តើអភិបាលខណ្ឌមានជ័យ ជ្រាបទេ? ពលរដ្ឋរិះគន់រឿងឃ្លាំងធំមួយសង់របងរំលោភចំណីផ្លូវ និងសំណង់មួយទៀតបុកគ្រឹះលយចូលប្រឡាយមេបឹងទំពន់


រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កំពុងសម្តែងការហួសចិត្ត និងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពសំណង់ចំនួនពីរល្មើសច្បាប់យ៉ាងគឃ្លើន ដែលកំពុងតែបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ និងរំលោភលើទ្រព្យសម្បត្តិរដ្ឋ ដោយគ្មានការកោតក្រែងច្បាប់ទម្លាប់បន្តិចសោះឡើយ។ ករណីនេះបានបង្កើតជាសំណួរចាក់ដោតទៅកាន់អាជ្ញាធរមូលដ្ឋាន ជាពិសេសលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ថាតើលោកបានជ្រាប ឬមានចំណាត់ការបែបណាដែរ?
យោងតាមប្រភពព័ត៌មាន និងការរអ៊ូរទាំពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឱ្យដឹងថា ទីតាំងឃ្លាំងដ៏ធំមួយដែលមានទំហំទទឹងរហូតដល់ទៅជាង៥០ម៉ែត្រ បានសាងសង់របងលយចេញមកលើចំណីផ្លូវសាធារណៈរហូតដល់ទៅជាង១ម៉ែត្រ។ ការសាងសង់បែបអាត្មានិយមនេះ មិនបានគិតគូរដល់ការធ្វើដំណើរ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាល់តែសោះ។
ផ្លូវសាធារណៈនៅទីនោះបច្ចុប្បន្នមានទំហំតូចចង្អៀតស្រាប់ទៅហើយ (ប្រហែលត្រឹម៥ម៉ែត្រ) ចុះបើម្ចាស់ឃ្លាំងដ៏មានអំណាចម្នាក់នេះ ហ៊ានធ្វើរបងរំលោភបំពានយកចំណីផ្លូវអស់ជាង ១ម៉ែត្រទៅហើយ តើទុកផ្លូវឱ្យពលរដ្ឋធ្វេីដំណេីរដោយរបៀបណា? តើសង្ឃឹមអ្វីទៀតចំពោះសណ្តាប់ធ្នាប់សាធារណៈ? នេះជាការលើកឡើងទាំងក្តុកក្តួល និងហួសចិត្តពីពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះ។
អ្វីដែលកាន់តែបង្កការហួសចិត្ត និងផ្ទុះការរិះគន់កាន់តែខ្លាំងថែមទៀតនោះ គឺដីមួយកន្លែងទៀតដែលស្ថិតនៅទល់មុខឃ្លាំងខាងលើ ក៏កំពុងតែដំណើរការបុកគ្រឹះសាងសង់ផ្ទះយ៉ាងគគ្រឹកគគ្រេង។ ប៉ុន្តែការបុកគ្រឹះនោះមិនមែនធ្វើឡើងនៅលើដីកម្មសិទ្ធិស្របច្បាប់ទាំងស្រុងនោះទេ ពោលគឺបានបុកគ្រឹះលយចូលទៅក្នុងមាត់ «ប្រឡាយបឹងទំពន់» ដែលជាប្រឡាយរំដោះទឹកស្អុយ និងជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងព្រងើយ កាត់មុខអាជ្ញាធរ។
បើតាមការសង្ស័យពីប្រជាពលរដ្ឋ សំណង់ដែលកំពុងបុកគ្រឹះលយចូលមាត់ប្រឡាយនេះ គឺច្បាស់ជាគ្មានច្បាប់អនុញ្ញាតសាងសង់នោះឡើយ ព្រោះតាមគោលការណ៍ច្បាប់ អាជ្ញាធរមូលដ្ឋាន ឬមន្ទីរជំនាញ មិនអាចចេញច្បាប់អនុញ្ញាតឱ្យបុគ្គលណាម្នាក់សាងសង់សំណង់រំលោភលើដីចំណីប្រឡាយមេរបស់រដ្ឋបានជាដាច់ខាត ព្រោះវាជាទង្វើខុសច្បាប់ទាំងស្រុង។ ពលរដ្ឋបានដាក់ការសង្ស័យថា ការដែលម្ចាស់ទីតាំងហ៊ានធ្វើសកម្មភាពល្មើសច្បាប់ជិះសេះលែងដៃបែបនេះ ប្រហែលជាមាន «មន្ត្រីគ្រាប់ល្ពៅ» ឬខ្នងបង្អែកក្រាស់នៅពីក្រោយខ្នងចាំកាងហើយមើលទៅ។
ជុំវិញករណីអនាធិបតេយ្យនៃសំណង់ទាំងពីរទីតាំងខាងលើនេះ បានបង្កើតជាចម្ងល់ដ៏ធំមួយនៅក្នុងស្រទាប់មហាជនថា តើលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ លោកបានទទួលជ្រាប់ពីករណីនេះដែរឬទេ?
ករណីទី១ បើលោកមិនទាន់ដឹង នេះបង្ហាញពីភាពធូរលុងនៃការគ្រប់គ្រង និងការចុះពិនិត្យការងារជាក់ស្តែងរបស់មន្ត្រីថ្នាក់ក្រោមជាតិនៅក្នុងសង្កាត់បឹងទំពន់ទី២។
ករណីទី២ បើលោកដឹងហើយ តែរក្សាភាពស្ងៀមស្ងាត់ ឬមិនហ៊ានប៉ះពាល់ តើដោយសារតែម្ចាស់សំណង់ទាំងនោះមានខ្នងបង្អែកធំជាងលោក ឬយ៉ាងណា?
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើកឡើងថា បើទោះជាម្ចាស់សំណង់មានខ្នងបង្អែកធំប៉ុនណាក៏ដោយ ក៏មិនគួរមានអំណាចធំជាងច្បាប់រដ្ឋ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនោះឡើយ។ បើសូម្បីតែថ្នាក់ដឹកនាំខណ្ឌ បង្ហាញភាពទន់ជ្រាយ ឬខ្លាចរអាក្នុងការអនុវត្តច្បាប់លើអ្នកមានលុយមានអំណាច តើឱ្យប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងមូលដ្ឋានសង្ឃឹមលើអ្វីទៀត?
បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ក៏ដូចជាមហាជនទូទៅ សំណូមពរយ៉ាងទទូចដល់ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ មេត្តាដឹកនាំកម្លាំងជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង និងមានវិធានការផ្លូវច្បាប់ជាបន្ទាន់ ដើម្បីដកហូតចំណីផ្លូវ និងការពារប្រឡាយមេបឹងទំពន់ដែលជាទ្រព្យសម្បត្តិរដ្ឋមកវិញ ដើម្បីបង្ហាញពីភាពស្អាតស្អំ ភាពស្មើគ្នាចំពោះមុខច្បាប់ និងដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋឡើងវិញ៕

ព័ត៌មានដែលជាប់ទាក់ទង