​ក្តៅៗ! សំណង់រីសតសង្ស័យរំលោភចំណីព្រែកនៅស្រុកទឹកឈូ ជិតរួចរាល់ស្ថាពរ ខណៈអាជ្ញាធរស្រុកអះអាងថា «ឯកសារសុំអនុញ្ញាតមួយសន្លឹក» គឺសាងសង់បាន មិនបាច់មានច្បាប់អ្វីទៀតទេ!


​(ខេត្តកំពត)៖ គម្រោងសាងសង់រីសតខ្នាតតូចដែលមានការបុកគ្រឹះរឹងមាំជាប់នឹងចំណីព្រែក ក្នុងមូលដ្ឋាន

ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត កំពុងសម្រេចបានលទ្ធផលជិតរួចរាល់ជាស្ថាពរទៅហើយ។ អ្វីដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅ និងអ្នកច្បាប់ហួសចិត្តនោះ គឺការដ្ឋានទាំងមូលមានបង្ហាញត្រឹមតែ បង្កាន់ដៃទទួលឯកសារ មួយសន្លឹកគត់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែរដ្ឋបាលស្រុកបែរជាអះអាងថា ឯកសារមួយសន្លឹកនេះគឺមានសិទ្ធិ និងគ្រប់គ្រាន់ក្នុងការសាងសង់បាន ដោយមិនចាំបាច់មានឯកសារអ្វីផ្សេងទៀតឡើយ។

​យោងតាមការចុះពិនិត្យជាក់ស្តែង និងប្រភពពីប្រជាពលរដ្ឋបានដាក់ការសង្ស័យយ៉ាងខ្លាំងថា សំណង់រីសតតូចៗដែលបុកគ្រឹះយ៉ាងរឹងមាំនេះ អាចមានការរំលោភបំពានចូលចំណីព្រែកសាធារណៈរបស់រដ្ឋ។ ដើម្បីស្វែងរកការពិត ក្រុមការងារអង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ បានចុះទៅសាកសួរផ្ទាល់ដល់ រដ្ឋបាលស្រុកទឹកឈូ។ ជាការឆ្លើយតប តំណាងរដ្ឋបាលស្រុកទឹកឈូបានលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលថា ឯកសារមួយសន្លឹកនេះ គឺជាការសុំអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយត្រឹមលិខិតប៉ុណ្ណេះ គឺមានសិទ្ធិគ្រប់គ្រាន់ក្នុងការសាងសង់បានហើយ មិនបាច់មានឯកសារអ្វីនោះទៀតនោះទេ»។
​ការលើកឡើងរបស់រដ្ឋបាលស្រុកទឹកឈូ ដែលចាត់ទុកឯកសារសុំអនុញ្ញាត (បង្កាន់ដៃទទួលពាក្យ) ថាជាលិខិតអនុញ្ញាតឲ្យសាងសង់ ថែមទាំងហ៊ានអះអាងថាមិនត្រូវការឯកសារពីស្ថាប័នផ្សេងទៀតនេះ ត្រូវបានមហាជន និងអ្នកយល់ដឹងផ្នែកច្បាប់ចាត់ទុកថា ជារឿងខុសឆ្គង និងផ្ទុយពីនីតិវិធីច្បាប់ទាំងស្រុង។ តាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការសាងសង់សំណង់រឹងមាំ ឬរមណីយដ្ឋាន (Resort) ដែលមានទីតាំងជាប់នឹងចំណីមាត់ព្រែក ទន្លេ ឬសមុទ្រ មិនអាចពឹងផ្អែកតែលើឯកសារដាក់ពាក្យស្នើសុំពីក្រសួងរៀបចំដែនដីមួយបាននោះទេ ពោលគឺម្ចាស់គម្រោងតម្រូវឲ្យមានការចុះសិក្សា និងទទួលបានការអនុញ្ញាតជាផ្លូវការពីក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗជាមុនសិន រួមមាន៖
​១. ក្រសួងធនធានទឹក និងឧតុនិយម៖ មានតួនាទីក្នុងការគ្រប់គ្រង កំណត់ព្រំចំណីព្រែក ស្ទឹង ទន្លេ និងធានាមិនឱ្យមានសំណង់ណាមួយសាងសង់រំលោភចូល ឬធ្វើឲ្យរាំងស្ទះដល់ផ្លូវទឹកសាធារណៈឡើយ។
​២. ក្រសួងបរិស្ថាន៖ មានតួនាទីត្រួតពិនិត្យ និងតម្រូវឲ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដើម្បីធានាថាការសាងសង់ និងការបញ្ចេញកាកសំណល់ពីតំបន់រីសត មិនបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះតាមមាត់ព្រែក។
​៣. គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)៖ ក្នុងករណីទីតាំងនោះមានភូមិសាស្ត្រជាប់ទាក់ទងនឹងព្រៃសមុទ្រ ឬកោងកាង ការអភិវឌ្ឍត្រូវតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឬគណៈកម្មាធិការនេះ។
​៤. ក្រសួងទេសចរណ៍៖ សម្រាប់តម្រង់ទិស និងចេញអាជ្ញាប័ណ្ណអាជីវកម្មរមណីយដ្ឋានទេសចរណ៍ឲ្យបានត្រឹមត្រូវ។
​ងាកមកមើលការទទួលខុសត្រូវរបស់

