សេចក្តីប្រកាសព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមគោរពជម្រាបជូនសាធារណជនឱ្យបានជ្រាប ពាក់ព័ន្ធនឹងករណីបុរសម្នាក់បើកបរដោយបញ្ចេញសកម្មភាពមិនសមរម្យតាមដងផ្លូវសាធារណៈ នៅចំណុចភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ជាលទ្ធផលនៃការស្រាវជ្រាវ៖
ក្រោយពីទទួលបានព័ត៌មាន និងបទបញ្ជាភ្លាមៗ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានចុះស្រាវជ្រាវ និងកោះហៅបុរសដែលបើកបរម៉ូតូក្នុងវីដេអូខាងលើ ឈ្មោះ ផល គីមសេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការបំភ្លឺ។ ការកោះហៅនេះ គឺធ្វើឡើងបន្ទាប់ពីសាមីខ្លួនបានបើកបរក្នុងលក្ខណៈមិនសមរម្យ ព្រមទាំងថតវីដេអូបង្ហោះលើបណ្តាញសង្គម ដែលទង្វើនេះបង្កឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផល គីមសេង បានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តពិតប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងតម្រូវឱ្យសាមីខ្លួនធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព កែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម និងធានាមិនឱ្យមានកំហុសឆ្គងបែបនេះកើតឡើងជាថ្មីនៅថ្ងៃក្រោយទៀតឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ!
