អាសន្នអគ្គិភ័យរង់បុក! ប្រភពប្រជាពលរដ្ឋជិតខាង ស្នើសុំលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ចាត់វិធានការរុះរើជាបន្ទាន់ ករណីឃ្លាំងនិងហាងហ៊ានយកបង្គោលភ្លើងរដ្ឋញាត់ក្នុងផ្ទះ និងចំកណ្តាលតូបយ៉ាងគឃ្លើន

រាជធានីភ្នំពេញ៖ ផ្អែកតាមប្រភព និងរូបភាពជាក់ស្តែងដែលប្រភពប្រជាពលរដ្ឋជិតខាងបានផ្ដិតផ្ញើជូនមកកាន់ អង្គភាពព័ត៌មាន ASEAN DAILY បានបង្ហាញឲ្យឃើញពីភាពអនាធិបតេយ្យ និងគ្រោះថ្នាក់ជាទីបំផុត ត្រង់ចំណុចទីតាំងឃ្លាំងដ៏ធំមួយ និងតូបលក់ដូរដែលស្ថិតនៅតាមបណ្តោយផ្លូវ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងទាំងនេះកំពុងរំលោភបំពានយកបង្គោលភ្លើងរបស់រដ្ឋ មកធ្វើជាសសរផ្ទះ និងដាក់ចំកណ្តាលតូបលក់ដូរយ៉ាងរំភើយ ហាក់បីដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយគ្មានញញើតនឹងច្បាប់ ឬគ្រោះថ្នាក់ទាល់តែសោះ។

​តាមការលើកឡើងរបស់ប្រភពប្រជាពលរដ្ឋជិតខាង បានបង្ហាញពីក្តីកង្វល់ និងការភ័យខ្លាចយ៉ាងខ្លាំងលើចំណុចហានិភ័យដូចខាងក្រោម៖

  • ការយកបង្គោលភ្លើងរដ្ឋមកញាត់ក្នុងផ្ទះ និងតូប៖ ម្ចាស់ទីតាំងបានសាងសង់តូប និងផ្ទះលក់ដូរ (តូបរ៉ាស៊ី) ដោយយកបង្គោលភ្លើងរបស់រដ្ឋដាក់ចូលទៅក្នុងផ្ទះ និងចំកណ្តាលតូបលក់ដូរ ដែលទង្វើនេះខុសបច្ចេកទេស និងបង្កើនហានិភ័យខ្ពស់បំផុត។
  • ក្តីភ័យខ្លាចរឿងផ្ទុះសេខ្សែភ្លើង៖ ប្រភពប្រជាពលរដ្ឋជិតខាងដែលរស់នៅតាមបណ្តោយផ្លូវក្បែរនោះ មានការភ័យខ្លាចជាខ្លាំង ព្រោះខ្លាចក្រែងថ្ងៃណាមួយមានករណីផ្ទុះសេខ្សែភ្លើង ឬឆ្លងចរន្តអគ្គិសនី ហើយធ្លាក់មកចំផ្ទះទាំងនេះ ដែលអាចបង្កជាអគ្គិភ័យឆាបឆេះយ៉ាងធ្ងន់ធ្ងរ រាលដាលដល់ផ្ទះសម្បែងអ្នកជិតខាងដែលនៅជាប់ៗគ្នា។
  • ឃ្លាំងដ៏ធំស្តុកអីវ៉ាន់ជ័រ និងស្នោរងាយឆេះ៖ អ្វីដែលរឹតតែគួរឱ្យបារម្ភនោះ គឺឃ្លាំងដ៏ធំនេះមានការប្រកបរបរលក់ដូរ និងស្តុកទុកនូវសម្ភារៈអីវ៉ាន់ជ័រ ព្រមទាំងស្នោរផ្សេងៗ ដែលសុទ្ធសឹងតែជាវត្ថុធាតុដើមងាយឆេះបំផុត ប្រៀបដូចជាការបង្កប់គ្រាប់បែកពេលវេលានៅក្បែរផ្ទះប្រជាពលរដ្ឋអញ្ចឹង។
  • ចម្ងល់លើច្បាប់អនុញ្ញាតអាជីវកម្ម៖ ប្រភពប្រជាពលរដ្ឋជិតខាងបានដាក់សំណួរ និងចម្ងល់ទៅកាន់មន្ត្រីពាក់ព័ន្ធថា តើឃ្លាំងដ៏ធំ និងតូបលក់ដូរដែលហ៊ានយកបង្គោលភ្លើងរដ្ឋធ្វើជាកម្មសិទ្ធិឯកជនបែបនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរដែរឬទេ?

​សំណូមពរ និងការអំពាវនាវ

​អាស្រ័យហេតុនេះ ប្រភពប្រជាពលរដ្ឋជិតខាងដែលរស់នៅជុំវិញទីតាំងខាងលើ សូមគោរពស្នើសុំយ៉ាងទទូចដល់ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ព្រមទាំងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយចុះពិនិត្យ និងចាត់វិធានការឱ្យរុះរើចេញជាបន្ទាន់ ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យគ្រោះថ្នាក់អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុនៅថ្ងៃខាងមុខ និងដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការបញ្ជាក់ពីអង្គភាព៖ អង្គភាពព័ត៌មាន ASEAN DAILY យើងខ្ញុំ ធ្វើសកម្មភាពក្រោមក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយដើរតួជាកញ្ចក់ឆ្លុះបញ្ចាំង និងជាស្ពាននាំសារពីប្រភពប្រជាពលរដ្ឋជិតខាងទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ និងនាំសារពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំគ្មានចេតនាញុះញង់ ឬបង្កផលប៉ះពាល់ដល់ថ្នាក់ដឹកនាំ ឬប្រភពប្រជាពលរដ្ឋជិតខាងណាមួយឡើយ។ ទន្ទឹមនឹងនេះ អង្គភាពយើងខ្ញុំរង់ចាំជានិច្ចនូវការបកស្រាយបំភ្លឺពីម្ចាស់ផ្ទះ ម្ចាស់ឃ្លាំង និងម្ចាស់ហាងលក់ដូរខាងលើ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងតម្លាភាពព័ត៌មាន។

ថ្ងៃខែឆ្នាំផ្សាយ៖ ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦

ព័ត៌មានដែលជាប់ទាក់ទង