អីយ៉ាសមកទៀតហើយៗ.អាចាស់មិនទាន់បាត់ផងឥឡូវមានអាថ្មីមួយទៀត.យី.អីក៏ព្រហើនម៉្លេះន៎..មានឃ្លាំងស្តុកសាច់បង្កកពុល និងទំនិញគេចពន្ធនៅផ្លូវ ៥៦ បន្តបើកយ៉ាងគឃ្លើនទាំងយប់ទាំងថ្ងៃ! តើ លោក/លោកស្រី អភិបាលខណ្ឌ និងលោកអធិការដង្កោ យល់ថា «ភាពស្ងៀមស្ងាត់រាប់ឆ្នាំ» នេះ គឺជាកាតព្វកិច្ចរបស់មន្ត្រីក្នុងការការពារ «ចម្ការបេះផល» របស់ឈ្មួញល្មើសច្បាប់ ឬមួយជាការលក់ដូរ «សុខភាពជាតិ» ដូរនឹងលាភសក្ការៈដ៏ខ្មៅងងឹតមែន? សូមថ្នាក់ដឹកនាំក្នុងមូលដ្ឋាននោះគ្រប់ជាន់ថ្នាក់ ចេញបញ្ជាផងទានដើម្បី វែកមុខអ្នកពាក់ព័ន្ធ និងបំបាក់ខ្នង «មន្ត្រីគ្រាប់ល្ពៅស្ងោរ» ដែលបណ្តោយឲ្យឈ្មួញជាន់ឈ្លីច្បាប់ភ្លាម!

រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ –
ការព្រងើយកន្តើយចំពោះសុវត្ថិភាពម្ហូបអាហារ និងការគេចពន្ធដារ កំពុងដាក់បន្ទុកលើអភិបាលរាជធានី និងអគ្គនាយកដ្ឋាន ក.ប.ប. ឲ្យចេញមុខដោះស្រាយ អាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ កំពុងត្រូវបានមហាជន និងអង្គភាពសារព័ត៌មានដាក់ការសង្ស័យយ៉ាងធ្ងន់ធ្ងរ ជុំវិញភាពស្ងប់ស្ងាត់គួរឲ្យសង្ស័យ លើករណីឃ្លាំងស្តុកទំនិញខ្នាតយក្សមួយកន្លែង ដែលសង្ស័យថាជាកន្លែងស្តុក សាច់បង្កក គ្មានប្រភពច្បាស់លាស់ ឧបករណ៍ គ្រឿងអេឡិចត្រូនិច គេចពន្ធ និង អាលុយមីញ៉ូម គ្មានឯកសារត្រឹមត្រូវ។ ទីតាំងដ៏អាថ៌កំបាំងនេះ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥៦ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ទោះបីជាមានការរាយការណ៍ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋរាប់ឆ្នាំមកហើយក្តី ក៏រហូតមកដល់ពេលនេះ កម្លាំងជំនាញរបស់ខណ្ឌហាក់បីដូចជា “បិទភ្នែក បិទត្រចៀក គរថ្លង់” បានមិនហ៊ានចេញមុខពិនិត្យ ទើបបង្កឲ្យមានមហាជនមានការចោទសួរថា តើនេះជាការព្រងើយកន្តើយក្នុងការបំពេញភារកិច្ច ឬមួយក៏ទីតាំងនេះជា “ចម្ការបេះផល” ដ៏គាប់ប្រសើរសម្រាប់មន្ត្រីប្រចាំតំបន់មួយចំនួន?
១. ឃ្លាំងដុះស្លែរ៖ សកម្មភាពទាំងយប់ទាំងថ្ងៃ ដោយគ្មានខ្លាចក្រែង
យោងតាមការខ្សឹបប្រាប់ និងការតាមដានថតរូបភាពរបស់ក្រុមការងារសារព័ត៌មានយើងខ្ញុំ ទីតាំងឃ្លាំងនៅផ្លូវ ៥៦ នេះ ត្រូវបានប្រជាពលរដ្ឋនៅភូមិតាម៉ាត (បុរីប៊ុនលី) ចាត់ទុកជា “ឃ្លាំងដុះស្លែរ” ដែលដំណើរការយ៉ាងសកម្ម ២៤ម៉ោងលើ២៤ម៉ោង។ រថយន្តធុនធំដឹកទំនិញចូល-ចេញ ដូចទឹកបាក់ទំនប់ មិនថាយប់ ឬថ្ងៃ។ ភាពមមាញឹកនេះ បង្ហាញយ៉ាងច្បាស់ថា ឃ្លាំងនេះជាបណ្តាញចែកចាយដ៏ធំ។

