ពលរដ្ឋម្នាក់ទៀតអះអាងថា ចាញ់បោកទិញដីពីបុគ្គលពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ បានតែកិច្ចសន្យា តែគ្មានដីប្រគល់ឱ្យ រហូតរងវិបត្តិគ្រួសារធ្ងន់ធ្ងរ និងស្ទើរលោតទឹកបញ្ចប់ជីវិត
(ភ្នំពេញ)៖
ចំណាត់ការវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានរបស់ អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASIAN DAILY)
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
ពលរដ្ឋម្នាក់ទៀតបានចេញមុខអះអាងទាំងទឹកភ្នែកថា ខ្លួនបានរងគ្រោះដោយសារការទិញដីពីបុគ្គលម្នាក់ ដែលតែងតែបង្ហាញខ្លួនក្នុងឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថឈ្មោះ សម សុភាព ដោយទទួលបានត្រឹមតែកិច្ចសន្យាទិញ-លក់ប៉ុណ្ណោះ ប៉ុន្តែគ្មានដីជាក់ស្តែងប្រគល់ឱ្យដូចការសន្យានោះឡើយ។
បើតាមការរៀបរាប់របស់ជនរងគ្រោះ ក្រោយពេលដឹងខ្លួនថាអាចត្រូវបានបោកប្រាស់ទ្រព្យសម្បត្តិ គឺបានបង្កឱ្យមានជម្លោះ និងភាពតានតឹងយ៉ាងខ្លាំងនៅក្នុងរង្វង់គ្រួសារ រហូតស្ទើរតែឈានដល់ការបែកបាក់គ្នា។ លើសពីនេះ ភាពអស់សង្ឃឹម និងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរពីការបាត់បង់ទ្រព្យសម្បត្តិ បានជំរុញឱ្យជនរងគ្រោះធ្លាប់ព្យាយាមធ្វើអត្តឃាតដោយលោតទឹកបញ្ចប់ជីវិតថែមទៀតផង।
ឯកសារកិច្ចសន្យាទិញ-លក់ និងប្លង់រឹងពាក់ព័ន្ធដែលជនរងគ្រោះបានផ្តល់ជូនអ្នកសារព័ត៌មានបង្ហាញថា មានការធ្វើកិច្ចសន្យារវាងភាគីទាំងពីរ ប៉ុន្តែជនរងគ្រោះអះអាងយ៉ាងច្បាស់ថា រហូតមកដល់ពេលនេះ ពួកគាត់នៅតែមិនទទួលបានដីដូចដែលបានព្រមព្រៀងគ្នានោះទេ។
ពាក់ព័ន្ធនឹងករណីនេះ ប្រសិនបើការអះអាងរបស់ជនរងគ្រោះមានមូលដ្ឋានពិតប្រាកដ អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគួរតែបើកការស៊ើបអង្កេតឱ្យបានម៉ត់ចត់និងច្បាស់លាស់ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនភាគីដែលរងផលប៉ះពាល់ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនពាក់ព័ន្ធ ប្រសិនបើរកឃើញថាមានការប្រព្រឹត្តល្មើស។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរងគ្រោះក៏បានទទូចស្នើសុំដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាចាត់វិធានការឱ្យស្ថាប័នជំនាញធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតលើបុគ្គលខាងលើ ថាតើជាមន្ត្រីកងរាជអាវុធហត្ថពិតប្រាកដ ឬជាបុគ្គលក្លែងបន្លំប្រើប្រាស់ឯកសណ្ឋាន ដើម្បីប្រព្រឹត្តបទល្មើស។
ពលរដ្ឋយល់ថា ការស្រាវជ្រាវឱ្យបានច្បាស់លាស់ និងការអនុវត្តវិធានការតាមច្បាប់ ប្រសិនបើរកឃើញមានភាពមិនប្រក្រតី នឹងរួមចំណែកការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងទំនុកចិត្តរបស់សាធារណជនចំពោះកងរាជអាវុធហត្ថ ក៏ដូចជាទប់ស្កាត់កុំឱ្យមានករណីស្រដៀងគ្នើតឡើងបន្តទៀត។
ចំណាត់ការវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានរបស់ អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASIAN DAILY)៖
យោងតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASIAN DAILY) បានខិតខំធ្វើការទំនាក់ទំនង និងសុំការបំភ្លឺពីភាគីដែលពលរដ្ឋបានចោទប្រកាន់រួចហើយ ប៉ុន្តែពុំទាន់មានការឆ្លើយតបណាមួយនៅឡើយទេ។ យ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASIAN DAILY) នៅតែបន្តបើកទ្វារ និងរង់ចាំការបកស្រាយបំភ្លឺពីភាគីដែលពលរដ្ឋបានចោទប្រកាន់ ស្របតាមម៉ោង និងពេលវេលាធ្វើការ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍តុល្យភាពព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន។

