ភាពអសកម្មក្នុងការរៀបចំសណ្ដាប់ធ្នាប់ (វគ្គទី៤)៖ អាជីវកររំលោភចំណីផ្លូវនៅជិតផ្សារទួលបងរ៉ សង្កាត់ចោមចៅទី១

រាជធានីភ្នំពេញ៖ នេះគឺជាអត្ថបទផ្សាយលើកទី៤ហើយ របស់អ្នកសារព័ត៌មាន «អង្គភាពសារព័ត៌មាន ASEAN DAILY» ដែលបានផ្សាយបន្តបន្ទាប់ពីវគ្គទី១ វគ្គទី២ និងវគ្គទី៣ កន្លងមក ជុំវិញបញ្ហាភាពអសកម្មនៃការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ។ ប៉ុន្តែរហូតមកទល់ពេលនេះ គេនៅតែពុំទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ច ឬគណៈកម្មការចម្រុះចុះមកចាត់វិធានការរុះរើ ឬកាត់ស្លាកយីហោ និងសំណង់រំលោភបំពានចេញតាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីរោងចក្រ ដែលតែងតែធ្វើដំណើរអាស្រ័យផលតាមដងផ្លូវ និងចំណីផ្លូវនេះនៅឡើយទេ។
បងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវក្បែរផ្សារទួលបងរ៉ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានបន្តត្អូញត្អែរ និងផ្ដល់រូបភាពមកជាបន្តបន្ទាប់ ដោយសារតែការរំលោភយកចំណីដីផ្លូវសាធារណៈពីសំណាក់ម្ចាស់ផ្ទះ និងអាជីវករមួយចំនួន ដើម្បីធ្វើជាទីតាំងអាជីវកម្មផ្ទាល់ខ្លួនយ៉ាងរលូន ដោយគ្មានការអើពើពីអាជ្ញាធរ។ បញ្ហានេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់៖
- កម្មកររោងចក្រ៖ មានការត្អូញត្អែរជារៀងរាល់ថ្ងៃ ដោយសារការធ្វើដំណើរ និងការដើរលើចំណីផ្លូវមានការលំបាកខ្លាំង និងប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ (ហានិភ័យខ្ពស់) ជាពិសេសនៅពេលម៉ោងចេញពីធ្វើការ។
- មាតាបិតា និងសិស្សានុសិស្ស៖ នៅពេលម៉ោងចេញសាលា ការធ្វើដំណើរមានភាពស្អិតណែន តាន់តាប់ ធ្វើឱ្យឪពុកម្ដាយដែលមកទទួលកូនៗជួបការលំបាកយ៉ាងខ្លាំងក្នុងការឆ្លងកាត់ទីនោះ។
ជុំវិញភាពយឺតយ៉ាវនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណួរដោយទទូចថា តើ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នឹងមានវិធានការចុះរៀបចំសណ្ដាប់ធ្នាប់ និងដោះស្រាយបញ្ហានេះជូនពួកគាត់យ៉ាងដូចម្ដេចដែរ ដើម្បីជៀសវាងការយល់ច្រឡំថាមានការបណ្ដែតបណ្ដោយឱ្យម្ចាស់ផ្ទះ និងអាជីវកររំលោភយកផ្លូវចំណីដីរដ្ឋធ្វើអាជីវកម្មតាមអំពើចិត្តបែបនេះ?
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយគ្រាន់តែធ្វើសកម្មភាពជាកញ្ចក់ឆ្លុះបញ្ចាំង នាំយកសំឡេង និងទុក្ខលំបាករបស់ប្រជាពលរដ្ឋជូនដល់ថ្នាក់ដឹកនាំ និងនាំយកការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចមកជូនប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំពុំមានចេតនាញុះញង់ បង្កភាពវឹកវរក្នុងសង្គម ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នថ្នាក់ដឹកនាំណាមួយឡើយ គឺយើងខ្ញុំគ្រាន់តែធ្វើការរិះគន់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកលើកកម្ពស់សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គមយើងតែប៉ុណ្ណោះ។
អាស្រ័យហេតុនេះ សូម លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ មេត្តាជួយពិនិត្យ និងចាត់វិធានការចុះពិនិត្យស្រាវជ្រាវដោយអនុគ្រោះ និងតាមផ្លូវច្បាប់ ដើម្បីធានាដល់សុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីទាំងអស់គ្នាប្រកបដោយភាពកក់ក្តៅ។