ពលរដ្ឋមួយចំនួនបានដាក់សំណួរសំណួរចោទទៅឈ្មួញយ៉ាងដូច្នេះ: តើការដឹកជញ្ជូនសាច់បង្កកទាំងយប់ទាំងថ្ងៃនេះ ធានាបាននូវសីតុណ្ហភាព និងសុវត្ថិភាពចំណីអាហារដែរ ឬទេ? តើទំនិញគ្រឿងអេឡិចត្រូនិច និងអាលុយមីញ៉ូមទាំងនេះ បានបង់ពន្ធនាំចូលពេញលេញ ជូនរដ្ឋ ឬក៏ជាទំនិញគេចពន្ធដារ ដែលបំពានច្បាប់គយ និងពន្ធដារ?
*មហាជនបានដាក់សំណួរចោទទៅមន្ត្រីខណ្ឌផងដែលថា: តើការដឹកជញ្ជូនរថយន្តធុនធំនៅក្បែរទីប្រជុំជនបែបនេះ មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់ ចរាចរណ៍ ឬការរស់នៅរបស់ប្រជាពលរដ្ឋ ឬក៏មន្ត្រីជំនាញចរាចរណ៍ បានទទួលដំណេក ជាថ្នូរនឹងភាពស្ងៀមស្ងាត់?
២. ភាពស្ងៀមស្ងាត់៖ មន្ត្រីជំនាញត្រូវថ្នាំសណ្តំ?
ការព្រងើយកន្តើយចំពោះបាតុភាពនេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ ក្រុមការងារយើងខ្ញុំ សុំរាយការណ៍ដោយផ្ទាល់ជូនលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ទោ ជេម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ថាទីតាំងដ៏ជាក់លាក់នេះ នៅតែបើកដំណើរការឥតខ្ចោះ។ មហាជន ពលរដ្ឋនៅតំបន់នោះកំពុងឆ្ងល់ និងដាក់សំណួរសំណួរចោទចំទៅមន្ត្រីមូលដ្ឋាន (អភិបាល/អធិការ): តើអស់លោក/លោកស្រី មិនបានដឹង ពីវត្តមានឃ្លាំងខ្នាតធំនេះមែនទេ? ឬក៏ ដឹង តែមិនហ៊ាន បង្ក្រាបដោយសារតែទីតាំងនេះ “មានខ្នងក្រាស់”? តើអស់លោក/លោកស្រីបានអនុវត្តន៍ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រឹមត្រូវតាមស្មារតីរបស់រាជរដ្ឋាភិបាលដែរ ឬទេ? ភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំមូលដ្ឋាន គឺស្មើនឹងការ ចូលរួមក្នុងការបំពានច្បាប់!
* សំណួរចោទទៅអ្នកទទួលផល (គឺឈ្មួញ): តើលោក/លោកស្រីបានចំណាយ “លុយបាយទឹក” ប៉ុន្មាន ដើម្បីឲ្យមន្ត្រីជំនាញបំពេញកាតព្វកិច្ចដោយការ “ងងុយដេក”? តើលោក/លោកស្រីមានឯកសារចុះបញ្ជីអាជីវកម្ម ឯកសារបង់ពន្ធ និងលិខិតអនុញ្ញាតស្តុកសាច់បង្កក ពីក្រសួងពាក់ព័ន្ធ ត្រឹមត្រូវទេ? បើមិនមាន តើនេះមិនមែនជា បទល្មើសជាក់ស្តែង ដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈទេឬ?
៣. សំឡេងអំពាវនាវធ្ងន់ៗ ទៅកាន់ថ្នាក់ជាតិដើម្បីទម្លាយនូវវាំងននភាពស្ងៀមស្ងាត់នេះ អង្គភាពសារព័ត៌មានយើងខ្ញុំ ស្នើសុំយ៉ាងខ្លាំងក្លា និងទទូច ទៅកាន់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងស្ថាប័នមានសមត្ថកិច្ចធំៗ៖
* ឯកឧត្តម ឃួង ស្រេង (អភិបាលរាជធានីភ្នំពេញ) និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ (ស្នងការដ្ឋានរាជធានីភ្នំពេញ) សូមមេត្តា ចេញបទបញ្ជា ផ្ទាល់ និងចាត់កម្លាំង ឯកភាពខណ្ឌ/រាជធានី ភ្លាមៗ ចុះឆែកឆេរ និងត្រួតពិនិត្យឃ្លាំងនេះឲ្យបានឆាប់រហ័សបំផុត។

