បែកធ្លាយសកម្មភាពឃ្លាំងយក្សអាថ៌កំបាំង លាក់ស្តុក “ទំនិញសៀម” យ៉ាងគគ្រឹកគគ្រេង៖ ពលរដ្ឋអំពាវនាវក្ដៅៗឱ្យអាជ្ញាធរចុះឆែកឯកសារច្បាប់ជាបន្ទាន់!»

រាជធានីភ្នំពេញ៖ ភាពអាថ៌កំបាំងនៃទីតាំងឃ្លាំងស្តុកទំនិញដ៏ធំមហិមាមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កំពុងតែត្រូវបានលាតត្រដាង បន្ទាប់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ពីសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងគួរឱ្យសង្ស័យ។ ទោះបីជាឃ្លាំងនេះមានទំហំធំស្កឹមស្កៃប្រៀបបាននឹងសមុទ្រទំនិញក៏ដោយ ក៏ម្ចាស់ទីតាំងហាក់កំពុងថ្លើមធំព្កើននឹងច្បាប់ ដោយហ៊ានលាក់បាំងបិទជិតឈឹង មិនមានដាក់ផ្លាកយីហោ ឬស្លាកសញ្ញាអាជីវកម្មណាមួយ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណឱ្យបានត្រឹមត្រូវទាល់តែសោះ ដែលទង្វើនេះសបញ្ជាក់ឱ្យឃើញពីចេតនាមិនស្មោះត្រង់ និងការគេចវេះពីការត្រួតពិនិត្យផ្លូវច្បាប់យ៉ាងពិតប្រាកដ។
អ្វីដែលសំខាន់បំផុតនោះ យោងតាមប្រភពប្រជាពលរដ្ឋដែលនៅក្បែរហ្នឹង ដែលបានផ្ដល់ព័ត៌មានមកខាងអង្គភាពយើងខ្ញុំ បានទម្លាយឱ្យដឹងយ៉ាងច្បាស់ថា នៅក្នុងឃ្លាំងដ៏អាថ៌កំបាំងនេះ មានលាក់ស្តុកទុកនូវ «ផលិតផលរបស់សៀម (ផលិតផលថៃ)» ជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងទំនិញនាំចូលពីចិន និងវៀតណាមរាប់សិបមុខទៀត ដាក់លាយឡំគ្នា។ កាន់តែរឹងមាំជាងនេះទៅទៀត តាមរយៈរូបភាពជាក់ស្តែងដែលប្រភពប្រជាពលរដ្ឋបានផ្តល់មកឱ្យនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញពីរថយន្តប្រភេទយីឌុបធំៗ កំពុងធ្វើសកម្មភាពដឹកជញ្ជូនទំនិញច្រកក្នុងបាវធំៗ សម្រុកចូលទៅក្នុងទីតាំងនេះយ៉ាងគគ្រឹកគគ្រេង ហាក់បីដូចជាទីតាំងប្រមូលផ្តុំទំនិញខុសច្បាប់ ឬទំនិញគេចពន្ធដ៏ធំមួយ ដែលមិនញញើតនឹងភ្នែកសមត្ថកិច្ចឡើយ។
អ្វីដែលកាន់តែហួសចិត្ត និងគួរឱ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្រុមការងារយើងខ្ញុំ បានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីសាកសួររកការបំភ្លឺប្រកបដោយវិជ្ជាជីវៈ។ ភ្លាមៗនោះ អ្នកគ្រប់គ្រងឃ្លាំងបានបង្ហាញចរិតក្រអឺតក្រទម និងមិនសហការយ៉ាងខ្លាំង ដោយបានថ្លែងសម្តីកោងកាចបដិសេធ និងចោទសួរមកកាន់ក្រុមការងារយើងវិញថា៖ «លោកគឺជាអ្នកណា? មូលហេតុអីមកសួរ? បើអ្នកមកសួរកន្លែងទីតាំងរបស់គាត់នោះ មានតែសមត្ថកិច្ចឬក៏គយទេទើបអាចសាកសួរបាន។ លោកគ្មានសិទ្ធិអីមកសួរកន្លែងឃ្លាំងរបស់ខ្ញុំទេ»។
តើការដែលហ៊ានប្រើសម្តីខ្លាំងៗ បិទបាំងស្លាកយីហោ និងដឹកទំនិញសម្រុកចូលឃ្លាំងធំស្កឹមស្កៃបែបនេះ ម្ចាស់ទីតាំងមានខ្នងបង្អែកធំប៉ុនណាទៅ? ដើម្បីឱ្យមហាជនអស់ការសង្ស័យ អាជ្ញាធរពាក់ព័ន្ធត្រូវតែមានវិធានការចុះត្រួតពិនិត្យជាបន្ទាន់ ដើម្បីតម្រូវឱ្យម្ចាស់ទីតាំងបញ្ចេញនូវឯកសារផ្លូវច្បាប់ និងច្បាប់អនុញ្ញាតបើករបររកស៊ី សម្រាប់ឃ្លាំងដ៏ធំនេះ ថាតើពិតជាមានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬទេ?
