Update វគ្គ២) ករណីសំណង់រឹងរំលោភចំណីទន្លេនៅក្រុងសំពៅពូន៖ ក្រោយរាយការណ៍ជូនលោកអភិបាលក្រុងមួយថ្ងៃ ឃើញមានភាពស្ងាត់ស្ងៀម តើមានអ្វីនៅពីក្រោយខ្នង?

ខេត្តកណ្តាល៖ គិតត្រឹមថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ករណីសំណង់រឹងដែលចាក់ដី និងបុកគ្រឹះរំលោភចូលមាត់ច្រាំងទន្លេយ៉ាងគឃ្លើន ស្ថិតក្នុងក្រុងសំពៅពូន ខេត្តកណ្តាល កំពុងតែបង្កើតជាមន្ទិលសង្ស័យកាន់តែខ្លាំងក្នុងស្រទាប់មហាជន។
ក្រោយពីយើងខ្ញុំបានធ្វើសេចក្តីរាយការណ៍បឋមយ៉ាងយកចិត្តទុកដាក់ គោរពជូន លោក អេង សុវិចិត្រ អភិបាលនៃគណៈអភិបាលក្រុងសំពៅពូន កាលពីថ្ងៃម្សិលមិញ ដើម្បីស្នើសុំឱ្យមានការចុះត្រួតពិនិត្យ គឺរហូតមកទល់ពេលនេះ ស្ថានភាពនៅទីតាំងកើតហេតុ ហាក់បីដូចជាមានភាពស្ងាត់ស្ងៀមធេងដដែល។
❓ សំណួរដេញដោលពីមហាជន៖
តើមានអ្វីអាថ៌កំបាំងនៅពីក្រោយករណីរឿងនេះ?
តើហេតុអ្វីបានជាសកម្មភាពសាងសង់បំផ្លាញសម្បត្តិសាធារណៈរបស់រដ្ឋដ៏ធំធេងបែបនេះ អាចបន្តទៅមុខបាន ដោយគ្មានការអន្តរាគមន៍ ឬឆ្លើយតបភ្លាមៗពីអាជ្ញាធរមូលដ្ឋាន?
តើបុគ្គលមានលុយជាម្ចាស់សំណង់នោះ មានអំណាចអ្វីខ្លាំងជាងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឬមួយក៏មន្ត្រីជំនាញប្រចាំតំបន់កំពុងតែធ្វើមិនដឹងមិនឮ?
រំលឹកអំពីច្បាប់ និងបទប្បញ្ញត្តិជាធរមាន៖
សូមបញ្ជាក់ថា សកម្មភាពចាក់ថ្ម និងបុកគ្រឹះនេះ ត្រូវបានគេមើលឃើញថាបានដើរផ្ទុយយ៉ាងធ្ងន់ធ្ងរពី៖
ច្បាប់ស្តីពីសំណង់ (មាត្រា ២៦ និង ៣៨)៖ សាងសង់ និងបើកការដ្ឋានដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
អនុក្រឹត្យលេខ ៩៨ អនក្រ.បក ស្តីពីការគ្រប់គ្រងអាងទន្លេ (មាត្រា ៨)៖ ហាមដាច់ខាតរាល់ការសាងសង់សំណង់រំលោភលើដីចំណីប្រភពទឹកសាធារណៈ។
អនុក្រឹត្យលេខ ២២៤ អនក្រ.បក ស្តីពីលិខិតអនុញ្ញាតសាងសង់ (មាត្រា ៨ និង ៣៧)៖ សាងសង់ និងបើកការដ្ឋានដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។
📢 ការបន្តអំពាវនាវ
ទោះបីជាមានភាពស្ងាត់ស្ងៀមពីអាជ្ញាធរក្រុងសំពៅពូនក៏ដោយ យើងខ្ញុំនៅតែបន្តរំពឹង និងស្នើសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេស៖
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តម ថោង ចេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
មេត្តាជួយចាត់វិធានការក្តៅ ឆ្លើយតប និងជួយពិនិត្យមើលផ្លូវច្បាប់ក្នុងករណីនេះផង ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋកុំឱ្យធ្លាក់ក្នុងកណ្តាប់ដៃបុគ្គលមានលុយខិលខូច។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាញុះញង់ទៅលើស្ថាប័ន ឬអង្គភាពពាក់ព័ន្ធណាឡើយ និងសូមរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ តាមរបបសារព័ត៌មាន។ សូមអរគុណ!
