អង្គភាព ASEAN DAILY បញ្ជាក់ជំហរវិជ្ជាជីវៈ៖ ការផ្សព្វផ្សាយរាល់ក្តីកង្វល់របស់ប្រជាពលរដ្ឋ គឺផ្អែកលើមូលដ្ឋានឯកសារច្បាស់លាស់ និងរក្សាឧត្តមគតិសារព័ត៌មានពិត


(រាជធានីភ្នំពេញ)៖ ឆ្លើយតបទៅនឹងការចេញសេចក្តីបំភ្លឺនានាជុំវិញករណីទំនាស់ដីធ្លីនៅក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ អង្គភាព ASEAN DAILY សូមធ្វើការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ជូនសាធារណជន នូវជំហរការងារ និងមូលដ្ឋានគតិយុត្តនៃការផ្សព្វផ្សាយ ក្នុងន័យផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងប្រកបដោយក្រមសីលធម៌ខ្ពស់៖
១. ការផ្សាយផ្អែកលើភស្តុតាង និងឯកសារផ្លូវការ៖
អង្គភាព ASEAN DAILY សូមជម្រាបជូនថា រាល់ខ្លឹមសារដែលអង្គភាពយើងខ្ញុំបានចុះផ្សាយកន្លងមក គឺធ្វើឡើងដោយស្មោះត្រង់ គ្មានចេតនាបំភ្លៃការពិត ឬបង្កើតព័ត៌មានខ្វះមូលដ្ឋានឡើយ។ រាល់ការផ្សព្វផ្សាយ គឺផ្អែកលើឯកសារគតិយុត្តជាក់ស្តែង និងលិខិតស្នាមផ្សេងៗដែលទទួលបានពីប្រភពបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកអាស្រ័យផលផ្ទាល់លើទីតាំងដីទំនាស់ រួមមាន៖
លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ឆ្នាំ១៩៩៣ របស់ម្ចាស់ដើមឈ្មោះ ឌី ប៊ូ
លិខិតផ្ទេរសិទ្ធិ ឆ្នាំ២០០៥ ដែលមានការដឹងឮពីអាជ្ញាធរភូមិ-សង្កាត់ ក្នុងការលក់បន្តជូនលោកស្រី តាំង ហៃថាំង
សេចក្តីសម្រេចលេខ ០០៧/១៦ សសរ.អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលប្រគល់ដីចំនួន ០៤ ឡូតិ៍ (រួមមាន៖ ឡូតិ៍លេខ ៩, ១១, ១៣ ផ្លូវលេខ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវលេខ ១៧២១) ជូនក្រុមគ្រួសារលោកស្រី តាំង ហៃថាំង
២. ប្រភពព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋក្នុងតំបន់៖
រាល់ការលើកឡើង ព័ត៌មាន និងមតិកង្វល់នានាដែលអង្គភាពយើងខ្ញុំទទួលបាន គឺចេញមកពីប្រភពបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងមានកម្មសិទ្ធិកាន់កាប់ជាក់ស្តែងនៅលើទីតាំងដីដែលមានទំនាស់នោះឯង។ ក្នុងនាមជាអ្នកសារព័ត៌មាន ការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានបង្ហាញភស្តុតាង និងការតវ៉ាតាមផ្លូវច្បាប់ គឺជាកាតព្វកិច្ចវិជ្ជាជីវៈ ដើម្បីធានាថា «សំឡេងរបស់ប្រជាពលរដ្ឋត្រូវបានឮដោយសមធម៌»។
៣. ឧត្តមគតិសារព័ត៌មាន និងការមិនវាយប្រហារគ្នា៖
ក្នុងនាមជាអ្នកសារព័ត៌មាន អង្គភាព ASEAN DAILY មិនមានគោលបំណងវាយប្រហារ បង្កើតជម្លោះផ្ទាល់ខ្លួន ញុះញង់ ឬមានការរើសអើងចំពោះបុគ្គល ឬស្ថាប័នណាមួយឡើយ។ ប៉ុន្តែ យើងខ្ញុំសូមបញ្ជាក់ជំហរយ៉ាងច្បាស់ថា ប្រសិនបើមានករណីបោះបង់ចោលឧត្តមគតិវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយជាន់ឈ្លី ឬបំភ្លេចទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនោះ អង្គភាព ASEAN DAILY របស់យើងខ្ញុំ ដាច់ខាតនឹងមិនសហការជាមួយឡើយ។
​យើងខ្ញុំសូមរក្សាជំហរបន្តរាយការណ៍ព័ត៌មានដោយសច្ចធម៌ ឈរលើខែលការពារផ្លូវច្បាប់ និងក្រមសីលធម៌សារព័ត៌មាន ព្រមទាំងបើកចំហរជានិច្ចក្នុងការទទួលយក និងចុះផ្សាយរាល់ការបំភ្លឺបន្ថែមដែលផ្អែកលើអង្គហេតុត្រឹមត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដជូនសង្គមជាតិ៕

ព័ត៌មានដែលជាប់ទាក់ទង