រដ្ឋបាលឃុំកំពង់គ្រែង ឯណេះវិញ ក្រុមការងារព័ត៌មានយើងខ្ញុំបានព្យាយាមទាក់ទងទៅលោកមេឃុំ ដើម្បីសុំការបំភ្លឺជុំវិញការគ្រប់គ្រងដែនដីនៅក្នុងមូលដ្ឋានរបស់លោក។ ក្រុមការងារបានរង់ចាំការឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមរយៈពេលចន្លោះពី ៧ ទៅ ៨ម៉ោង និងបានខលទូរសព្ទចំនួន ២ដង បន្ថែមទៀត ប៉ុន្តែអាជ្ញាធរឃុំនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ មិនព្រមឆ្លើយតបតទៅសោះ។ ភាពស្ងៀមស្ងាត់នេះ កាន់តែធ្វើឲ្យមហាជនសង្ស័យថា អាជ្ញាធរមូលដ្ឋានហាក់កំពុងបិទភ្នែក បើកដៃឲ្យបទល្មើសសំណង់រំលោភចំណីព្រែកនេះ កើតឡើងដោយរលូន។
​តាមរយៈការចុះផ្សាយនេះ អង្គភាពសារព័ត៌មាន ASEAN DAILY និងប្រជាពលរដ្ឋ សូមសំណូមពរ និងអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និង លោកអភិបាលស្រុកទឹកឈូ មេត្តាចាត់វិធានការ និងបញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេតជាបន្ទាន់ ទៅលើទីតាំងសំណង់រីសតខាងលើ ព្រមទាំងពិនិត្យមើលភាពមិនប្រក្រតីនៃការបកស្រាយច្បាប់យ៉ាងគឃ្លើនរបស់មន្ត្រីថ្នាក់ស្រុក ដើម្បីធានាថាច្បាប់ត្រូវបានអនុវត្តដោយតម្លាភាព និងការពារឲ្យបាននូវដីចំណីព្រែកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
​សូមបញ្ជាក់បន្ថែមថា៖ ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន ASEAN DAILY គឺធ្វើឡើងដោយឈរលើមូលដ្ឋាន ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងន័យស្ថាបនា ចូលរួមការពារសម្បត្តិរដ្ឋ និងឆ្លុះបញ្ចាំងពីការពិតជូនសង្គមជាតិ ស្របតាមច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ អង្គភាពយើងខ្ញុំ រង់ចាំស្វាគមន៍ជានិច្ចចំពោះការបកស្រាយបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងព័ត៌មានគ្រប់ជ្រុងជ្រោយជូនមហាជន។
​ចេញផ្សាយថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦

ព័ត៌មានដែលជាប់ទាក់ទង