
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះសកម្មភាពសាងសង់សំណង់អគារដ៏ធំមួយកន្លែង ដែលកំពុងបុកគ្រឹះ និងសាងសង់រចនាសម្ព័ន្ធបេតុងយ៉ាងរឹងមាំជាប់នឹងមាត់ប្រឡាយរំដោះទឹក។
ផ្អែកលើរូបភាពជាក់ស្តែងនៅទីតាំងសំណង់ មិនមានការបិទផ្លាកសញ្ញាអនុញ្ញាតសាងសង់ ដែលបញ្ជាក់ពីគម្រោងសាងសង់ លេខលិខិតអនុញ្ញាត ឬកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ឡើយ។ ភាពអសកម្មនៃការបិទផ្លាកសញ្ញានេះ គឺជាការបំពានទៅលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងសំណង់ ដែលតម្រូវឱ្យគ្រប់ការសាងសង់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែមានការបង្ហាញលិខិតអនុញ្ញាតឱ្យបានច្បាស់លាស់សម្រាប់សាធារណជន។
លើសពីនេះ ប្រជាពលរដ្ឋបានលើកឡើងពីក្តីកង្វល់ចំពោះការសាងសង់រំលោភលើដីចំណីប្រឡាយ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាមច្បាប់ភូមិបាល និងច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក គ្រប់ការសាងសង់នៅលើដីចំណីប្រឡាយ គឺមិនអាចប្រព្រឹត្តទៅបានឡើយ ប្រសិនបើគ្មានការអនុញ្ញាតត្រឹមត្រូវ។ ការសាងសង់សំណង់បែបភូមិគ្រឹះជាប់មាត់ប្រឡាយយ៉ាងរឹងមាំបែបនេះ កំពុងតែបង្កជាសំណួរដល់ លោក សក់ ចាន់កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ថា តើហេតុអ្វីបានជាការសាងសង់ដ៏ធំបែបនេះអាចដំណើរការដោយរលូន ទាំងដែលគ្មានផ្លាកសញ្ញា និងស្ថិតក្នុងទីតាំងដែលត្រូវបានហាមឃាត់?
ការផ្សព្វផ្សាយដំណឹងនេះ គឺជាការជូនដំណឹងដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យ និងចាត់វិធានការជាបន្ទាន់។ សាធារណជនរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរ ក្នុងការអនុវត្តច្បាប់ឱ្យបានស្មើភាព ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ និងបញ្ចៀសហានិភ័យនៃជំនន់ទឹកភ្លៀង ដែលអាចកើតឡើងដោយសារការរំលោភដីប្រឡាយនេះ។អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាញុះញង់ទៅលើស្ថាប័ន ឬអង្គភាពពាក់ព័ន្ធណាឡើយ និងសូមរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ តាមរបបសារព័ត៌មាន។ សូមអរគុណ!
រៀបរៀងដោយ៖ ASEAN DAILY
ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦
