តើការអនុវត្តច្បាប់ ឬអំណាចបុគ្គលជាធំ? ចាប់ឡានគេមិនបាច់មានកំណត់ហេតុ មិនបាច់ឆ្លងកាត់ព្រះរាជអាជ្ញា ស្រាប់តែប្រែក្លាយជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរលូន!

នេះជាករណីដ៏គួរឱ្យហួសចិត្ត និងមិនអាចទទួលយកបាន ដែលរថយន្ត Ford Mustang ពណ៌ក្រហម (ស្លាកលេខ ភ្នំពេញ 2BS-6371) របស់ជនជាតិឥណ្ឌូណេស៊ី ត្រូវបានលោកអធិការរងក្រុងប៉ោយប៉ែត ដកហូតយកមកជិះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំងដែលរថយន្តនេះមិនពាក់ព័ន្ធបទល្មើសអ្វីទាំងអស់។
អ្វីដែលកាន់តែហួសចិត្ត គឺការដកហូតនេះគ្មានការធ្វើកំណត់ហេតុ ឬរបាយការណ៍ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តនោះទេ។ បញ្ហានេះមិនមែនកើតឡើងតែមួយករណីទេ ជាក់ស្តែងកន្លងមកសូម្បីនៅខេត្តផ្សេងៗ ក៏ធ្លាប់មានការស្ទាក់ចាប់រថយន្តប្រជាពលរដ្ឋ (ដូចជាករណីឡាន Mercedes) យកទៅជិះដោយគ្មានឆ្លងកាត់នីតិវិធីតុលាការដូចគ្នាដែរ។
តើនេះជារឿងត្រឹមត្រូវដែរឬទេ? ខ្ញុំសូមសួរជាសំណួរថា៖
១. បើឡាននោះពាក់ព័ន្ធបទល្មើសមែន ហេតុអ្វីមិនបញ្ជូនទៅតុលាការរក្សាទុក?
២. តើច្បាប់ប្រទេសយើងមានចែងថា “វត្ថុតាងដែលរឹបអូសបាន ត្រូវបែងចែកគ្នាជិះ” ដែរឬទេ?
ទង្វើបែបនេះមិនត្រឹមតែបំផ្លាញមុខមាត់កងកម្លាំងយុត្តិធម៌ និងស្ថាប័នរដ្ឋប៉ុណ្ណោះទេ តែជាការជាន់ឈ្លីច្បាប់យ៉ាងធ្ងន់ធ្ងរ។ បើថ្នាក់លើនៅតែបិទភ្នែកម្ខាងចំពោះទង្វើ “រឹបអូសដោយបំពាន” បែបនេះទៀត តើឱ្យប្រជារាស្ត្រ និងអ្នកវិនិយោគបរទេសសង្ឃឹមលើអ្វីទៀត?
យើងសង្ឃឹមថាថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ នឹងមានចំណាត់ការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីនេះ ដើម្បីផ្តល់យុត្តិធម៌ជូនម្ចាស់ដើមវិញ!
