មានការប្រែប្រួលហើយ! ក្រោយ «ASEAN DAILY» ផ្សាយដេញដោល ឃើញអាជ្ញាធរចុះវាស់វែងទីតាំងឃ្លាំងយក្សសង់លើប្រឡាយរដ្ឋ ប៉ុន្តែលទ្ធផល «មានច្បាប់ ឬគ្មាន» នៅតែលាក់ជិតឈឹង
រាជធានីភ្នំពេញ ៖ ក្រោយពីការចុះផ្សាយជាបន្តបន្ទាប់របស់ អង្គភាពសារព័ត៌មាន ASEAN DAILY ជុំវិញការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ រឿងឃ្លាំងខ្នាតយក្សសាងសង់រំលោភលើប្រឡាយមេបឹងទំពន់ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រហូតមានការឆ្លើយតបខ្លីពីលោកអភិបាលខណ្ឌថា «ចាំឆែកមើល» រួចស្ងាត់មួយរយៈធំនោះ ពេលនេះរឿងរ៉ាវខាងលើបានលេចចេញនូវពន្លឺសញ្ញាថ្មីមួយហើយ។
យោងតាមប្រភពព័ត៌មានចុងក្រោយ បច្ចុប្បន្នភាពដែលផ្តល់ជូនមកកាន់ ASEAN DAILY បានឱ្យដឹងថា គេបានឃើញវត្តមានមន្ត្រីអាជ្ញាធរប្រមាណពី ៥ ទៅ ១០ នាក់ បានចុះទៅដល់ទីតាំងការដ្ឋានឃ្លាំងដ៏ធំស្កឹមស្កៃនោះផ្ទាល់ ដើម្បីធ្វើការពិនិត្យ និងវាស់វែងយ៉ាងយកចិត្តទុកដាក់។ សកម្មភាពចុះវាស់វែងនេះ ហាក់សបញ្ជាក់ឱ្យឃើញថា អាជ្ញាធរខណ្ឌមានជ័យមិនអាចបិទភ្នែកធ្វើមិនដឹងមិនឮចំពោះការរិះគន់របស់មហាជន និងការដេញដោលពីសារព័ត៌មានបានទៀតឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលកំពុងបង្កើតជាមន្ទិលសង្ស័យ និងការងឿងឆ្ងល់ជាថ្មីពីសំណាក់ប្រជាពលរដ្ឋ និង អង្គភាពសារព័ត៌មាន ASEAN DAILY នោះគឺ ក្រោយពីការចុះវាស់វែងរួចរាល់ អាជ្ញាធរនៅមិនទាន់បង្ហាញលទ្ធផលជាសាធារណៈឱ្យដឹងនៅឡើយទេ ថាតើឃ្លាំងដ៏ធំស្កឹមស្កៃដែលរងការចោទប្រកាន់ថាសង់លើប្រឡាយរដ្ឋមួយនេះ មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ឬក៏អត់?
ការរក្សាភាពស្ងៀមស្ងាត់មិនព្រមបង្ហាញការណ៍ពិតរឿង «ច្បាប់សំណង់» នេះ បានធ្វើឱ្យពលរដ្ឋដាក់ការសង្ស័យកាន់តែខ្លាំង៖
- ប្រសិនបើឃ្លាំងនោះ មានច្បាប់សាងសង់ ហេតុអ្វីអាជ្ញាធរមិនព្រមបង្ហាញជាសាធារណៈ ដើម្បីជម្រះមន្ទិលសង្ស័យ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ម្ចាស់ឃ្លាំង? តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ លិខិតអនុញ្ញាតនោះ ទើបមិនហ៊ានចំហ?
- ចុះបើពិនិត្យទៅឃើញថា គ្មានច្បាប់សាងសង់ ឬសង់រំលោភលើដីប្រឡាយរដ្ឋពិតប្រាកដមែន តើអាជ្ញាធរខណ្ឌមានជ័យនឹងមានចំណាត់ការបែបណា? តើហ៊ានចេញបញ្ជាឱ្យផ្អាក និងរុះរើរបង ឬជញ្ជាំងឃ្លាំងនោះចេញពីផ្ទៃប្រឡាយរដ្ឋ ដើម្បីការពារប្រព័ន្ធរំដោះទឹកក្រុងដែរឬទេ?
អង្គភាពសារព័ត៌មាន ASEAN DAILY សូមកោតសរសើរចំពោះការចាត់មន្ត្រីចុះទៅពិនិត្យ និងវាស់វែងរបស់រដ្ឋបាលខណ្ឌមានជ័យ ប៉ុន្តែដើម្បីតម្លាភាព និងដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងមូលដ្ឋាន អាជ្ញាធរខណ្ឌគួរតែប្រកាសលទ្ធផលនៃការវាស់វែង និងស្ថានភាពច្បាប់នៃឃ្លាំងនេះឱ្យបានច្បាស់លាស់ ជៀសវាងការធ្វើការងារបែប «វែកចង្អេរប្រលែងចង្រិត» ឬរងការរិះគន់ថាចុះទៅវាស់វែងគ្រាន់តែដើម្បីបង្គ្រប់កិច្ច ឬមានរឿងមិនប្រក្រតីណាមួយ។
ASEAN DAILY នឹងបន្តរង់ចាំមើលលទ្ធផលផ្លូវការពី លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងបន្តដេញដោលរឿងនេះយ៉ាងស្វិតស្វាញបំផុត ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាញុះញង់ទៅលើស្ថាប័នឬអង្គភាពពាក់ព័ន្ធណាឡើយ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។៕
