
ខេត្តកំពង់ចាម៖ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំរៀប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម បានបង្ហាញពីក្តីកង្វល់ និងសំណូមពរយ៉ាងទទូចទៅកាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមមេត្តាជួយអន្តរាគមន៍ស្ថាបនាផ្លូវបេតុងជូនពួកគាត់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ។
សកម្មភាពជួសជុលផ្លូវដោយកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋក្នុងភូមិបឹងទទា នៅថ្ងៃនេះ គឺជាការខិតខំប្រឹងប្រែងសម្រួលការលំបាកផ្ទាល់ខ្លួន។ ជាក់ស្តែង ប្រជាពលរដ្ឋបានរួមគ្នាជួសជុលផ្លូវក្នុងភូមិបឹងទទាបានប្រវែង ២១០ម៉ែត្រ ដោយប្រើប្រាស់ថ្មចំនួន ៣ឡាន (ស្មើនឹង ៣៣០ម៉ែត្រគូប) ប៉ុន្តែផ្លូវដែលនៅសល់ចម្ងាយ ២០០ម៉ែត្រទៀត នៅតែស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង។
ប្រជាពលរដ្ឋក្នុងភូមិគោលដៅនៃឃុំរៀប៉ាយ បានត្អូញត្អែរថា៖ “ពួកយើងរស់នៅទីនេះ តាំងពីអាយុ ២០ឆ្នាំ រហូតដល់អាយុ ៧០ឆ្នាំជាង ក៏នៅតែមិនទាន់មានផ្លូវបេតុងប្រើប្រាស់ដូចភូមិ/ឃុំដទៃដែរ។ រាល់ពេលភ្លៀងម្តងៗ ផ្លូវក្លាយជាភក់ជ្រាំ ពិបាកធ្វើដំណើរយ៉ាងខ្លាំង”។
បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនេះ រស់នៅក្នុងភូមិសំខាន់ៗមួយចំនួនដូចជា៖
- ភូមិកន្លែងរុន
- ភូមិបឹងស្នាយ
- ភូមិកណ្ដាលអូរ
- ភូមិបឹងទទា
- ភូមិទួលបីកណ្ដាល (ជាប់ព្រំប្រទល់ទួលបង្រ្ហា)
ពួកគាត់បានលើកឡើងថា កន្លងមកឃុំផ្សេងៗទទួលបានការអភិវឌ្ឍផ្លូវបេតុងរួចរាល់ហើយ ប៉ុន្តែភូមិទាំងនេះនៅតែខ្វះខាតការអភិវឌ្ឍ។ អាស្រ័យហេតុនេះ ពលរដ្ឋសូមសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម អ៊ុន ចាន់ដា មេត្តាជួយពិនិត្យ និងស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ចាប់ពីព្រំប្រទល់ ភូមិបឹងត្រាវ ចូលមក ភូមិកន្លែងរុន រហូតដល់ ភូមិបឹងទទា ដើម្បីលើកកម្ពស់ជីវភាព និងសម្រួលទុក្ខលំបាកជូនប្រជាពលរដ្ឋដែលរង់ចាំអស់ជាច្រើនឆ្នាំមកនេះ។
សង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរពាក់ព័ន្ធ នឹងមេត្តាជួយពិនិត្យមើលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំរៀប៉ាយនេះផង។
