DAILY បានចុះទៅសង្កេតផ្ទាល់ និងបានធ្វើការទំនាក់ទំនងសាកសួរទៅកាន់ តំណាងរដ្ឋបាលស្រុកទឹកឈូ ដើម្បីស្វែងរកការបំភ្លឺ។ ជាការឆ្លើយតប តំណាងរដ្ឋបាលស្រុកទឹកឈូ បានបញ្ជាក់ឱ្យដឹងថា សំណង់ផ្ទះថ្ម និងអគារទាំង ០៣ ទៅ ០៤កន្លែងនេះ គឺជារបស់ម្ចាស់តែមួយគត់។ ជាមួយគ្នានេះ រដ្ឋបាលស្រុកបានបកស្រាយបំបែកទីតាំងសំណង់នេះជាពីរផ្នែកផ្សេងគ្នា ដោយអះអាងថា៖ ទី១. សំណង់ផ្ទះថ្មធំៗចំនួន ០២ គឺត្រូវបានសាងសង់យ៉ាងត្រឹមត្រូវនៅលើដីកម្មសិទ្ធិ (ប្លង់រឹង) របស់ម្ចាស់ដី។ ទី២. ចំណែកឯសំណង់អគារដែលមានបន្ទប់តូចៗ ដែលសាងសង់លយចូលមកខាងដីចំណីព្រែកនោះ គឺពិតជាចូលចំណីព្រែកមែន ប៉ុន្តែរដ្ឋបាលស្រុកអះអាងថា ម្ចាស់ទីតាំង មានលិខិតអនុញ្ញាតអាស្រ័យផលដីចំណីព្រែក ដោយក្នុងលក្ខខណ្ឌថា ពេលដែលរដ្ឋត្រូវការពេលណា គេនឹងដកចេញប្រគល់ឱ្យវិញពេលហ្នឹង
​តំណាងរដ្ឋបាលស្រុក បានបន្ថែមទៀតថា ឯកសារសុំអាស្រ័យផលដីចំណីព្រែកនេះ ត្រូវបានរដ្ឋបាលឃុំរៀបចំបញ្ជូនទៅថ្នាក់ខេត្ត ហើយថ្នាក់ខេត្តក៏បានអនុញ្ញាតឱ្យសាងសង់ជាការអាស្រ័យផលនេះរួចហើយដែរ។ ប៉ុន្តែ អ្វីដែលកាន់តែធ្វើឱ្យគេហួសចិត្តនោះ គឺនៅពេលក្រុមការងារអង្គភាពសារព័ត៌មាន ASEAN DAILY ស្នើសុំមើលលិខិតអនុញ្ញាតពីថ្នាក់ខេត្តនោះ តំណាងអាជ្ញាធរស្រុក បែរជាឆ្លើយដោះសារថា «ខេត្តមិនបានទម្លាក់លិខិតនោះមកវិញទេ គឺឯកសារស្នើសុំទាំងប៉ុន្មាន ត្រូវបានតម្កល់ទុកនៅខេត្តទាំងអស់»
​ទោះបីជាមានការបកស្រាយពីរដ្ឋបាលស្រុកទឹកឈូយ៉ាងណាក្តី ក៏មហាជន និងអ្នកតាមដានផ្នែកច្បាប់នៅតែមានមន្ទិលសង្ស័យយ៉ាងខ្លាំង។ សំណួរត្រង់ថា តើ «លិខិតអនុញ្ញាតអាស្រ័យផលដីចំណីព្រែក» ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ អាចយកមកអនុវត្តជាមួយការសាងសង់សំណង់រឹងមាំ (ចាក់បេតុង ធ្វើឥដ្ឋ) ដូចជាបន្ទប់តូចៗទាំងនេះបានដែរឬទេ? ជាទូទៅ ការអាស្រ័យផលបណ្តោះអាសន្ន គួរតែជាសំណង់ស្រាល (ឈើ ឫស្សី ស័ង្កសី) ដែលងាយស្រួលរុះរើដកចេញនៅពេលរដ្ឋត្រូវការ មិនមែនជាការបុកគ្រឹះរឹងមាំអចិន្ត្រៃយ៍ឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើគម្រោងរបស់ម្ចាស់ទីតាំងតែមួយនេះស្របច្បាប់មែន ហេតុអ្វីមិនហ៊ានបិទបង្ហាញលិខិតអនុញ្ញាត (ផ្លាកសញ្ញាការដ្ឋាន) ឱ្យបានចំហរជាសាធារណៈ? តើអាជ្ញាធរស្រុក-ឃុំ កំពុងឃុបឃិតគ្នា ហើយយកឈ្មោះរដ្ឋបាលខេត្តមកធ្វើជាខែលការពារកំហុសឬយ៉ាងណា?
​ទន្ទឹមនឹងនេះ អង្គភាពសារព័ត៌មាន ASEAN DAILY និងប្រជាពលរដ្ឋ សូមសំណូមពរ និងអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និង លោកអភិបាលស្រុកទឹកឈូ មេត្តាចាត់វិធានការ និងបញ្ជូនមន្ត្រីជំនាញចុះស៊ើបសង្កេតជាបន្ទាន់ ទៅលើទីតាំងសំណង់បន្ទប់តូចៗ ដែលសង់លយចូលចំណីព្រែកខាងលើ ដើម្បីត្រួតពិនិត្យមើលឯកសារផ្លូវច្បាប់ ស្វែងរកការពិតថាតើថ្នាក់ខេត្តពិតជាបានអនុញ្ញាត និងតម្កល់ទុកឯកសារដូចការលើកឡើងរបស់ថ្នាក់ស្រុកមែនឬយ៉ាងណា? ដើម្បីធានាថាច្បាប់ត្រូវបានអនុវត្តដោយតម្លាភាព និងការពារឱ្យបាននូវដីចំណីព្រែកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
សូមបញ្ជាក់បន្ថែមថា៖ ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន ASEAN DAILY គឺធ្វើឡើងដោយឈរលើមូលដ្ឋាន ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងន័យស្ថាបនា ចូលរួមការពារសម្បត្តិរដ្ឋ និងឆ្លុះបញ្ចាំងពីការពិតជូនសង្គមជាតិ ស្របតាមច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ អង្គភាពយើងខ្ញុំ រង់ចាំស្វាគមន៍ជានិច្ចចំពោះការបកស្រាយបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងព័ត៌មានគ្រប់ជ្រុងជ្រោយជូនមហាជន។
ចេញផ្សាយថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦

ព័ត៌មានដែលជាប់ទាក់ទង