​ខេត្តកោះកុង៖ មហាជនរង់ចាំមើលចំណាត់ការច្បាប់ លើករណីឈូសឆាយហ៊ុមព័ទ្ធដីព្រៃកោងកាង និងឆ្នេរសមុទ្រជាច្រើនហិកតា នៅស្រុកស្រែអំបិល

ខេត្តកោះកុង, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៖ យោងតាមប្រភពព័ត៌មានដែលអង្គភាព ASEAN DAILY ទទួលបានពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល បានឱ្យដឹងថា សកម្មភាពឈូសឆាយ កាយដី និងហ៊ុមព័ទ្ធរបងរំលោភយកដីចំណីឆ្នេរសមុទ្រ ក៏ដូចជាដីព្រៃកោងកាងដែលជាតំបន់ឆ្នេរនេសាទសាធារណៈជាច្រើនហិកតា ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កំពុងតែរងការរិះគន់ និងបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សាធារណជនបានសម្តែងក្តីបារម្ភថា ទង្វើបំផ្លាញសម្បត្តិធម្មជាតិរួមដ៏ធំធេងបែបនេះ អាចធ្វើទៅបាន លុះត្រាតែមានបុគ្គលមានអំណាច ឬមានឥទ្ធិពលហិរញ្ញវត្ថុនៅពីក្រោយខ្នង។

​ផ្អែកតាមរូបភាពជាក់ស្តែងពីទីតាំងកើតហេតុដែលប្រជាពលរដ្ឋបានផ្តល់ជូន បង្ហាញឱ្យឃើញពីការកាយដី ឈូសឆាយបំផ្លាញប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការសាងសង់របងយ៉ាងរឹងមាំ ដែលជាការប្រែក្លាយទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាកម្មសិទ្ធិឯកជន។ ករណីនេះបានជម្រុញឱ្យមានការចោទសួរពីមជ្ឈដ្ឋានទូទៅថា តើបុគ្គលដែលនៅពីក្រោយខ្នងនៃការរំលោភបំពាននេះ មានឥទ្ធិពលកម្រិតណា ទើបអាចបើកដៃឱ្យមានសកម្មភាពយ៉ាងគឃ្លើនបែបនេះបាន?

​⚖️ ទិដ្ឋភាពគតិយុត្ត៖ បទល្មើសបំពានលើដីចំណីឆ្នេរសមុទ្រសាធារណៈ

​សកម្មភាពខាងលើនេះ ត្រូវបានមើលឃើញថាមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ និងអនុក្រឹត្យជាធរមានរបស់រាជរដ្ឋាភិបាល៖

អនុក្រឹត្យលេខ ១១៥ អនក្រ.បក ស្តីពីការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា៖

  • មាត្រា ៤៖ បានចែងយ៉ាងច្បាស់ថា តំបន់ឆ្នេរគឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវតែទទួលការការពារដាច់ខាត។
  • មាត្រា ៨ និង ១១៖ បានហាមឃាត់ដាច់ខាតរាល់ការសាងសង់ ឬការហ៊ុមព័ទ្ធយកដីចំណីឆ្នេរធ្វើជាកម្មសិទ្ធិឯកជន ហើយរាល់ការបំពានត្រូវចាត់ទុកជាបទល្មើសដែលត្រូវទទួលទោសតាមច្បាប់។

​🔍 អូសបន្លាយពេលមួយសប្តាហ៍ គ្មានការឆ្លើយតបពីអាជ្ញាធរពាក់ព័ន្ធ

​ក្នុងនាមជាអ្នកសារព័ត៌មានដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ ក្រុមការងារអង្គភាព ASEAN DAILY បានព្យាយាមទំនាក់ទំនងទៅកាន់អាជ្ញាធរពាក់ព័ន្ធជាច្រើនលើកច្រើនសា តាមប្រព័ន្ធតេឡេក្រាម (Telegram) ដើម្បីសុំការបំភ្លឺជុំវិញបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ៖

  • លោក ជា ច័ន្ទកញ្ញា (អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល)៖ គិតចាប់តាំងពីពេលចុះផ្សាយវគ្គទីមួយកាលពីពីរថ្ងៃមុន រហូតមកទល់ពេលនេះ ក្រុមការងារពុំទាន់ទទួលបានការឆ្លើយតបណាមួយពីលោកឡើយ។
  • អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង៖ អ្វីដែលជាទីគួរឱ្យកត់សម្គាល់នោះគឺ ក្រុមការងារបានរង់ចាំការបកស្រាយ និងការពន្យល់បន្ថែមអស់រយៈពេលមួយសប្តាហ៍ពេញ (៧ ថ្ងៃ) មកហើយ។ ទោះបីជាប្រព័ន្ធបង្ហាញថា លោកបានចូលមើលសារសាកសួររបស់អង្គភាពយើងខ្ញុំរួចរាល់ហើយក្តី ក៏នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ ដោយគ្មានការឆ្លើយតប ឬការបំភ្លឺណាមួយត្រឡប់មកវិញឡើយ។
ព័ត៌មានដែលជាប់ទាក់ទង