ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើកាំបិតបុ័ងតោកាប់) នៅស្រុកអង្គរជ័យ ខេត្តកំពត

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៨៖៤០នាទី​ ត្រង់ចំណុចទីតាំងលក់ដូររបស់ឈ្មោះ ភា ស្ថិតនៅក្នុងភូមិរបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត មានជនសង្ស័យចំនួន០១ក្រុម មានគ្នាចំនួន០៣នាក់​ ជនជាតិខ្មែរ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ​ បណ្ដាលឱ្យរងរបួសធ្ងន់ចំនួន៣កន្លែង,​ ដើមដៃស្ដាំដេរ២ថ្នេរ,​ ស្មាស្ដាំ២ឆូត,​ ឆ្អឹងខ្នង៣ឆូត។

ក្រោយពីទទួលបានព័ត៌មានខាងលេីដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលីអនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តបាត់ដំបង ធ្វេីការស្រាវជ្រាវតាមនីតិវិធី និងជំនាញ យ៉ាងយកចិត្តទុកដាក់​ រហូតកំណត់បាន​ អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ​ខាងលើ។

នៅថ្ងៃទី០៤ ខែកញ្ញា​ ឆ្នាំ២០២៦​ វេលាម៉ោង១៦:៣០នាទី ត្រង់ចំណុចឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​ កម្លាំងជំនាញបា​នធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​​ ឆោម​ សុវណ្ណរាជ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​។

នៅថ្ងទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យដែលជាបក្ខពួកម្នាក់ទៀតឈ្មោះ មុល សុវណ្ណា ហៅ អាម៉យ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បានចូលសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពត។
​
បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដេីម្បីចាត់ការបន្ដតាមនីតិវិធី៕

ព័ត៌មានដែលជាប់ទាក់ទង