ឆ្លើយតបនឹងភាពមិនប្រក្រតីដ៏គឃ្លើននេះ យើងខ្ញុំសូមធ្វើការអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ សូមមេត្តាចាត់វិធានការក្ដៅជាបន្ទាន់ ជាពិសេស៖
១. ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
២. លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំង ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន គ.ប.ប.
៣. ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
៤. លោក សក់ កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
សូមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទ មេត្តាចាត់កម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្តុកទំនិញខាងលើនេះដោយគ្មានការយោគយល់ ដើម្បីស្រាវជ្រាវរកឱ្យឃើញពីប្រភពទំនិញពិតប្រាកដ ជាពិសេសមុខទំនិញរបស់សៀមទាំងនោះ ទាមទារឯកសារប្រតិវេទន៍គយបង់ពន្ធនាំចូល ពិនិត្យអាជ្ញាប័ណ្ណអាជីវកម្ម និងត្រួតពិនិត្យគុណភាពទំនិញយ៉ាងតឹងរ៉ឹង។ ការចុះអន្តរាគមន៍ក្ដៅនេះ គឺជាការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់បំផុត ដើម្បីលុបបំបាត់វប្បធម៌នៃការលួចលាក់ធ្វើអាជីវកម្ម ទប់ស្កាត់ការបាត់បង់ចំណូលពន្ធរដ្ឋរាប់លានដុល្លារ និងការពារសុខមាលភាពប្រជាពលរដ្ឋកម្ពុជាពីហានិភ័យនៃទំនិញគ្មានប្រភពច្បាស់លាស់។ អាជ្ញាធរមិនត្រូវបណ្តែតបណ្តោយឱ្យទីតាំងល្មើសច្បាប់បែបនេះ អាចបន្តប្រតិបត្តិការយ៉ាងរលូននៅលើទឹកដីរាជធានីភ្នំពេញបានឡើយ!
បញ្ជាក់បន្ថែម និងកាលបរិច្ឆេទចេញផ្សាយពីអង្គភាពសារព័ត៌មាន ASEAN DAILY៖
អង្គភាពសារព័ត៌មានយើងខ្ញុំ បានត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំង នាំសារពីបងប្អូនប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ និងនាំសារពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំផ្សព្វផ្សាយព័ត៌មានដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន។
អាស្រ័យហេតុនេះ អង្គភាពយើងខ្ញុំ រង់ចាំជានិច្ចនូវការបកស្រាយបំភ្លឺបន្ថែមពីម្ចាស់ឃ្លាំង ភាគីពាក់ព័ន្ធ ឬមន្ត្រីជំនាញដែលមានសមត្ថកិច្ចចុះអនុវត្តការងារនៅនឹងទីតាំងផ្ទាល់ តាមពេលវេលា និងការពិតស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
កាលបរិច្ឆេទចេញផ្សាយ៖ ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦
សូមអរគុណ!
