ផ្តើមចេញពីក្តីអាណិត ក្លាយជាស្នេហាលេបត្របាក់ទ្រព្យ! អាណិកជនខ្មែរ-អាមេរិកាំង ធ្លាក់ខ្លួនទ័លច្រកស្រែករកយុត្តិធម៌ ក្រោយទ្រព្យសម្បត្តិរាប់លានដុល្លារត្រូវប្រពន្ធក្រោយរៀបផែនការបោកប្រមូលគ្មានសល់

​រាជធានីភ្នំពេញ៖ អាណិកជនខ្មែរ-អាមេរិកាំងម្នាក់ បាននិងកំពុងប្រឈមមុខនឹងវិបត្តិជីវិតយ៉ាងធ្ងន់ធ្ងរបំផុត រហូតដល់ថ្នាក់លើកដៃសំពះស្រែកស្វែងរកកិច្ចអន្តរាគមន៍ និងការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំកំពូល ព្រមទាំងស្ថាប័នយុត្តិធម៌ បន្ទាប់ពីទ្រព្យសម្បត្តិដែលលោកបានខិតខំប្រឹងប្រែងសន្សំពីញើសឈាមស្ទើរមួយជីវិតរាប់លានដុល្លារ ត្រូវ បានប្រពន្ធក្រោយរៀបចំល្បិចកលប្រមូលយកទៅគ្រប់គ្រងម្នាក់ឯងយ៉ាងអយុត្តិធម៌។

​នៅក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានយើង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក វង្ស អេឡង់ វ័យ ៦២ឆ្នាំ បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំ និងក្តុកក្តួលក្នុងចិត្តថា លោកបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកតាំងពីអំឡុងឆ្នាំ១៩៨១ ដោយបានតស៊ូបង្កើតអាជីវកម្មធំៗជាច្រើន រហូតទទួលបានសញ្ជាតិអាមេរិក។ លោកបានបន្តថា កាលរស់នៅអាមេរិក លោកនិងប្រពន្ធដើមបានចាប់ដៃគ្នារកស៊ីយ៉ាងសកម្ម ដោយបង្កើតហាងនំដូណាត់ជាច្រើនកន្លែង បើកក្រុមហ៊ុនផ្ទុកទំនិញ (Store) មានផ្ទះជួលជាច្រើនខ្នង និងមុខរបរផ្សេងៗទៀត ដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ។

​ទោះជាយ៉ាងណា ដោយសារភាពមិនចុះសម្រុងគ្នានៅក្នុងជីវិតអាពាហ៍ពិពាហ៍ នៅឆ្នាំ២០០៤ តុលាការអាមេរិកបានកាត់ក្តីលែងលះ និងបែងចែកទ្រព្យសម្បត្តិស្មើគ្នាម្នាក់ពាក់កណ្តាល។ ពេលនោះ លោកទទួលបានចំណែកទ្រព្យសម្បត្តិធំៗចំនួន ៩មុខ រួមមាន៖ ផ្ទះផ្ទាល់ខ្លួន, ផ្ទះជួលចំនួន ១១កន្លែង, ក្រុមហ៊ុន Store, ហាងលក់នំដូណាត់ និងប្រាក់សន្សំរាប់សិបម៉ឺនដុល្លារ ព្រមទាំងអចលនទ្រព្យផ្សេងៗទៀត។

​ដោយក្តីប្រាថ្នាចង់ចំណាយជីវិតចុងក្រោយនៅលើទឹកដីកំណើត លោកបានសម្រេចចិត្តនាំយកដើមទុនទាំងនោះមកវិនិយោគទិញអចលនទ្រព្យជាច្រើននៅកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ២០០៥ រួមមានផ្ទះនៅរាជធានីភ្នំពេញ ព្រមទាំងដីធ្លី និងដីចម្ការរាប់រយហិកតានៅតាមបណ្តាខេត្តនានា។

