សម្រស់ធម្មជាតិដីចង្កេះភ្នំនៅឃុំពងទឹកកំពុងរងការឈូសឆាយ, មហាជនសង្ឃឹមថាអាជ្ញាធរខេត្តកែបនឹងចុះពិនិត្យដើម្បីជម្រះមន្ទិល និងអនុវត្តច្បាប់


ខេត្តកែប៖ សម្រស់ដីព្រៃភ្នំ និងរុក្ខជាតិបៃតងស្រស់បំព្រងនៅតំបន់ចង្កេះភ្នំមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពេលនេះកំពុងតែរងការឈូសឆាយ និងបើកផ្លូវយ៉ាងចំហពីសំណាក់គ្រឿងចក្រ ដែលសកម្មភាពនេះបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ ក៏ដូចជាបង្កើតជាចម្ងល់យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅ។
​ផ្អែកលើទិដ្ឋភាពជាក់ស្តែង តំបន់ចង្កេះភ្នំដែលកំពុងរងការកាយឈូសឆាយនេះ គឺស្ថិតនៅចំណុចក្បែរផ្លូវធ្វើដំណើរ (ជិតតំបន់ក្រោលគោ ក្រោលសេះ) ដែលជាចំណុចមួយយ៉ាងសំខាន់។ ជុំវិញករណីនេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាមហាជន សម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ក៏ដូចជាលោក ជួន សំរួល នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែប នឹងចំណាយពេលដ៏មានតម្លៃចុះពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីដឹងពីមូលហេតុពិតប្រាកដ និងដើម្បីធានាថាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវបានការពារស្របតាមច្បាប់ជាធរមាន។
​ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃភ្នំនេះ បើផ្អែកលើទិដ្ឋភាពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនមានបទដ្ឋានគតិយុត្តណាមួយអនុញ្ញាតឲ្យបុគ្គលឯកជនទៅកាប់ឆ្ការ ទន្ទ្រាន ឬឈូសឆាយដីព្រៃភ្នំ និងដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។ យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ ដីភ្នំ និងដីព្រៃឈើ គឺជា «ដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ» ដែលមិនអាចលក់ដូរ ជួល ឬទន្ទ្រានកាន់កាប់បានឡើយ ហើយរាល់ការទិញ-លក់ ឬចេញលិខិតបញ្ជាក់សិទ្ធិលើដីប្រភេទនេះ ត្រូវចាត់ទុកជាមោឃៈទាំងស្រុង។
​ជាងនេះទៅទៀត បទល្មើសកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីព្រៃរដ្ឋ ត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ ដូចមានចែងក្នុងច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ ដូចខាងក្រោម៖
មាត្រា ៩៧ (បទល្មើសព្រៃឈើថ្នាក់ទី១)៖ រាល់សកម្មភាពកាប់ឆ្ការព្រៃ គាស់រានដីព្រៃ ដុតឆ្ការព្រៃឈើ ឬឈូសឆាយដីព្រៃ ដើម្បីធ្វើការទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។ រីឯវត្ថុតាង ឧបករណ៍ និងគ្រឿងចក្រទាំងអស់ ត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ហើយសំណង់ ឬដំណាំទាំងឡាយត្រូវដកហូតមកវិញ។
មាត្រា ១០០៖ ករណីមានការឃុបឃិត បើកដៃ ឬចេញលិខិតស្នាមទទួលស្គាល់ការទិញ-លក់ ឬកាន់កាប់ដីព្រៃរដ្ឋពីសំណាក់មន្ត្រីអាជ្ញាធរដែនដី ឬមន្ត្រីជំនាញ មន្ត្រីទាំងនោះត្រូវប្រឈមនឹងទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់។
​ការផ្សព្វផ្សាយព័ត៌មាន និងរូបភាពជុំវិញករណីខាងលើនេះ គឺធ្វើឡើងក្នុងគោលបំណងដើរតួជា «កញ្ចក់ឆ្លុះបញ្ចាំង» ពីតថភាពសង្គមជាក់ស្ដែងតែប៉ុណ្ណោះ ដោយគ្មានចេតនាញុះញង់ រិះគន់ ចោទប្រកាន់ ឬមានគំនិតមេត្រីភាពលំអៀងទៅលើបុគ្គល ឬស្ថាប័នណាមួយឡើយ។ រាល់ការលើកឡើង គឺឈរលើស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងរីករាយក្នុងការចូលរួមចំណែកស្ថាបនាសង្គម ជាមួយអាជ្ញាធរដែនដី និងស្ថាប័នជំនាញ។
​ប្រសិនបើទីតាំងឈូសឆាយដីចង្កេះភ្នំខាងលើនេះ ជាគម្រោងអភិវឌ្ឍន៍ស្របច្បាប់ និងមានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងមន្ទីរជំនាញអាចធ្វើការបកស្រាយបំភ្លឺ ដើម្បីជម្រះរាល់មន្ទិលសង្ស័យរបស់សាធារណជន ក៏ដូចជាដើម្បីរួមគ្នាថែរក្សា និងការពារធនធានធម្មជាតិនៅក្នុងខេត្តកែបឲ្យបានគង់វង្ស និងមានតម្លាភាព៕
ប្រភពព័ត៌មាន៖ អង្គភាព ICD TV News

ព័ត៌មានដែលជាប់ទាក់ទង