update (វគ្គទី៦)៖ ភាពស្ងៀមស្ងាត់នៅតែបន្ត ខណៈបទល្មើសទន្ទ្រានដីភ្នំមិនទាន់មានចំណាត់ការ មហាជនអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍

​ខេត្តកោះកុង៖ នេះគឺជាការចុះផ្សាយព័ត៌មានបន្ត (វគ្គទី៦) របស់អង្គភាពសារព័ត៌មាន អាស៊ាន ដេលី ជុំវិញករណីបុគ្គលមានលុយមានអំណាច លួចឈូសឆាយសាងសង់សំណង់អាគារ និងរមណីយដ្ឋានយ៉ាងស្កឹមស្កៃ រំលោភយកដីចង្កេះភ្នំជាសម្បត្តិរដ្ឋ ដែលមានទីតាំងស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង (ចូលតាមច្រកឋានសួគ៌កោះកុង)។

​ទោះបីជាកន្លងមក អង្គភាពយើងខ្ញុំបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់យ៉ាងណាក្តី ក៏មកទល់នឹងពេលនេះ ស្ថានភាពទូទៅនៅតែបន្តមានភាពស្ងៀមស្ងាត់គួរឱ្យកត់សម្គាល់។ ជាក់ស្តែង យោងតាមការតាមដាននៅទីតាំងដែលកំពុងរងការរំលោភបំពានខាងលើ គឺនៅតែរក្សាស្ថានភាពដដែល ពុំមានការបញ្ឈប់សកម្មភាពឡើយ។ អ្វីដែលជាការសោកស្តាយ និងធ្វើឱ្យមហាជនមានការខកចិត្តនោះគឺ គេនៅមិនទាន់ឃើញមានវត្តមានអាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីជំនាញពាក់ព័ន្ធណាមួយ ចុះមកត្រួតពិនិត្យ ហាមឃាត់ ឬចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលដែលកំពុងទន្ទ្រានយកដីព្រៃភ្នំធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយនោះនៅឡើយទេ។

​ភាពស្ងៀមស្ងាត់ក្នុងពេលដែលបទល្មើសកំពុងកើតមានយ៉ាងច្បាស់ក្រឡែតបែបនេះ បានធ្វើឱ្យសាធារណជន និងប្រជាពលរដ្ឋដាក់ការសង្ស័យយ៉ាងខ្លាំង។ អាស្រ័យហេតុនេះ មហាជន សូមធ្វើការសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំកំពូលៗ រួមមាន៖

​ទី១. ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទី២. ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន

ទី៣. លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង

ទី៤. លោក អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល

​សូមថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរំលោភបំពានយកសម្បត្តិធម្មជាតិ និងដីព្រៃភ្នំរបស់រដ្ឋ មកធ្វើជាប្រយោជន៍បុគ្គលឯកជនដោយខុសច្បាប់បែបនេះបន្តទៀត។

​មហាជនទូទៅកំពុងរង់ចាំមើលចំណាត់ការជាក់ស្តែង តើអាជ្ញាធរពិតជាអាចអនុវត្តច្បាប់លើបុគ្គលមានលុយមានអំណាចរូបនេះបានដែរឬទេ? អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីរាយការណ៍ជូនសាធារណជនជាបន្តបន្ទាប់។

​(អង្គភាពព័ត៌មានយើងខ្ញុំ រង់ចាំជានិច្ចនូវការបកស្រាយបំភ្លឺពីអាជ្ញាធរ និងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ)

ព័ត៌មានដែលជាប់ទាក់ទង