​លោក វង្ស អេឡង់ បានរៀបរាប់បន្តថា នៅអំឡុងឆ្នាំ២០១៥ លោកបានស្គាល់ស្ត្រីមេម៉ាយម្នាក់ឈ្មោះ ស៊ាប ស្រីម៉ិច ដែលមានកូនក្នុងបន្ទុក ៣នាក់ និងកូនចិញ្ចឹម ១នាក់។ ដោយក្តីអាណិតអាសូរ និងឃើញនាងមានជីវភាពខ្វះខាត លោកក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់។ ក្រោយរៀបការ លោកបានមើលថែគ្រួសារថ្មីនេះយ៉ាងកក់ក្តៅ និងបានឧបត្ថម្ភថវិកាពី ៦,០០០ ទៅ ៧,០០០ដុល្លារជាប្រចាំឆ្នាំ សម្រាប់ឱ្យកូនៗបានរៀនសូត្រ និងរស់នៅសមរម្យដូចជាកូនបង្កើត។ រហូតមកដល់ឆ្នាំ២០១៧ លោកបានធានាប្រពន្ធក្រោយ និងកូនៗចំនួន ៣នាក់ (កូនអតីតប្ដីមុន) ឱ្យទៅរស់នៅសហរដ្ឋអាមេរិកថែមទៀតផង។

​លោកបានបន្តថា ក្រោយមកលោកនិងលោកស្រី ស៊ាប ស្រីម៉ិច ទទួលបានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍បន្ថែមទៀត កាលពីអំឡុងឆ្នាំ២០១៨។ ដោយសារភរិយាទើបឆ្លងទន្លេ និងមិនទាន់យល់ច្បាស់ពីការងារនៅអាមេរិក នាងនៅផ្ទះមើលថែកូន និងធ្វើជាមេផ្ទះ ដោយឡែកនាងតែងតែធ្វើដំណើរចុះឡើងរវាងអាមេរិក និងកម្ពុជា ដើម្បីចាត់ចែងទិញដីធ្លី និងផ្ទះសម្បែងនៅកម្ពុជា។

​លោកបានបញ្ជាក់ថា ដោយសារសេចក្តីស្រឡាញ់ និងទំនុកចិត្តដ៏ស្មោះស្ម័គ្រ លោកតែងតែបំពេញតាមសំណើរបស់ភរិយាជានិច្ច។ មិនថាការសាងសង់ផ្ទះត្រចៀកកាំ ឬការទិញផ្ទះសម្បែង និងដីស្រែចម្ការរាប់ពាន់ហិកតានៅតាមបណ្តាខេត្តនោះទេ លោកបានសម្រេចចិត្តលក់ទ្រព្យសម្បត្តិនៅអាមេរិកទាំងអស់ រួចផ្ញើប្រាក់រាប់សិបម៉ឺនដុល្លារជាបន្តបន្ទាប់ (សរុបរាប់លានដុល្លារ) តាមប្រព័ន្ធធនាគារ (មានវិក្កយបត្រច្បាស់លាស់) មកឱ្យប្រពន្ធ និងប្អូនជីដូនមួយរបស់ប្រពន្ធឈ្មោះ ស្រីឡែន ដើម្បីជួយចាត់ចែងទិញដីធ្លីទាំងនោះ។

​យ៉ាងណាមិញ ល្បិចកលត្រូវបានបែកធ្លាយនៅពេលដែលលោក វង្ស អេឡង់ បានដឹងថា ដីធ្លី ផ្ទះសម្បែង និងអចលនទ្រព្យទាំងអស់ដែលទិញដោយប្រភពថវិការបស់លោក ត្រូវបានលួចដាក់ឈ្មោះម្តាយក្មេក និងបងប្អូនរបស់ប្រពន្ធក្រោយទាំងអស់។ នៅពេលលោកសួរនាំដេញដោល ស្រាប់តែស្ត្រីជាប្រពន្ធបានបង្កើតជម្លោះ រករឿងលោកគ្រប់បែបយ៉ាង ព្រមទាំងប្រមូលយកឯកសារទ្រព្យសម្បត្តិរបស់លោកទាំងអស់ រួមទាំងទ្រព្យដែលលោកមានតាំងពីមុនស្គាល់នាង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។

​រឿងរ៉ាវរឹតតែហួសចិត្ត និងធ្ងន់ធ្ងរទៅទៀតនោះ គឺនៅអំឡុងឆ្នាំ២០២២ ស្រាប់តែស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្តឹងទៅតុលាការ ចោទប្រកាន់លោកបកមកវិញពីបទ «ដណ្តើម កេរមរតក» ទាំងដែលដីនិងផ្ទះទាំងអស់នោះ គឺកើតចេញពីទឹកប្រាក់របស់លោកផ្ទាល់។ លោកបានអះអាងថា ប្រពន្ធរបស់លោកបានរៀបចំក្លែងបន្លំឯកសារផ្ទះនិងដីទាំងអស់នៅតាមបណ្ដាខេត្ត ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រួចផ្ទេរសិទ្ធិបន្តទៅឲ្យម្ដាយបង្កើត ឬបងប្អូនរបស់នាងថែមទៀតផង។

