រន្ធត់ និង ឈឺចាប់ហួសថ្លែង! កូនស្រីស្រក់ទឹកភ្នែកសោកសង្រេង ក្រោយជនពាលគាស់ចេតិយវាយបំបែកកោដ្ឋអដ្ឋិធាតុមាតាបិតាខ្ទេចខ្ទីគ្មានសល់

(ខេត្តកណ្ដាល) ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦ ៖ ជារឿងមួយដ៏គួរឲ្យរន្ធត់ តក់ស្លុត និង ក្ដុកក្ដួលអាណិតជាទីបំផុត ក្នុងនាមជាកូនចៅដែលតែងតែមានសេចក្ដីកតញ្ញូ ស្រាប់តែត្រូវមកប្រទះឃើញទិដ្ឋភាពកោដ្ឋអដ្ឋិធាតុរបស់ព្រះរស់ ឬ ជាមាតាបិតាបង្កើត ត្រូវបានជនពាលវាយបំបែក កកាយរាយប៉ាយខ្ទេចខ្ទីពេញចេតិយយ៉ាងអាណោចអាធ័ម។ ហេតុការណ៍ដ៏អមនុស្សធម៌នេះ បានកើតឡើងនៅក្នុងបរិវេណ វត្តបឹងខ្យាង ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលរងគ្រោះទៅលើចេតិយរបស់ប្រជាពលរដ្ឋឈ្មោះ ផាន់ សម្ផស្ស។
ទិដ្ឋភាពជាក់ស្ដែងនៅក្នុងចេតិយ ពិតជាធ្វើឲ្យម្ចាស់ដើមបាក់ទឹកចិត្ត និង ឈឺចាប់ស្ទើរស្ទះទ្រូង។ ពេលដែលរៀបចំខ្លួនធ្វើដំណើរទៅវត្តក្នុងបំណងធ្វើបុណ្យទាន គោរពបូជាដល់វិញ្ញាណក្ខន្ធអ្នកមានគុណ បែរជាត្រូវមកប្រឈមមុខនឹងភាពសង្វេគ ឃើញបំណែកកោដ្ឋត្រូវគេវាយបំបែក រីឯផេះផង់អដ្ឋិធាតុត្រូវគេកកាយទម្លាក់រាយប៉ាយពាសពេញរានតម្កល់ទៅវិញ។ ក្នុងនាមជាកូន តើមានការឈឺចាប់ និង សោកស្ដាយកម្រិតណា នៅពេលដែលសូម្បីតែអដ្ឋិធាតុមាតាបិតា ដែលខំកសាងចេតិយតម្កល់ទុកជាទីសក្ការៈទៅហើយ ក៏នៅតែត្រូវជនខិលខូចតាមមករុករានបំពាន បំផ្លាញមិនឲ្យបានស្ងប់សុខបែបនេះ?
យោងតាមពាក្យបណ្ដឹងផ្លូវការ បានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍គាស់ទ្វារចេតិយចូលទៅវាយកម្ទេចកោដ្ឋនេះ បានកើតឡើងកាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ៣ និង ៣០ នាទី ទៀបភ្លឺ។ ទង្វើនេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់តម្លៃសីលធម៌ព្រះពុទ្ធសាសនា និង ជាន់ឈ្លីផ្លូវចិត្តរបស់ក្រុមគ្រួសារញាតិសន្ដានយ៉ាងធ្ងន់ធ្ងរបំផុត ដែលសង្គមខ្មែរមិនអាចទទួលយកបានឡើយ។
ស្ថិតក្នុងសភាពវឹកវរផ្លូវចិត្ត និង ទឹកភ្នែករមៀលធ្លាក់ឥតល្ហែ ម្ចាស់កោដ្ឋអដ្ឋិធាតុ សូមលើកហត្ថប្រណម្យសំពះអង្វរករ និង ស្នើសុំយ៉ាងទទូចដល់ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោកស្នងការនគរបាលខេត្ត ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយអន្តរាគមន៍ ស្រាវជ្រាវ និង ចាត់វិធានការក្ដៅតាមដានវែកមុខជនសង្ស័យដែលគ្មានសីលធម៌ទាំងនោះ យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខានតែបាន។
ការស្វែងរកយុត្តិធម៌ជូនវិញ្ញាណក្ខន្ធមាតាបិតានៅពេលនេះ គឺជាការលួងលោមផ្លូវចិត្តដ៏ធំបំផុតសម្រាប់ក្រុមគ្រួសារ និង ជាការព្រមានយ៉ាងម៉ឺងម៉ាត់កុំឲ្យទង្វើថោកទាបបែបនេះ កើតមានជាថ្មីក្នុងសង្គមខ្មែរតទៅទៀត៕