* អគ្គនាយកដ្ឋាន ក.ប.ប. (ការពារប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ) សូមមេត្តាបញ្ជូនមន្ត្រីជំនាញរបស់ខ្លួន ចុះយកសំណាក នៃសាច់បង្កកទាំងអស់ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ (ដូចជា៖ ហ្វ័រម៉ាលីន) និងពិនិត្យ កាលបរិច្ឆេទប្រើប្រាស់ មុននឹងទំនិញទាំងនេះត្រូវបានចែកចាយទៅកាន់ទីផ្សារទូទាំងប្រទេស។
ការអនុញ្ញាតឲ្យទីតាំងដែលសង្ស័យថាជាកន្លែងស្តុកទំនិញគេចពន្ធ និងទំនិញប៉ះពាល់សុខភាព (សាច់បង្កក) ដំណើរការយ៉ាងរលូនរាប់ឆ្នាំ ដោយសារតែភាពអសកម្មរបស់មន្ត្រីមូលដ្ឋាន គឺជាការបង្ហាញពី ភាពទន់ខ្សោយ ក្នុងការអនុវត្តន៍ច្បាប់។ បើអាជ្ញាធរនៅតែបន្តធ្វើ “គថ្លង់ ងងឹតភ្នែក” ទៀតនោះ មហាជននឹងបន្តដាក់ការសង្ស័យថា មន្ត្រីមូលដ្ឋានមួយចំនួន ពិតជាមានជាប់ពាក់ព័ន្ធ នឹងផលប្រយោជន៍ដ៏ខ្មៅងងឹតពីឈ្មួញមែន។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជា “កញ្ចក់ឆ្លុះបញ្ចាំង” នូវក្តីកង្វល់របស់ប្រជាពលរដ្ឋ និងរិះគន់ក្នុងន័យ ស្ថាបនា ប៉ុណ្ណោះ។ យើងខ្ញុំមិនមានចេតនាបង្កាច់បង្ខូចស្ថាប័នណាមួយឡើយ តែតម្រូវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែ ភ្ញាក់រលឹក និង បំពេញភារកិច្ចដោយស្មោះត្រង់ ។

សុខភាព និងសុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋទូទាំងប្រទេស មិនអាចត្រូវយកមកប្រៀបធៀប នឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្ត្រី និងឈ្មួញមួយក្រុមតូចបានឡើយ!
យើងខ្ញុំរង់ចាំនូវសកម្មភាពបង្ក្រាប និងការឆ្លើយបំភ្លឺជាផ្លូវការពីគ្រប់ស្ថាប័នពាក់ព័ន្ធ នាពេលក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។ ។

ព័ត៌មានដែលជាប់ទាក់ទង