​[ព័ត៌មានក្តៅគគុក] ទឹកភ្នែកអ្នកវិនិយោគ! ជនជាតិចិនចូលសញ្ជាតិខ្មែរ ស្រែករកយុត្តិធម៌ពីថ្នាក់ដឹកនាំកំពូល ក្រោយរងការឃុបឃិតរំលោភយកដីកម្មសិទ្ធិជាង ៣០ហិកតា ទាំងដែលខ្លួនកាន់ប្លង់រឹងស្របច្បាប់

ខេត្តកំពង់ស្ពឺ៖ នេះជារឿងរ៉ាវដ៏គួរឱ្យសង្វេគ និងអយុត្តិធម៌បំផុតមួយ ដែលកំពុងកើតឡើងទៅលើអ្នកវិនិយោគទុនបរទេសដែលបានប្តូរអាយុជីវិត លះបង់ទុនរាប់លានដុល្លារមករួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រហូតទទួលបានសញ្ជាតិខ្មែរ ប៉ុន្តែចុងក្រោយបែរជារងការឆបោក និងឃុបឃិតគ្នាលួចប្លន់យកដីធ្លីស្របច្បាប់របស់ខ្លួនទាំងស្រស់ៗកណ្តាលវាល។

​លោក ឆឹង សឺហ្វិង ជាវិនិយោគិនដែលមានសញ្ជាតិខ្មែរ បានស្រែករកយុត្តិធម៌យ៉ាងទទូច គោរពស្នើសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយសង្គ្រោះ និងផ្តល់ពន្លឺយុត្តិធម៌ជូនរូបលោក ក្រោយពីដីទំហំជាង ៣០ហិកតា របស់លោក ត្រូវបានគេរៀបចំជាប្រព័ន្ធ លុបប្លង់រឹងម្ចាស់ដើមចោល ហើយយកទៅផ្ទេរឱ្យម្ចាស់ថ្មីយ៉ាងរលូន។

ដំណើររឿងសង្ខេបដែលពោរពេញដោយភាពអយុត្តិធម៌៖

ដើមចមនៃរឿងរ៉ាវ គឺផ្តើមចេញពីការជឿទុកចិត្ត។ លោក ឆឹង សឺហ្វិង បានចូលមកវិនិយោគលើវិស័យកសិឧស្សាហកម្មតាំងពីឆ្នាំ២០១៤ ហើយបានពឹងពាក់បុគ្គលឈ្មោះ ទឹង ចាន់ណា (ដែលអះអាងខ្លួនជាមន្ត្រីជាន់ខ្ពស់នៅក្រសួងផែនការ) ឱ្យជួយរត់ការទិញដីចំនួន ៤ប្លង់ (ទំហំជាង ៣០ហិកតា) នៅភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ដោយកុហកថា ជនបរទេសមិនអាចកាន់កាប់ដីមានគម្របព្រៃឈើបាន ឈ្មោះ ទឹង ចាន់ណា បានលួចចុះបញ្ជីដីនោះជាឈ្មោះខ្លួនឯងទាំងអស់ និងមិនបានយកប្រាក់ទៅបង្កើតក្រុមហ៊ុនតាមការសន្យានោះទេ។

​ក្រោយមក ពេលលោក ឆឹង សឺហ្វិង ទទួលបានសញ្ជាតិខ្មែរពេញលេញ និងដឹងពីល្បិចកលនេះ ឈ្មោះ ទឹង ចាន់ណា ដោយភ័យខ្លាចបែករឿង ក៏បានផ្តិតមេដៃប្រគល់ដីទាំង ៤ក្បាលដីនេះ ត្រឡប់មកឱ្យលោក ឆឹង សឺហ្វិង វិញដោយស្ម័គ្រចិត្ត និងគ្មានលក្ខខណ្ឌ រហូតម្ចាស់ដើមរូបនេះ បានបំពេញនីតិវិធីស្របច្បាប់ ទទួលបាន «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)» ចំនួន ៤សន្លឹក ពីរដ្ឋកាលពីខែកុម្ភៈ ឆ្នាំ២០២៤។

