ទិដ្ឋភាពសណ្តាប់ធ្នាប់ជុំវិញផ្សារសាំហាន់ (ហៅផ្សារទួលសង្កែ) មានភាពល្អប្រសើរ ខណៈពលរដ្ឋសាទរ និងចោទសួរពីនិរន្តរភាពនៃការរៀបចំ

ភ្នំពេញ៖ ថ្មីៗនេះ ស្ថានភាពសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ជុំវិញផ្សារសាំហាន់ ហៅផ្សារទួលសង្កែ ស្ថិតនៅក្បែររោងចក្រអាវពេទ្យ និងផ្លូវអាទិត្យរោងចក្រខោខូវប៊យ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទទួលបានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចុះរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ និងមានសោភ័ណភាពគួរឲ្យកត់សម្គាល់។

​យោងតាមរូបភាពជាក់ស្តែងជាច្រើនសន្លឹក ដែល អង្គភាពព័ត៌មាន ASEAN DAILY យើងខ្ញុំទទួលបានប្រភពពីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះ បានបង្ហាញឲ្យឃើញពីទិដ្ឋភាពផ្លូវថ្នល់ដែលមានភាពស្រឡះល្អ ការធ្វើដំណើរមានភាពងាយស្រួល មិនមានការកកស្ទះ ឬការតាំងលក់រំលោភលើទ្រូងផ្លូវអាណាធិបតេយ្យដូចពេលមុនៗឡើយ។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្នុងការលើកកម្ពស់សោភ័ណភាពរាជធានី និងសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

​ទន្ទឹមនឹងការសាទរចំពោះចំណាត់ការដ៏ល្អនេះ ប្រជាពលរដ្ឋដែលជាប្រភពផ្តល់រូបភាព ក៏បានលើកជាសំណួរប្រកបដោយការស្ថាបនា និងក្នុងន័យចង់ឃើញភាពល្អប្រសើរនេះស្ថិតស្ថេរយូរអង្វែងថា៖ «តើការរៀបចំសណ្តាប់ធ្នាប់បានស្អាតល្អបែបនេះ នឹងមាននិរន្តរភាពរហូត ឬក៏រៀបចំបានតែមួយភ្លែតៗ?»

​សំណួរនេះ មិនមែនជាការរិះគន់ ឬជាការញុះញង់សោះសាញណាមួយឡើយ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីទឹកចិត្តពិត និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដែលចង់ឃើញអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តការយកចិត្តទុកដាក់ចុះត្រួតពិនិត្យ និងថែរក្សាសណ្តាប់ធ្នាប់នេះជាប្រចាំ ដើម្បីកុំឲ្យមានការលួចលាក់តាំងលក់ឡើងវិញ នៅពេលដែលកម្លាំងសមត្ថកិច្ចដកចេញ។

អង្គភាពព័ត៌មាន ASEAN DAILY យើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះឡើង ក្នុងគោលបំណងធ្វើជាស្ពានចម្លងនូវរាល់សំណូមពរពិតប្រាកដរបស់ប្រជាពលរដ្ឋ ជូនទៅដល់អាជ្ញាធរមានសមត្ថកិច្ច ដោយឈរលើគោលការណ៍វិជ្ជាជីវៈ និងសីលធម៌សារព័ត៌មានពិតប្រាកដ ភ្លឺថ្លា និងត្រឹមត្រូវ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរសង្កាត់ទួលសង្កែទី១ ក៏ដូចជារដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំរបស់ លោក ជិន ប៊ុនធឿន នឹងបន្តរក្សានូវស្នាដៃដ៏ល្អនេះ ព្រមទាំងមានវិធានការជាប្រចាំ ដើម្បីជាប្រយោជន៍ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។

​ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

ព័ត៌មានដែលជាប់ទាក់ទង