ស្ត្រីខ្មែររស់នៅសហរដ្ឋអាមេរិក ស្នើសុំអន្តរាគមន៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ ញ៉េម មរតក រដ្ឋលេខាធិការក្រសួងកិច្ចការនារី ពាក់ព័ន្ធនឹងបុគ្គលពីររូបប្រើប្រាស់ភាសាស្មោកគ្រោកជេរប្រមាថ និងគំរាមកំហែង

(រាជធានីភ្នំពេញ)៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ អ្នកស្រី ប៊ុន ណាវី (ហៅស្រីប៊ុន) ដែលរស់នៅសហរដ្ឋអាមេរិក បានដាក់ពាក្យស្នើសុំយ៉ាងទទូច និងផ្ញើជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំង លោកជំទាវ ញ៉េម មរតក រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីកម្ពុជា សូមមេត្តាជួយពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងចំពោះបុគ្គលពីររូប ដែលបានជេរប្រមាថ និងគំរាមកំហែងធ្ងន់ធ្ងរមកលើរូបអ្នកស្រីជាសាធារណៈតាមបណ្តាញសង្គម។

​យោងតាមប្រភព និងឃ្លីបវីដេអូរយៈពេលប្រមាណ ១០នាទី ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រី ប៊ុន ណាវី បានរៀបរាប់ថា មានបុគ្គលជាប្រុសពីរនាក់ រួមមាន៖

  • ១. ឈ្មោះ ជ្រីន សម្បត្តិ (Chrin SaBath) ដែលមានទីលំនៅរស់នៅប្រទេសកម្ពុជា។
  • ២. ឈ្មោះ កែវ វិសាល (Keo Visal) ត្រូវបានអ្នកស្រីទម្លាយថាជាជនដែលលួចលាក់រស់នៅប្រទេសបារាំងដោយខុសច្បាប់ និងធ្វើការងារយកប្រាក់ចំណូលដោយមិនបានបង់ពន្ធជូនរដ្ឋ។

​ជនបង្កទាំងពីរនាក់ខាងលើបានប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ចេញមុខសរសេរខំមិន និងបង្ហោះសារជាសាធារណៈ ដោយប្រើប្រាស់ភាសាស្មោកគ្រោក អាសអាភាស មើលងាយមើលថោក និងបរិហារកេរ្តិ៍អ្នកស្រីដែលជាស្ត្រីខ្មែរថាជាមនុស្សស្រីលក់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបន្តគំរាមកំហែងថានឹងយកអ្នកស្រីដាក់គុកនៅស្រុកខ្មែរ ប្រសិនបើហ៊ានឈានជើងចូលមកប្រទេសកម្ពុជាវិញ។

​ជុំវិញករណីអសីលធម៌ និងការគំរាមកំហែងយ៉ាងគឃ្លើននេះ អ្នកស្រី ប៊ុន ណាវី ក៏បានអំពាវនាវដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលអាកប្បកិរិយាគ្មានសីលធម៌របស់បុគ្គលទាំងពីររូបនេះ និងជួយផ្តល់យុត្តិធម៌ផ្លូវច្បាប់ជូនអ្នកស្រីផងដែរ៕

ព័ត៌មានដែលជាប់ទាក់ទង