ព័ត៌មានបន្តជុំវិញវិវាទដីធ្លីនៅខណ្ឌឫស្សីកែវ៖ លោកយាយ តាំង ហៃថាំង បង្ហាញឯកសារទិញលក់ និងអំពាវនាវរកយុត្តិធម៌ពីប្រមុខថ្នាក់ដឹកនាំ

រាជធានីភ្នំពេញ៖ ក្នុងស្មារតីគោរពវិជ្ជាជីវៈសារព័ត៌មាន និងការរក្សាតុល្យភាពព័ត៌មាន អង្គភាពសារព័ត៌មាន ASD ASEAN DAILY សូមបន្តចុះផ្សាយនូវការបំភ្លឺបន្ថែមពីសំណាក់ប្រជាពលរដ្ឋឈ្មោះ លោកយាយ តាំង ហៃថាំង ជុំវិញករណីវិវាទដីធ្លី ឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី៣ ខែសីហា កន្លងទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ករណីនេះគឺជាវិវាទនៃការបែងចែកដីក្នុងរង្វង់គ្រួសារ ដោយអាជ្ញាធរបានដោះស្រាយ និងប្រគល់ដីចំនួន ៤ឡូតិ៍ ទៅឱ្យកូនប្រសាររបស់លោកយាយឈ្មោះ ព្រំ បូរ រួចរាល់ហើយ ប៉ុន្តែឈ្មោះ ព្រំ បូរ មិនបានបែងចែកចំណែកជូនលោកយាយ ទើបឈានដល់ការដាក់ពាក្យប្តឹងទប់ស្កាត់ការធ្វើប្លង់។
យ៉ាងណាមិញ ដើម្បីបញ្ជាក់ពីអង្គហេតុពិតរបស់ខ្លួន លោកយាយ តាំង ហៃថាំង បានផ្តល់បទសម្ភាសន៍ជាវីដេអូមកកាន់អង្គភាពយើងខ្ញុំ ដោយបានបំភ្លឺបដិសេធចំពោះការលើកឡើងខាងលើ។ លោកយាយបានអះអាងថា ទីតាំងដីរបស់គាត់ និងដីរបស់លោក ព្រំ បូរ គឺស្ថិតនៅទីតាំងផ្សេងគ្នា ពោលគឺនៅភូមិផ្សេង ទីតាំងផ្សេង និងមិនមានការពាក់ព័ន្ធគ្នានោះទេ។
ជាអំណះអំណាងបន្ថែម លោកយាយបានបង្ហាញនូវឯកសារចំនួន ៤សន្លឹក ដែលបញ្ជាក់ពីការកាន់កាប់របស់ខ្លួនតាំងពីចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥។ ឯកសារទាំងនោះរួមមាន បង្កាន់ដៃទទួលពាក្យ និងលិខិតផ្ទេរសិទ្ធិទិញលក់ត្រឹមត្រូវ ដោយលោកយាយអះអាងថា នេះជាដីដែលគាត់បានទិញដោយកម្លាំងញើសឈាមខ្លួនឯង មិនមែនជាការទាមទារចំណែកមរតក ឬទាមទារដីពីលោក ព្រំ បូរ នោះឡើយ។
តាមរយៈការបំភ្លឺនេះ លោកយាយ តាំង ហៃថាំង ដែលជាស្ត្រីវ័យចំណាស់ បានលើកដៃសំពះអំពាវនាវយ៉ាងទទូច សុំក្តីមេត្តាធម៌ពីប្រមុខថ្នាក់ដឹកនាំកំពូល រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាជួយពិនិត្យឯកសារឡើងវិញ និងផ្តល់យុត្តិធម៌ជូនរូបគាត់។
សេចក្តីបញ្ជាក់ជំហររបស់អង្គភាពសារព័ត៌មាន ASD ASEAN DAILY៖
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមជម្រាបជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចមេត្តាជ្រាបថា ការចុះផ្សាយនេះ គឺធ្វើឡើងដោយឈរលើគោលការណ៍ផ្តល់សិទ្ធិឆ្លើយតប ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំដើរតួនាទីត្រឹមជាកញ្ចក់ឆ្លុះបញ្ចាំង និងជាស្ពាននាំយកសំឡេង ព្រមទាំងឯកសាររបស់ប្រជាពលរដ្ឋជូនថ្នាក់ដឹកនាំ ក្នុងន័យស្ថាបនាប៉ុណ្ណោះ។ យើងខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា ការចុះផ្សាយនេះពុំមានចេតនាញុះញង់ បង្កការរើសអើង លូកដៃជ្រៀតជ្រែកអំណាច ឬវាយប្រហារលើចំណាត់ការរបស់អាជ្ញាធរដែនដីឡើយ។ អង្គភាពយើងខ្ញុំបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសូមគោរពទុកសិទ្ធិទាំងស្រុងជូនអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងស្ថាប័នយុត្តិធម៌ ក្នុងការស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើភាពត្រឹមត្រូវនៃឯកសាររបស់ភាគីពាក់ព័ន្ធតាមនីតិវិធីច្បាប់។
ចុះផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ដោយ៖ អង្គភាពសារព័ត៌មាន ASD ASEAN DAILY
