ភាពអសកម្មនិងការព្រងើយកន្តើយរបស់មន្ត្រីខណ្ឌដង្កោបណ្ដែតបណ្ដោយឲ្យបុគ្គលមានលុយសាងសង់របងសាងសង់រំលោភបំពានលើដីចំណីផ្លូវសាធារណៈនៅខណ្ឌដង្កោក្នុងចំណុចបុរីចំការដូងចាស់ នៅតែបន្តសាងសង់ទាំងយប់ទាំងថ្ងៃ៖ មហាជនទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច «វាយកម្ទេចចោល» ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បន្ទាប់ពីការចុះប្រមូលភស្តុតាងជាក់ស្តែងដោយក្រុមការងារព័ត៌មានរបស់យើងខ្ញុំនៅកន្លែងកើតហេតុ និងតាមរយៈរូបភាពវីដេអូ ដែលប្រជាពលរដ្ឋបានថតផ្ដិតយកមកផ្តល់ជូនដល់អង្គភាពយើងខ្ញុំផ្ទាល់ បង្ហាញឱ្យឃើញថា សំណង់របងដែកពណ៌ក្រហមដែលរំលោភចូលក្នុងដីចំណីផ្លូវសាធារណៈ មិនត្រឹមតែមិនផ្អាកសកម្មភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានម្ចាស់គម្រោងពន្លឿនការសាងសង់យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ដោយគ្មានញញើតនឹងច្បាប់។
អ្វីដែលគួរឱ្យកត់សម្គាល់ និងបង្កឱ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងនោះគឺថា សំណង់នេះមិនមានការដាក់បិទផ្លាកសញ្ញាការដ្ឋានសំណង់តាមលក្ខខណ្ឌច្បាប់នោះឡើយ។ ផ្ទុយទៅវិញ ម្ចាស់គម្រោងព្យាយាមធ្វើសកម្មភាពសាងសង់យ៉ាងប្រញាប់ប្រញាល់ទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់កម្មករឱ្យសម្រុកបុកគ្រឹះជាន់ក្រោម ទាំងមានការបើកទ្វារ ឬប្រអប់តូចៗ ក្នុងលក្ខណៈដូចជាការ «លួចលាក់ធ្វើ» ដើម្បីជៀសវាងការចាប់អារម្មណ៍ពីមហាជន និងអាជ្ញាធរ។
អង្គភាពព័ត៌មានយើងខ្ញុំ បានចុះទៅពិនិត្យ និងផ្សព្វផ្សាយជាច្រើនដងមកហើយ ប៉ុន្តែសំណង់នេះនៅតែបន្តសកម្មភាពសាងសង់ដដែល ដោយគ្មានការរំខានអ្វីឡើយ។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យយ៉ាងខ្លាំងថា៖ «តើមានមេខ្លោងអ្វីនៅពីក្រោយសំណង់នេះ? ឬក៏ម្ចាស់សំណង់នេះមានលុយ មានតួនាទី មានអំណាចខ្លាំងក្លា ទើបហ៊ានធ្វើព្យុះធ្វើភ្លៀង បំពានច្បាប់ដោយមិនខ្លាចញញើតបែបនេះ?»។
ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ទីតាំងបុរីចម្ការដូងចាស់នេះ បានសម្តែងការត្អូញត្អែរយ៉ាងខ្លាំង និងអស់សង្ឃឹមយ៉ាងខ្លាំងលើការអនុវត្តច្បាប់នៅមូលដ្ឋាន។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងដែលកំពុងសាងសង់នេះ បានបង្កឱ្យមាន «គ្រោះថ្នាក់ចរាចរណ៍សឹងតែរៀងរាល់ថ្ងៃ» សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលធ្វើដំណើរឆ្លងកាត់ទីនេះ ដោយសារតែសំណង់របងបានរំលោភចូលផ្លូវ បង្កឱ្យមានភាពចង្អៀតចង្អល់។
អង្គភាពព័ត៌មានយើងខ្ញុំ សូមបញ្ជាក់ថា យើងខ្ញុំបានដើរតួនាទីត្រឹមតែជា «កញ្ចក់ឆ្លុះបញ្ចាំង» នៃការពិតក្នុងសង្គមប៉ុណ្ណោះ ដោយគ្មានចេតនានុះញង់ បំផុសបំផុល ឬបង្កភាពចលាចលដល់សង្គមអ្វីឡើយ។ អង្គភាពយើងខ្ញុំតែងតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ហើយយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ស្របទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន គ្រប់ម៉ោង និងគ្រប់ពេលវេលាក្នុងម៉ោងធ្វើការ។
ដោយមើលឃើញពីការបំពានច្បាប់យ៉ាងអសីលធម៌ និងការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈបែបនេះ ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ សូមមេត្តាពិនិត្យករណីនេះជាបន្ទាន់ និងមានវិធានការដាច់ខាតតាមផ្លូវច្បាប់។ ការទាមទាររបស់ប្រជាពលរដ្ឋគឺច្បាស់ៗ៖ «ស្នើសុំឱ្យអាជ្ញាធរចាត់វិធានការចុះរុះរើ ឬវាយកម្ទេចសំណង់ដែលរំលោភលើដីផ្លូវរបស់រដ្ឋនេះចោលជាបន្ទាន់» ដើម្បីទុកជាគំរូដល់អ្នកដទៃ និងដើម្បីស្ដារសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជីវិតជូនប្រជាពលរដ្ឋវិញ។
យើងខ្ញុំនឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។សូមអរគុណ
