វគ្គ១៖ សេចក្ដីរាយការណ៍បឋម! បុគ្គលមានលុយចាក់ដីបុកគ្រឹះសាងសង់សំណង់រឹង រំលោភបំពានចូលចំណីច្រាំងទន្លេយ៉ាងគឃ្លើន ស្ថិតក្នុងក្រុងសំពៅពូន


ផ្សាយចេញថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦
ខេត្តកណ្តាល ៖ អង្គភាពសារព័ត៌មានអាស៊ានដេលី (ASEAN DAILY) យើងខ្ញុំ ទើបតែទទួលបានព័ត៌មាន និងរូបភាពជាក់ស្ដែង អំពីករណីចាក់ដី និងបុកគ្រឹះសាងសង់សំណង់រឹង រំលោភបំពានចូលមាត់ច្រាំង និងដីចំណីច្រាំងទន្លេយ៉ាងគឃ្លើន ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលសកម្មភាពនេះមានតែបុគ្គលមានលុយប៉ុណ្ណោះទើបអាចធ្វើទៅបាន។ ទីតាំងកំពុងតែសាងសង់នេះ ស្ថិតនៅក្នុង ក្រុងសំពៅពូន ខេត្តកណ្តាល
សកម្មភាពសាងសង់ខុសច្បាប់ខាងលើនេះ កំពុងតែដំណើរការទៅមុខ ខណៈដែលមន្ត្រីជំនាញប្រចាំតំបន់ហាក់បីដូចជាកំពុងដេកលង់លក់ រក្សាភាពស្ងៀមស្ងាត់ ឬមួយក៏មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង ទើបបណ្ដែតបណ្ដាលឱ្យបុគ្គលមានលុយឆ្លៀតឱកាស រំលោភបំពានលើមាត់ច្រាំងទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋបែបនេះ។
​តើសំណង់ខាងលើនេះ មានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចដែរឬទេ?
​អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមធ្វើសេចក្តីរាយការណ៍ជូនដល់ លោក អេង សុវិចិត្រ អភិបាលនៃគណៈអភិបាលក្រុងសំពៅពូន សូមមេត្តាចុះត្រួតពិនិត្យទីតាំងខាងលើដោយក្តីអនុគ្រោះ ព្រោះម្ចាស់សំណង់បានយកថ្មចាក់បំពេញ និងបុកគ្រឹះសាងសង់ទាំងបំពានលើដីចំណីច្រាំងដែលជាសម្បត្តិរដ្ឋ។ យោងតាមរូបភាពដែលអង្គភាពយើងខ្ញុំប្រមូលបាន គឺសូមធ្វើសេចក្តីរាយការណ៍បឋមជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
​តើសំណង់រឹងខាងលើនេះ រឹងជាងការអនុវត្តច្បាប់ ឬមួយក៏មានបុគ្គលណាខ្លាំងជាងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល?
យោងច្បាប់ស្តីពីសំណង់៖
មាត្រា២៦៖ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
មាត្រា៣៨៖ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ៖
មាត្រា៨៖ ការហាមឃាត់រាល់ការសាងសង់សំណង់រំលោភលើដីចំណីប្រភពទឹកសាធារណៈ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់៖
មាត្រា៨៖ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
មាត្រា៣៧៖ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
​ជុំវិញសកម្មភាពខុសច្បាប់ខាងលើនេះ អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំស្នើសុំ៖
​១. សូមគោរពជូន ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជ្រាបជាព័ត៌មាន និងជួយពិនិត្យមើលផ្លូវច្បាប់សំណង់ខាងលើ។
២. សូមគោរពជូន ឯកឧត្តម ថោង ចេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាជ្រាប និងមានវិធានការទប់ស្កាត់ចំពោះការចាក់ដីរំលោភចូលចំណីទន្លេនេះ។
៣. សូមគោរពរាយការណ៍ជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការច្បាប់ចំពោះករណីខាងលើនេះដោយក្តីអនុគ្រោះ។
៤. ស្នើសុំ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ជួយស្រាយបំភ្លឺក្នុងករណីខាងលើថាតើមានការសុំច្បាប់សាងសង់ចាក់ដីចូលមាត់ទន្លេនេះដែរឬទេ។
៥. ស្នើសុំ លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាបើកបង្ហាញអត្តសញ្ញាណម្ចាស់កម្មសិទ្ធិអចលនទ្រព្យដែលកំពុងបុកគ្រឹះសាងសង់រំលោភចូលដីរដ្ឋ ស្ថិតក្នុងក្រុងសំពៅពូនខាងលើ ថាតើមានប្លង់ស្របច្បាប់ដែរឬទេ? ហើយទំហំដីនោះមានទទឹង និងបណ្តោយប៉ុន្មានម៉ែត្រឱ្យប្រាកដ?
​អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាញុះញង់ ឬបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នពាក់ព័ន្ធណាមួយឡើយ ហើយយើងខ្ញុំសូមរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ សូមអរគុណ!

ព័ត៌មានដែលជាប់ទាក់ទង