
យោងសាលក្រមលេខ ៣៥៣៥ «ង» ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣
សំណុំរឿងស៊ើបសួរលេខ ១១៨២ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
សំណុំរឿងជំនុំជម្រះលេខ ៣១៥០ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤
សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង០០នាទីរសៀល នៅសាលសវនាការទី៣ ដោយមានសមាសភាពដូចខាងក្រោម៖
- ចៅក្រមជំនុំជម្រះ៖ លោក ស សំណាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
- តំណាងអយ្យការ៖ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
- ក្រឡាបញ្ជីសវនាការ៖ លោក ស៊ូ សុទ្ធី ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ។
ករណីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ មុខរបររកស៊ីលក់គ្រឿងសម្អាង ទីកន្លែងកំណើតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៣៥ ផ្លូវលេខ១៩៣២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្តីឈ្មោះ ឃឹម សុភាព (រស់) មានកូន០៣នាក់ ឪពុកឈ្មោះ សោម សូរីដា (រស់) ម្តាយឈ្មោះ ប្រាក់ សុម៉ាលី (រស់) ជានីតិជន ទោសពីមុនគ្មាន។
(ក្រៅឃុំ) ជាប់ចោទពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និងទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
លោកមេធាវី មុត ពិសិដ្ឋ និងលោកមេធាវី ស៊ឹង ហនិកា ជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា។
ចំណែកដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៦២ ផ្លូវលំ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានលោកមេធាវី សេង ផល្លា ជាមេធាវីការពារសិទ្ធិ។
អង្គហេតុនៃរឿងមានដូចតទៅ៖
កាលពីថ្ងៃទី២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និងទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន កើតឡើងប្រព្រឹត្តដោយជនត្រូវចោទឈ្មោះ សោម សុធាមល្លិកា ដែលបានចេញមូលប្បទានបត្រលេខ ៦១៧០៧២ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ៥.០០០ (ប្រាំពាន់) ដុល្លារអាមេរិក របស់ធនាគារវឌ្ឍនៈ។
ដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត បានប្តឹងសុំទាមទារប្រាក់ដើមចំនួន ៤២.៥០០ (បួនម៉ឺនពីរពាន់ប្រាំរយ) ដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន ២០.០០០ (ពីរម៉ឺន) ដុល្លារអាមេរិក ពីជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា។ ហេតុនេះ គប្បីតុលាការលើកយកចំណុចនេះមកធ្វើការពិចារណា និងសម្រេចតាមច្បាប់។
ហេតុដូច្នេះសម្រេច៖
១- ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ) ដាក់ពន្ធនាគារកំណត់ ០១ (មួយ) ឆ្នាំ ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
២- បង្គាប់ឱ្យជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា សងប្រាក់ដើមចំនួន ៤២.៥០០ (បួនម៉ឺនពីរពាន់ប្រាំរយ) ដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន ១០.០០០.០០០ (ដប់លាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត។ ការទាមទារលើសពីនេះច្រានចោល។
សាលក្រមនេះ ជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កំបាំងមុខជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា, ចំពោះមុខលោកមេធាវី សេង ផល្លា ជាមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត និងប្រកាសជាសាធារណៈនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ (ទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់)។
ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤
ចៅក្រមជំនុំជម្រះ ហត្ថលេខា និងត្រា (ស សំណាង)
ការកត់សម្គាល់របស់អង្គភាពសារព័ត៌មាន៖
យើងតាមឯកសារបញ្ជាក់ខាងលើ ជនត្រូវចោទមិនទាន់ជាប់ពន្ធនាគារនៅឡើយទេ។ សូមបញ្ជាក់ផងដែរថា ដើមបណ្តឹង នៅមិនទាន់ទទួលបានសំណងនៅឡើយទេ មកដល់ពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ យោងតាមឯកសារ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៨០៩ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ដីកាកោះជាលើកទី២ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
យើង ស៊ន មុនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ សំ វីដែត ភេទស្រី កើតឆ្នាំ១៩៨៣ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៦អឺ០អឺ១ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ឱ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៩និង០០នាទីព្រឹក (ជាន់ទី២ បន្ទប់ ប) ដើម្បីចូលមកបំភ្លឺពីដំណើររឿងដែលឈ្មោះ សោម សុធាមល្លិកា ប្តឹងខ្លួនពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថ។
សាមីខ្លួនត្រូវអញ្ជើញតាមកាលបរិច្ឆេទដែលបានកំណត់ និងយកលិខិតផ្សេងៗដែលទាក់ទងនឹងសំណុំរឿងខាងលើមកជាមួយផង ប្រសិនបើមាន។
(ធ្វើនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ តំណាងអយ្យការ ព្រះរាជអាជ្ញារង ស៊ន មុនី)
បើយោងតាមឯកសារសំណុំរឿងទាំងពីរនេះ ជនត្រូវចោទដែលត្រូវជាប់ពន្ធនាគារមួយឆ្នាំ និងសងសំណងមកជនរងគ្រោះ នៅមិនទាន់ដំណើរការតាមនីតិវិធីឡើយ។ ផ្ទុយទៅវិញ ដើមបណ្តឹងក្លាយជាចុងចោទ ចំណែកបុគ្គលដែលចេញសែកស្អុយ មានសិទ្ធិប្តឹងជនរងគ្រោះទៅវិញ។
តើវាំងននខ្មៅនៃសំណុំរឿងព្រហ្មទណ្ឌមួយនេះ អ្នកណាជាអ្នកទទួលខុសត្រូវ? បើយោងតាមខ្លឹមសាររៀបរាប់របស់ លោកស្រី សំ វីដែត (ជនរងគ្រោះ) បានបញ្ជាក់យ៉ាងច្បាស់ថា ….(សូមទស្សនាវីដេអូ)….
(បញ្ជាក់៖ អង្គភាពសារព័ត៌មានយើងខ្ញុំ សូមគោរពជម្រាបជូនដល់សាធារណជនថា យោងតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាស្ពាននាំសាររវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋប៉ុណ្ណោះ។ យើងខ្ញុំពុំមែនជាតុលាការ ចៅក្រម ឬព្រះរាជអាជ្ញា ដែលមានសិទ្ធិកាត់ក្តីភាគីណាមួយឡើយ។ រាល់ការផ្សព្វផ្សាយ គឺផ្អែកលើឯកសារជាក់ស្តែង ហើយយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័ន ឬភាគីពាក់ព័ន្ធគ្រប់ពេលវេលា ទៅតាមរបបអ្នកសារព័ត៌មានប្រកបដោយតម្លាភាព។ សូមអរគុណ!)
ផ្សាយចេញ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
