Update វគ្គទី៧៖ អាជ្ញាធរស្រុកស្រែអំបិលបំភ្លឺរឿងសំណង់លើចង្កេះភ្នំតែគ្មានឯកសារ ពលរដ្ឋទទូចដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងដែនដី ចុះស៊ើបអង្កេតបន្ទាន់


​ខេត្តកោះកុង៖ យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងការចុះស្រាវជ្រាវផ្ទាល់របស់អង្គភាពសារព័ត៌មាន អាស៊ាន ដេលី បានទម្លាយឱ្យដឹងយ៉ាងច្បាស់ថា មានករណីសាងសង់សំណង់អគារ និងរៀបចំធ្វើជារីសតយ៉ាងស្កឹមស្កៃនៅលើដីចង្កេះភ្នំ ស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ទីតាំងឈូសឆាយភ្នំនេះ គឺចូលតាមច្រកឋានសួគ៌កោះកុង ហើយត្រូវបានគេសង្ស័យថាមានបុគ្គលមានលុយមានអំណាចម្នាក់ កំពុងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយ។ ក្រោយពីអង្គភាពយើងខ្ញុំបានផ្សព្វផ្សាយចំនួន ៦ វគ្គរួចមក ទើបអាជ្ញាធរស្រុកស្រែអំបិលចេញមុខមកបំភ្លឺ ប៉ុន្តែការបំភ្លឺនេះបែរជាគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ដែលធ្វើឱ្យមហាជនកាន់តែមានមន្ទិលសង្ស័យ។
​ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនេះ ការបំភ្លឺរបស់អាជ្ញាធរស្រុកស្រែអំបិលបានលើកឡើងតែចំណុចសំណង់ផ្ទះដែលកំពុងសាងសង់ជាប់នឹងចង្កេះភ្នំប៉ុណ្ណោះ ដោយអះអាងយ៉ាងខ្លីថាម្ចាស់ទីតាំងមានឯកសារស្របច្បាប់។ ភ្លាមៗនោះ អង្គភាពព័ត៌មានយើងខ្ញុំបានស្នើសុំឱ្យអាជ្ញាធរស្រុកស្រែអំបិលបញ្ចេញឯកសារនោះជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព ប៉ុន្តែអាជ្ញាធរបានត្រឹមស្ងាត់ឈឹង ពោលគឺបង្ហោះតែសេចក្តីបំភ្លឺមួយសន្លឹកឲ្យតែរួចខ្លួន។ ទង្វើនេះសបញ្ជាក់ឱ្យឃើញថា អាជ្ញាធរមូលដ្ឋានហាក់កំពុងចេញមុខការពារឈ្មួញ បិទបាំងកំហុស និងបណ្តែតបណ្តោយឱ្យមានការរំលោភបំពានសម្បត្តិរដ្ឋយ៉ាងគឃ្លើន ដោយមិនខ្មាសអៀននឹងច្បាប់។
​ដោយមើលឃើញពីភាពទន់ខ្សោយ និងភាពមិនប្រក្រតីរបស់អាជ្ញាធរមូលដ្ឋាន មហាជន និងប្រជាពលរដ្ឋសូមធ្វើការអំពាវនាវយ៉ាងទទូច និងក្តៅគគុកបំផុត ដល់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ជាពិសេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញថ្នាក់ជាតិចុះមកអន្តរាគមន៍ ស៊ើបអង្កេត និងត្រួតពិនិត្យទីតាំងនេះដោយផ្ទាល់និងបន្ទាន់។ ដីភ្នំ គម្របព្រៃឈើ និងធនធានធម្មជាតិ គឺជាសម្បត្តិរដ្ឋនិងជាអាយុជីវិតរបស់ជាតិ ស្ថាប័នថ្នាក់ជាតិមិនត្រូវបណ្តោយឱ្យបុគ្គលណាម្នាក់ទោះមានលុយ មានអំណាច ឬមានខ្នងបង្អែកធំប៉ុណ្ណា មកកាប់ឆ្ការ ឈូសឆាយ ឬសាងសង់រំលោភយកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់បានឡើយ។
​ទន្ទឹមនឹងនេះ សាធារណជននៅតែរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរដែនដីថ្នាក់ខេត្ត ថាតើមានវិធានការផ្លូវច្បាប់កម្រិតណាចំពោះករណីទន្ទ្រានដីភ្នំ និងភាពអសកម្មរបស់អាជ្ញាធរស្រុកស្រែអំបិលដែលចេញលិខិតបំភ្លឺលាក់លៀមបែបនេះ។ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ពិតជាមិនទុកបណ្តោយឱ្យសំណុំរឿងបំផ្លាញធនធានធម្មជាតិមួយនេះ លិចបាត់កប់ក្នុងភាពស្ងាត់ស្ងៀម ឬរលាយបាត់ដោយសារតែអំណាចទឹកប្រាក់នោះទេ។
​ជាចុងក្រោយ អង្គភាពសារព័ត៌មាន អាស៊ាន ដេលី យើងខ្ញុំ សូមបញ្ជាក់ថាការចេញផ្សាយនេះ គឺធ្វើឡើងក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម យ៉ាងត្រឹមត្រូវស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន ដោយគ្មានចេតនាញុះញង់ បំផុសបំផុល ឬប៉ះពាល់ដល់កិត្តិយសបុគ្គលណាមួយឡើយ គឺគ្រាន់តែចូលរួមចំណែកការពារសម្បត្តិរដ្ឋតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺ ឬយកឯកសារពិតប្រាកដមកបង្ហាញផ្ទាល់ពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា តាមរបបសារព័ត៌មាន។ សូមអរគុណ!

ព័ត៌មានដែលជាប់ទាក់ទង