យុត្តិធម៌មានពិត! ពលរដ្ឋថ្លែងអំណរគុណតុលាការដែលបានផ្តល់យុត្តិធម៌ក្នុងសំណុំរឿងឆបោក តែខកចិត្តដោយសារជនជាប់ចោទមិនព្រមសងសំណង និងគេចវេសពីច្បាប់ ​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦

​(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលជាជនរងគ្រោះក្នុងសំណុំរឿងឆបោកមួយ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះចំណាត់ការដ៏យុត្តិធម៌របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណាក្តី ជនរងគ្រោះកំពុងជួបប្រទះការលំបាក ដោយសារតែជនជាប់ចោទមិនព្រមគោរព និងអនុវត្តតាមសាលក្រមរបស់តុលាការឡើយ ពោលគឺរហូតមកដល់ពេលនេះ ជនរងគ្រោះមិនទាន់ទទួលបានសំណងសូម្បីមួយកាក់មួយសេន។

​យោងតាមដីកាឱ្យដំណឹងពីសេចក្តីសម្រេចរបស់តុលាការ ចេញដោយតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញថា តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សុខ សុផល ភេទប្រុស កើតឆ្នាំ១៩៨៣ ដាក់ពន្ធនាគារកំណត់រយៈពេល ០១ ឆ្នាំ ពីបទ «ឆបោក» ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ តុលាការក៏បានបង្គាប់ឱ្យជនជាប់ចោទរូបនេះ សងសំណងទូទាត់ និងជំងឺចិត្តចំនួន ៨.០០០ (ប្រាំបីពាន់) ដុល្លារអាមេរិក ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៉ូក គង់។

​តាមរយៈការផ្តល់កិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយអង្គភាពព័ត៌មានយើងខ្ញុំ ជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា លោកពិតជាមានការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រព័ន្ធយុត្តិធម៌ ពិសេសសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានវែកមុខរកយុត្តិធម៌ជូនលោក។ លោកមិនមានការថ្នាំងថ្នាក់ ឬដាក់បន្ទុកណាមួយទៅលើស្ថាប័នតុលាការ ឬអាជ្ញាធរឡើយ។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺភាគីជនជាប់ចោទផ្ទាល់តែម្តង ដែលមិនព្រមគោរពកាតព្វកិច្ចសងប្រាក់សំណង និងមិនអនុវត្តតាមសេចក្តីសម្រេចរបស់ច្បាប់។

​ជុំវិញការលើកឡើងនេះ អង្គភាពព័ត៌មានយើងខ្ញុំមិនទាន់អាចស្វែងរកការទំនាក់ទំនងពីភាគីជនជាប់ចោទ ដើម្បីបកស្រាយបំភ្លឺបានឡើយ ដោយសារមិនមានប្រភពទំនាក់ទំនង។

​តាមរយៈការចុះផ្សាយនេះ ជនរងគ្រោះគ្រាន់តែចង់អំពាវនាវ និងសុំការអន្តរាគមន៍ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ មេត្តាជួយចាត់វិធានការបន្តទៅលើជនជាប់ចោទ ដើម្បីធានាថាសាលក្រមត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានសំណងពិតប្រាកដមកវិញ៕

ព័ត៌មានដែលជាប់ទាក់ទង