សមត្ថកិច្ចចុះបង្ក្រាបទីតាំងបារបារាំង២កន្លែង យីហោ «ហ្វេម ឌីម» និង «រេដ រ៉ូមែន» សង្ស័យបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្ស ៣៧នាក់

📍 រាជធានីភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការឆ្មក់ចូលហាងបារបារាំងចំនួន ២ទីតាំងក្បែរគ្នា ដែលមានយីហោ «ហ្វេម ឌីម» និង «រេដ រ៉ូមែន» ដោយសង្ស័យថាទីតាំងទាំងនេះមានបង្កប់សេវាកម្មផ្លូវភេទ និងមាននារីបម្រើការមិនទាន់គ្រប់អាយុ (អនីតិជន)។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលក្រោយការចុះប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន ៣៧នាក់ ពីក្នុងទីតាំងទាំងពីរខាងលើ។ បច្ចុប្បន្ន មនុស្សទាំង ៣៧នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