​ដោយសារប្រឈមមុខនឹងភាពអយុត្តិធម៌ដ៏ធ្ងន់ធ្ងរ និងការបាត់បង់ទ្រព្យសម្បត្តិដែលខិតខំសន្សំស្ទើរមួយជីវិត លោក វង្ស អេឡង់ បានលើកដៃសំពះអង្វរ និងស្នើសុំកិច្ចអន្តរាគមន៍យ៉ាងទទូចពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ​គោរពស្នើសុំ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)៖ «សូម មេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់លើប្រភពទ្រព្យសម្បត្តិមិនប្រក្រតីរបស់លោកស្រី ស៊ាប ស្រីម៉ិច ដែលជាប្រពន្ធក្រោយរបស់ខ្ញុំបាទ។ តើពីដើមឡើយ រូបនាងមានមុខរបរ ឬប្រភពចំណូលស្របច្បាប់ពីណា ទើបអាចមានលទ្ធភាពទិញដីធ្លីរាប់រយហិកតា និងផ្ទះសម្បែងរាប់សិបកន្លែង តម្លៃរាប់លានដុល្លារបែបនេះ បើគ្មានការឆបោក ឬកេងប្រវ័ញ្ចលើរូបខ្ញុំបាទនោះ?»​

គោរពស្នើសុំ ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានតុលាការរាជធានីភ្នំពេញ៖ «សូម មេត្តាជួយពិនិត្យមើលរឿងក្តីនេះដោយក្តីអនុគ្រោះ និងដាក់បទបញ្ជាឱ្យមានការស៊ើបអង្កេតស៊ីជម្រៅជុំវិញពាក្យបណ្តឹងប្តឹងបក រួមទាំងការពិនិត្យលើភស្តុតាង និងឯកសារផ្សេងៗដែលសង្ស័យថាមានការធ្វើបន្លំ ដើម្បីបកអាក្រាតការពិត និងផ្តល់ភាពយុត្តិធម៌ដ៏ត្រឹមត្រូវតាមផ្លូវច្បាប់ជូនរូបខ្ញុំដែលជាជនរងគ្រោះពិតប្រាកដ។»

គោរពស្នើសុំដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ «ដោយសារមានជំនឿយ៉ាងមុតមាំលើការដឹកនាំដ៏ឈ្លាសវៃ និងសុខសន្តិភាពពេញលេញនៅកម្ពុជា ទើបខ្ញុំបាទសម្រេចចិត្តលក់ទ្រព្យសម្បត្តិដែលបានសន្សំពីការបែកញើសឈាមនៅអាមេរិកជិតមួយជីវិត ដើម្បីយកមកវិនិយោគ និងរស់នៅយ៉ាងសុខសាន្តក្នុងស្រុកកំណើត។ ប៉ុន្តែអកុសល បែរជាត្រូវប្រពន្ធក្រោយរៀបផែនការបោកប្រាស់ទំនុកចិត្ត និងប្រមូលយកទ្រព្យសម្បត្តិទាំងអស់ទៅធ្វើជារបស់ខ្លួន រហូតធ្វើឱ្យខ្ញុំបាទធ្លាក់ខ្លួនដល់ចំណុចសូន្យ។ ខ្ញុំបាទសូមគោរពស្នើសុំ សម្តេចទាំងទ្វេ មេត្តាជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ និងជួយសង្គ្រោះជីវិតចុងក្រោយរបស់អាណិកជនម្នាក់នេះផង។»

​ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីលោកស្រី ស៊ាប ស្រីម៉ិច បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយសារមិនទាន់មានលេខទូរស័ព្ទទំនាក់ទំនង។ ទោះជាយ៉ាងណា អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយ និងបំភ្លឺពីលោកស្រី ឬអាជ្ញាធរពាក់ព័ន្ធគ្រប់ពេល ដើម្បីធានាតម្លាភាព និងផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានតុល្យភាព៕

 

ព័ត៌មានដែលជាប់ទាក់ទង