[UPDATE – ព័ត៌មានបន្ត] លោកយាយ តាំង ហៃថាំង សុំសិទ្ធិធ្វើការបំភ្លឺបន្ថែមជុំវិញសេចក្តីប្រកាសរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ដោយបង្ហាញឯកសារបញ្ជាក់ថា ដីរបស់គាត់ និងកូនប្រសារ គឺនៅទីតាំងផ្សេងគ្នា 

​រាជធានីភ្នំពេញ៖ ក្នុងស្មារតីរក្សាតុល្យភាពព័ត៌មាន អង្គភាពសារព័ត៌មាន ASD ASEAN DAILY យើងខ្ញុំ សូមបន្តចុះផ្សាយនូវការ Update ព័ត៌មានបន្ត ស្តីពីការធ្វើសេចក្តីបំភ្លឺបន្ថែមពីសំណាក់ប្រជាពលរដ្ឋឈ្មោះ លោកយាយ តាំង ហៃថាង ជុំវិញករណីវិវាទដីធ្លី បន្ទាប់ពីរដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃទី៣ ខែសីហា កន្លងទៅ។

​យោងតាមការបញ្ជាក់របស់រដ្ឋបាលខណ្ឌឫស្សីកែវ បានលើកឡើងថា ករណីនេះគឺជា “វិវាទនៃការបែងចែកដីក្នុងរង្វង់គ្រួសារ” ដោយអាជ្ញាធរបានដោះស្រាយប្រគល់ដី ៤ឡូតិ៍ ទៅឱ្យកូនប្រសារលោកយាយឈ្មោះ ព្រំ បូរ រួចហើយ តែឈ្មោះ ព្រំ បូរ មិនបានបែងចែកឱ្យលោកយាយ ទើបកើតជាការប្តឹងទប់ស្កាត់ការធ្វើប្លង់។

​ដើម្បីជាការឆ្លើយតប និងបញ្ជាក់ពីអង្គហេតុរបស់ខ្លួន លោកយាយ តាំង ហៃថាំង បានផ្តល់កិច្ចសម្ភាសន៍ជាវីដេអូមកកាន់អង្គភាពយើងខ្ញុំ ដោយលោកយាយបានបំភ្លឺថា ករណីដីរបស់គាត់ និងដីរបស់លោក ព្រំ បូរ គឺមិនមានការពាក់ព័ន្ធគ្នានោះទេ។ លោកយាយបានលើកឡើងយ៉ាងច្បាស់ៗថា៖ “ភូមិផ្សេង ទីតាំងផ្សេង… អត់មានពាក់ព័ន្ធទេ”។

​បន្ថែមពីលើការលើកឡើងនេះ លោកយាយបានភ្ជាប់មកនូវឯកសារចំនួន ៤សន្លឹក ជាអំណះអំណាងនៃការកាន់កាប់របស់ខ្លួនតាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ រួមមានបង្កាន់ដៃទទួលពាក្យ និងលិខិតផ្ទេរសិទ្ធិទិញលក់ត្រឹមត្រូវ ដោយលោកយាយអះអាងថា នេះជាដីដែលគាត់ទិញដោយខ្លួនឯង មិនមែនទាមទារចំណែកពីលោក ព្រំ បូរ នោះឡើយ។

​តាមរយៈការបំភ្លឺនេះ លោកយាយ តាំង ហៃថាំង នៅតែបន្តលើកដៃសំពះអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំកំពូល ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម កើត រិទ្ធ និង ឯកឧត្តម សាយ សំអាល់ សូមមេត្តាជួយពិនិត្យមើលឯកសារ និងជួយផ្តល់យុត្តិធម៌ជូនគាត់ ដែលជាស្ត្រីវ័យចំណាស់ផង។

​សេចក្តីបញ្ជាក់ជំហររបស់អង្គភាពសារព័ត៌មាន ASD ASEAN DAILY៖

អង្គភាពសារព័ត៌មានយើងខ្ញុំ សូមបញ្ជាក់ជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចមេត្តាជ្រាបថា ការចុះផ្សាយនេះ គឺអនុវត្តតាមគោលការណ៍ “ផ្តល់សិទ្ធិឆ្លើយតប” ដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ យើងខ្ញុំដើរតួនាទីជាស្ពានកណ្តាល ក្នុងការនាំយកសំឡេង និងឯកសាររបស់ប្រជាពលរដ្ឋ ជូនដល់ថ្នាក់ដឹកនាំ ដោយ ពុំមានចេតនាញុះញង់ ប្រឆាំង ចង់ចាញ់ចង់ឈ្នះ ឬវាយប្រហារទៅលើចំណាត់ការរបស់អាជ្ញាធរដែនដីឡើយ។ យើងខ្ញុំគាំទ្រជានិច្ចនូវការដឹកនាំរបស់រាជរដ្ឋាភិបាល និងទុកសិទ្ធិជូនអាជ្ញាធរមានសមត្ថកិច្ច ជាអ្នកពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃលើភាពត្រឹមត្រូវនៃឯកសាររបស់ភាគីសងខាង តាមផ្លូវច្បាប់។

​ ចុះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

ដោយ៖ អង្គភាពសារព័ត៌មាន ASD ASEAN DAILY

ព័ត៌មានដែលជាប់ទាក់ទង