នាវាដឹកភ្ញៀវទេសចរណ៍អន្តរជាតិខ្នាតយក្ស ១គ្រឿង ឈ្មោះ MV. VIKING VENUS បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ.

(ខេត្តព្រះសីហនុ)៖ នាវេលាម៉ោង ៦:៤០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ MV. VIKING VENUS ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅទឹក -៦,៥៦ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ។
បន្ទាប់ពីចេញដំណើរមកពី ប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៧ នាក់ (ស្រី ១១២ នាក់) មាន ៣៥ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៥៦ នាក់ (ស្រី ៤៤៨ នាក់) មាន ២៧ សញ្ជាតិ។
សញ្ជាតិ ដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺ សហរដ្ឋអាមេរិក ចំនួន ៦៨៦ នាក់ និងអូស្ត្រាលី ចំនួន ៧៧ នាក់ ហើយនាវាទេសចរណ៍អន្តរជាតិនេះ នឹងចាកចេញទៅ ប្រទេសថៃ នាវេលាម៉ោង ២ រសៀល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
ភ្ញៀវទេសចរណ៍ទាំងអស់នៅលេីនាវានេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុផងដែរ។
ផ្សាយ:ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)