ចំណុចគួរឱ្យសង្ស័យ និងជាការកៀបសង្កត់ផ្នែកច្បាប់៖

រឿងរ៉ាវដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះ គឺស្រាប់តែលេចមុខបុគ្គលទី៣ ឈ្មោះ លឹម សូរីតា បានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីរឹបអូសដីរបស់លោក ឆឹង សឺហ្វិង ដោយសំអាងលើ «បំណុលផ្ទាល់ខ្លួនជាង ៨០ម៉ឺនដុល្លារ» ដែលឈ្មោះ ទឹង ចាន់ណា បានជំពាក់ខ្លួន។ អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺស្ថាប័នមានសមត្ថកិច្ច និងមន្ទីរជំនាញ បែរជាចេញលិខិតលុបចោលប្លង់រឹងទាំង ៤សន្លឹករបស់លោក ឆឹង សឺហ្វិង ដែលជាម្ចាស់ពិតប្រាកដ និងមិនដែលជំពាក់ប្រាក់អ្នកណា១រៀលសោះនោះ ដើម្បីយកទៅផ្ទេរកម្មសិទ្ធិប្រគល់ឱ្យលោកស្រី លឹម សូរីតា ទៅវិញ។ តើនេះជារឿងត្រឹមត្រូវដែរឬទេ ដែលបំណុលរវាងបុគ្គល «ក» និង «ខ» បែរជាមកបង្ខំរឹបអូសទ្រព្យសម្បត្តិស្របច្បាប់របស់បុគ្គល «គ» បែបនេះ?

ដើម្បីជាភស្តុតាងប្រវត្តិសាច់រឿង សូមពិនិត្យមើលកាលបរិច្ឆេទសំខាន់ៗខាងក្រោម៖

  • ឆ្នាំ២០១៤-២០១៥៖ លោក ឆឹង សឺហ្វិង ចូលមកវិនិយោគ និងបានបញ្ចេញទុនទិញដី ៤ប្លង់ តែត្រូវឈ្មោះ ទឹង ចាន់ណា ប្រើល្បិចដាក់ឈ្មោះខ្លួនឯង។
  • ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩៖ លោក ឆឹង សឺហ្វិង ទទួលបានព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរ។
  • ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០៖ ឈ្មោះ ទឹង ចាន់ណា សន្យាទិញដីនេះត្រឡប់វិញក្នុងតម្លៃជាង ១,៧លានដុល្លារ តែមិនព្រមសងប្រាក់។
  • ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣៖ ឈ្មោះ ទឹង ចាន់ណា ព្រមផ្តិតមេដៃប្រគល់ដី និងសិទ្ធិចុះបញ្ជី មកឱ្យលោក ឆឹង សឺហ្វិង កាន់កាប់ជាថ្មីវិញទាំងស្រុង។
  • ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣៖ លេចចេញនូវលិខិតកិច្ចសន្យាទិញ-លក់អចលនវត្ថុ (ដែលជាប់បំណុល) រវាង លឹម សូរីតា និង ទឹង ចាន់ណា (ក្រោយពេលដីត្រូវបានប្រគល់ឱ្យម្ចាស់ដើមរួចហើយ)។
  • ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤៖ លោក ឆឹង សឺហ្វិង ទទួលបានប្លង់រឹងស្របច្បាប់ទាំង ៤ក្បាលដី ពីក្រសួងរៀបចំដែនដី។
  • ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤៖ សាលាដំបូងខេត្តកំពង់ស្ពឺ ចាប់ផ្តើមចំណាត់ការរឿងក្តីទាមទារបំណុលរបស់ លឹម សូរីតា ទៅលើកូនបំណុល ទឹង ចាន់ណា រហូតឈានដល់ការរឹបអូសដី។
  • ថ្ងៃទី០៣ ខែកុម្ភៈ និងមិថុនា ឆ្នាំ២០២៦៖ មានការចេញលិខិតសម្រេចចាត់ទុកប្លង់រឹងរបស់លោក ឆឹង សឺហ្វិង ជាមោឃៈ និងអនុញ្ញាតឱ្យមន្ទីរដែនដីបន្តនីតិវិធីចុះបញ្ជីផ្ទេរដីនេះទៅឱ្យឈ្មោះ លឹម សូរីតា យ៉ាងអយុត្តិធម៌បំផុត។

​តាមរយៈអង្គភាពសារព័ត៌មាន លោក ឆឹង សឺហ្វិង សូមលើកម្រាមដៃដប់ អំពាវនាវយ៉ាងទទូចដល់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ការផ្ទេរសិទ្ធិដ៏អយុត្តិធម៌នេះ ដើម្បីការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគ និងផ្តល់ឱកាសឱ្យរូបលោកអាចបន្តរស់នៅ និងរកស៊ីនៅក្នុងប្រទេសកម្ពុជាដោយភាពកក់ក្តៅតទៅមុខទៀត។

(បញ្ជាក់៖ អង្គភាពសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាស្ពានចម្លងព័ត៌មានពីបងប្អូនប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរដ្ឋាភិបាលមកកាន់បងប្អូនប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំ មិនមែនជាតុលាការ ស្ថាប័នអយ្យការ ឬជាអ្នកកាត់ក្តីឡើយ ពោលគឺយើងខ្ញុំបានត្រឹមតែជាអ្នកនាំសារប៉ុណ្ណោះ។ អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំជានិច្ចនូវការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងសងខាង រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។)

ថ្ងៃខែចុះផ្សាយ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

ព័ត៌មានដែលជាប់ទាក់ទង