ពលរដ្ឋរស់នៅតាមមាត់ស្ទឹងព្រែកត្នោត ភ័យខ្លាចបាក់ស្រុតលំនៅឋានដោយសារការដ្ឋានកកាយអាចម៍ដី ខណៈទាមទារឱ្យស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យជាបន្ទាន់

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងការដ្ឋានកកាយអាចម៍ដីមួយកន្លែង ស្ថិតនៅតាមបណ្តោយមាត់ស្ទឹងព្រែកត្នោត ក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ បានសម្តែងការរអ៊ូរទាំ និងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពលំនៅឋានរបស់ខ្លួន។ ក្តីកង្វល់នេះ កើតឡើងដោយសារសកម្មភាពគ្រឿងចក្រធុនធ្ងន់ ដែលកំពុងកកាយអាចម៍ដីចំណីមាត់ស្ទឹងដាក់ចូលរថយន្តយ៉ាងគគ្រឹកគគ្រេង ដែលអាចបង្កជាហានិភ័យបាក់ស្រុតច្រាំងស្ទឹង។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់បានឱ្យដឹងថា ទីតាំងនេះមានសកម្មភាពកកាយអាចម៍ដីជាយូរមកហើយ។ អ្វីដែលជាក្តីព្រួយបារម្ភបំផុតនោះ គឺនៅក្នុងរដូវវស្សាដែលទឹកស្ទឹងឡើងខ្ពស់ ងាយនឹងបង្កឱ្យមានការបាក់ស្រុតច្រាំងស្ទឹងយ៉ាងងាយ។ ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងថា សកម្មភាពនេះនឹងធ្វើឱ្យបាក់ស្រុតដីចំណីស្ទឹង ឈានទៅដល់ការខូចខាតផ្ទះសម្បែងរបស់ពួកគាត់ជាមិនខាន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានចោទជាសំណួរយ៉ាងទទូចថា ៖ «ប្រសិនបើការដ្ឋានកកាយអាចម៍ដីនេះ ធ្វើឱ្យបាក់ស្រុតច្រាំងស្ទឹង រហូតប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពួកគាត់ តើបុគ្គលណា ឬស្ថាប័នណាជាអ្នកទទួលខុសត្រូវពិតប្រាកដ?»។
ជុំវិញក្តីកង្វល់របស់ប្រជាពលរដ្ឋខាងលើ អង្គភាពព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅលោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ដើម្បីសុំការបំភ្លឺដែរ ប៉ុន្តែពុំមានការឆ្លើយតបនោះទេ។ ដោយឡែក ពេលក្រុមការងារយើងទាក់ទងទៅលោកចៅសង្កាត់ទៀន លោកបានណែនាំឱ្យទាក់ទងទៅម្ចាស់ទីតាំងផ្ទាល់។ ក្រោយមក ពេលអង្គភាពព័ត៌មានយើងទំនាក់ទំនងទៅម្ចាស់ទីតាំង ភាគីនោះបានឆ្លើយតបយ៉ាងខ្លីថា «ច្បាប់អនុញ្ញាតគឺនៅនឹងមេ» ប៉ុន្តែមិនមានឯកសារផ្លូវច្បាប់ណាមួយត្រូវបានបង្ហាញមកខាងអង្គភាពព័ត៌មានយើងនោះទេ។
ផ្តើមចេញពីបញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំក្រសួង ឬមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ មេត្តាចុះអន្តរាគមន៍ជាបន្ទាន់ ដែលក្នុងនោះរួមមាន ៖
១. រដ្ឋបាលខណ្ឌដង្កោ ៖ ដែលជាអាជ្ញាធរគ្រប់គ្រងដែនដីផ្ទាល់ ត្រូវក្តាប់ឱ្យបាននូវទុក្ខលំបាករបស់រាស្ត្រក្នុងមូលដ្ឋាន។
២. ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ៖ ដែលមានតួនាទីគ្រប់គ្រងចំណីស្ទឹង បឹងបួរ និងចរន្តរំដោះទឹកស្ទឹងព្រែកត្នោត។
៣. ក្រសួង និងមន្ទីររ៉ែ និងថាមពល ៖ ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការផ្តល់អាជ្ញាប័ណ្ណ និងត្រួតពិនិត្យបច្ចេកទេសអាជីវកម្មកកាយអាចម៍ដី។
៤. ក្រសួង និងមន្ទីរបរិស្ថាន ៖ ដែលត្រូវចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ថាតើសកម្មភាពនេះបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងបង្កវិនាសកម្មដល់ច្រាំងស្ទឹងកម្រិតណា។
មហាជន និងប្រជាពលរដ្ឋរងគ្រោះ រង់ចាំមើលចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ធខាងលើ ក្នុងការចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃការដ្ឋាន និងចាត់វិធានការទប់ស្កាត់រាល់ផលប៉ះពាល់ជាយថាហេតុណាមួយ មុនពេលដែលអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងការខូចខាតពិតប្រាកដ។
បញ្ជាក់ ៖ ក្នុងការចុះផ្សាយនេះ អង្គភាពព័ត៌មានយើងខ្ញុំបានត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំង នាំសារពីបងប្អូនប្រជាពលរដ្ឋជូនទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងនាំសារពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកកាន់បងប្អូនប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ ដោយពុំមានចេតនាញុះញង់ បំផ្លើស ឬបង្កផលប៉ះពាល់ដល់សិទ្ធិបុគ្គល ឬស្ថាប័នណាមួយឡើយ។ ដើម្បីធានាបាននូវតុល្យភាពព័ត៌មានគ្រប់ជ្រុងជ្រោយ អង្គភាពព័ត៌មានយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្ម រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ សូមអរគុណ !
