ជម្លោះដីធ្លី ១០ឆ្នាំនៅស្រុកមុខកំពូល៖ ប្រជាពលរដ្ឋរាប់រយគ្រួសារអំពាវនាវរកដំណោះស្រាយ ខណៈមន្ត្រីជំនាញថា “រឿងច្រើនណាស់”

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋចំនួន ១៦៩គ្រួសារ នៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល បានបង្ហាញក្តីកង្វល់ជុំវិញជម្លោះដីធ្លី និងការបិទផ្លូវសាធារណៈដែលពួកគេអះអាងថា បានអូសបន្លាយពេលរហូតដល់ ១០ឆ្នាំមកហើយ ដោយគ្មានដំណោះស្រាយ។ ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវសាធារណៈទំហំ ១៤ម៉ែត្រ ត្រូវបានបុគ្គលមួយចំនួនធ្វើការរំលោភបំពានសាងសង់សំណង់ ដែលបង្កឱ្យមានការលំបាកក្នុងការធ្វើដំណើរ។

​យោងតាមឯកសារដែលអង្គភាពសារព័ត៌មាន ASEAN DAILY ទទួលបាន រួមមាន “ដីកាបញ្ជូន” របស់សាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៦ បានបង្ហាញថា សំណុំរឿងនេះត្រូវបានបញ្ជូនទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លើសពីនេះ ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគេបានស្វែងរកអន្តរាគមន៍តាមផ្លូវច្បាប់ជាច្រើនលើកច្រើនសារចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ប៉ុន្តែបញ្ហានៅតែបន្តកើតមាន។

​ជុំវិញករណីនេះ អង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងសាកសួរទៅកាន់លោកស្រី Sothy Mean មន្ត្រីសូរិយាដីស្រុកមុខកំពូល ដើម្បីសុំការបំភ្លឺ។ លោកស្រីបានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមថា៖ “រឿងច្រើនណាស់ មិនដឹងកន្លែងណាទេ គាត់មិនមែនទេវតានោះឡើយ គាត់ត្រាស់មើលមិនឃើញទេ”។ លោកស្រីបានបន្ថែមថា ក្នុងករណីដែលម្ចាស់បណ្ដឹងបានដាក់ពាក្យទៅរដ្ឋបាលស្រុកហើយ គួរតែរង់ចាំការចាត់ការតាមនីតិវិធីកោះហៅរបស់រដ្ឋបាលស្រុកជាបន្តទៀត។

​ឆ្លើយតបនឹងស្ថានភាពនេះ ប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ បានផ្ដិតមេដៃសំណូមពរតាមរយៈលិខិតទៅកាន់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល សូមមេត្តាជួយចុះត្រួតពិនិត្យ និងរកដំណោះស្រាយដោយក្ដីអនុគ្រោះ ដើម្បីឱ្យផ្លូវសាធារណៈនេះត្រូវបានបើកឱ្យប្រើប្រាស់ឡើងវិញ។

អង្គភាពសារព័ត៌មាន ASEAN DAILY សូមបញ្ជាក់យ៉ាងច្បាស់ថា ការចុះផ្សាយនេះមិនមែនជាការញុះញង់ ឬមានចេតនាប៉ះពាល់ដល់កិត្តិយសបុគ្គលណាមួយនោះឡើយ។ អង្គភាពយើងខ្ញុំគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដោយមិនប្រកាន់បក្ខពួក ឬរើសអើងឡើយ។ ផ្ទុយទៅវិញ អង្គភាពយើងខ្ញុំតែងតែរង់ចាំការបកស្រាយ ឬបំភ្លឺពីមន្ត្រីពាក់ព័ន្ធគ្រប់រូប និងគ្រប់ពេលវេលាធ្វើការ ដើម្បីឱ្យមហាជនបានជ្រាបនូវព័ត៌មានគ្រប់ជ្រុងជ្រោយតាមផ្លូវច្បាប់។

​អង្គភាពសារព័ត៌មាន ASEAN DAILY នឹងបន្តតាមដានករណីនេះ ដោយឈរលើគោលការណ៍វិជ្ជាជីវៈ និងផ្អែកលើឯកសារភស្តុតាង ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការរបស់ប្រជាពលរដ្ឋ និងការបំភ្លឺពីភាគីពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយតាមនីតិវិធីច្បាប់៕

ព័ត៌មានដែលជាប់ទាក់ទង