UPDATE វគ្គទី៦៖ ការពិតមិនអាចបិទបាំង! ASEAN DAILY ស្នើសុំតម្លាភាពជុំវិញសំណង់ និងសកម្មភាពកាយដីនៅស្រុកស្រែអំបិល

អង្គភាពព័ត៌មាន ASEAN DAILY សូមគោរពជម្រាបជូនសាធារណជន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពាក់ព័ន្ធនឹងការតាមដានសំណុំរឿងសំណង់ផ្ទះ ០៣ខ្នង និងសកម្មភាពកាយដីនៅជើងភ្នំ ស្ថិតក្នុងភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
យើងខ្ញុំសូមបញ្ជាក់ជូនថា រាល់ការចុះផ្សាយកន្លងមក គឺផ្អែកលើវិជ្ជាជីវៈសារព័ត៌មានប្រកបដោយតម្លាភាព។ អង្គភាពយើងខ្ញុំមានភស្តុតាងជាក់ស្ដែងនៃការទាក់ទងសុំការបំភ្លឺពីលោកអភិបាលស្រុកស្រែអំបិល និងអ្នកនាំពាក្យសាលាខេត្តកោះកុង តាំងពីមុនពេលចុះផ្សាយ។ ការរក្សាភាពស្ងៀមស្ងាត់នៅពេលអ្នកសារព័ត៌មានសួរនាំ រួចបែរជាចេញសេចក្ដីបំភ្លឺទម្លាក់កំហុសមកលើអ្នកសារព័ត៌មាននៅពេលក្រោយ មិនមែនជាការអនុវត្តតួនាទីប្រកបដោយតម្លាភាពឡើយ។
ក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម អង្គភាពព័ត៌មាន ASEAN DAILY សូមស្នើសុំដោយស្មោះត្រង់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
១. សូមឱ្យរដ្ឋបាលស្រុកស្រែអំបិល បង្ហាញឯកសារគតិយុត្ត ឬប្លង់កាត់ឆ្វៀលជាក់ស្ដែង ដើម្បីឱ្យមហាជនអស់មន្ទិលសង្ស័យ។
២. សូមឱ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ជុំវិញវិធានការចំពោះសកម្មភាពកាយដីនៅជើងភ្នំ ដែលកំពុងប៉ះពាល់ដល់ធនធានធម្មជាតិ។
ដើម្បីធានាបាននូវយុត្តិធម៌ និងការពារទ្រព្យសម្បត្តិរដ្ឋ អង្គភាពយើងខ្ញុំសូមគោរពអំពាវនាវដល់៖
- ឯកឧត្តមបណ្ឌិត អៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
- ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
- លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការបង្ហាញតម្លាភាពនឹងជួយការពារទ្រព្យសម្បត្តិរដ្ឋ និងរក្សាសេចក្ដីសុខជូនប្រជាពលរដ្ឋស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
អង្គភាពព័ត៌មាន ASEAN DAILY
